(ស្វាយរៀង)៖ កងរាជអាវុធហត្ថខេត្តស្វាយរៀង នៅរសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៦នេះ បានរៀបចំពិធីប្រកាសតែងតាំង ផ្លាស់ប្តូរមុខងារ នាយទាហានចំនួន២០នាក់ ក្រោមអធិបតីភាព ឧត្តមសេនីយ៍ឯក ភួង ស៊ីភិន មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។
នៅក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមផងដែរពីលោក សំ ប៊ុណ្ណារិន អភិបាលរងខេត្តស្វាយរៀង លោកឧត្តមសេនីយ៍មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកឧត្តមសេនីយ៍ស្នងការនគបាលខេត្ត ឧត្តមសេនីយ៍មេបញ្ជាការតំបន់ប្រតិបត្តការសឹករងខេត្ត ប្រធានតុលាការខេត្ត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថខេត្ត១០១នាក់ផងដែរ។
នៅក្នុងកិច្ចប្រជុំខាងលើនេះលោកឧត្តមសេនីយ៍ សាន វុទ្ធី បានលើកឡើងនូវលទ្ធផលប្រតិបត្តិការ នៃការបំពេញភារកិច្ចរបស់កងកម្លាំងរបស់ខ្លួន នាពេលកន្លងទៅ ព្រមទាំងបាន និងកំពុងបន្តបំពេញការងារកាន់តែខ្លាំងឡើង ដើម្បីពង្រឹងបញ្ហាសន្តិសុខ និងសណ្នាប់ធ្នាប់ជូន ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។
លោកមេបញ្ជាការបានបញ្ជាក់ថា សម្រាប់ការងារសន្តិសុខនេះ លោកបានដាក់ផែនការឲ្យកម្លាំងចុះល្បាត ទាំងថ្ងៃទាំងយប់ គ្រប់គោលដៅទាំងអស់ ដែលអាចចេញជួយអន្តរាគមន៍ភ្លាមៗ នៅពេលមានហេតុការណ៍ និងបទល្មើសអ្វីមួយកើតឡើង។
លោកឧត្តមសេនីយ៍ ភួង ស៊ីភិន បានថ្លែងកោតសរសើរដល់កម្លាំងអាវុធហត្ថខេត្តកណ្តាល ដែលកន្លងមក បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងលើកិច្ចការពារសន្តិសុខ ដូច្នេះដើម្បីជាការលើកទឹកចិត្តជូននោះ នាយឧត្តមសេនីយ៍ សៅ សុខា បានសម្រេចយល់ព្រមតាមសំណើ របស់មេអង្គភាពចំពោះការសុំផ្ទេរភារកិច្ច និងដំឡើងឋានន្តរស័ក្តិ ជូនដល់មន្រ្តីអាវុធហត្ថទាំង២០នាក់នេះ។ យ៉ាងណាក៏ដោយ លោកឧត្តមសេនីយ៍បានជំរុញឲ្យ កម្លាំងអាវុធហត្ថខេត្តទាំងអស់ ត្រូវខិតខំបន្តទៀតលើការពង្រឹងបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ និងការរស់នៅប្រចាំរបស់ប្រជាពលរដ្ឋ កាន់តែល្អប្រសើរឡើង ជាពិសេសលើការទប់ស្កាត់បទល្មើស ដែលអាចកើតមានឡើង៕