(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ បានប្រកាសលើកទឹកចិត្តដល់ម្ចាស់មូលដ្ឋានអាជីវកម្មទេសចរណ៍ទូទាំងប្រទេស គប្បីត្រៀមឧបករណ៍ធ្វើតេស្តរហ័សរកមេរោគជំងឺកូវីដ១៩ សម្រាប់ធ្វើតេស្តអ្នកបម្រើការងារនៅតាមមូលដ្ឋានអាជីវកម្មទេសចរណ៍របស់ខ្លួន ក្រោយពេលឈប់សម្រាកពីបុណ្យភ្ជុំបិណ្ឌ ពិសេសក៏ត្រូវតាមដានសុខភាពរបស់បុគ្គលិកឲ្យបានជាប្រចាំផងដែរ។

ការលើកទឹកយ៉ាងដូច្នេះត្រូវបានធ្វើឡើងក្នុងណែនាំស្ដីពី ការពង្រឹងការអនុវត្តវិធានការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងការធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ នៅតាមមូលដ្ឋានអាជីវកម្មទេសចរណ៍ ក្រោយពេលឈប់សម្រាកក្នុងពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២១។

ក្នុងសេចក្ដីណែនាំនោះ ក្រសួងទេសចរណ៍បានចេញដាក់ចេញនូវការណែនាំ ៥ ចំណុច ដល់ម្ចាស់មូលដ្ឋានអាជីវកម្មទេសចរណ៍ និងអ្នកបម្រើការងារនៅតាមមូលដ្ឋានអាជីវកម្មទេសចរណ៍ រួមមាន៖

១៖ ម្ចាស់មូលដ្ឋានអាជីវកម្មទេសចរណ៍ និងអ្នកបម្រើការងារនៅតាមមូលដ្ឋានអាជីវកម្មទេសចរណ៍ទាំងអស់ ត្រូវយកចិត្តទុកដាក់ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការចូលរួមពង្រឹងការអនុវត្តវិធានការសុខាភិបាល ព្រមទាំងវិធានការរដ្ឋបាល និងវិធានការច្បាប់ដែលចាំបាច់នានា ជាពិសេសវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដារអប្បបរមា (SOP) សម្រាប់អាជីវកម្មសេវាកម្មទេសចរណ៍ ដែលត្រូវបានដាក់ចេញដោយក្រសួងទេសចរណ៍ នៅតាមមូលដ្ឋានអាជីវកម្មទេសចរណ៍របស់ខ្លួន។

២៖ ត្រូវបានលើកទឹកចិត្តឲ្យម្ចាស់មូលដ្ឋានអាជីវកម្មទេសចរណ៍ ត្រៀមឧបករណ៍ធ្វើតេស្តរហ័សរកមេរោគជំងឺកូវីដ១៩ សម្រាប់ធ្វើតេស្តរកមេរោគកូវីដ១៩ ដល់អ្នកបម្រើការងារនៅតាមមូលដ្ឋានអាជីវកម្មទេសចរណ៍របស់ខ្លួន ក្រោយពេលឈប់សម្រាកក្នុងពិធីបុណ្យភ្ជុំបិណ្ឌ និងតាមដានសុខភាពរបស់បុគ្គលិករបស់ខ្លួនឲ្យបានជាប្រចាំ។

៣៖ តេស្ករហ័សរកមេរោគកូវីដ-១៩នេះ ត្រូវបានធ្វើឡើងដោយផ្អែកលើគោលការណ៍ស្ម័គ្រចិត្ត និងមិនមានការផាកពិន័យទៅលើម្ចាស់មូលដ្ឋានអាជីវកម្មទេសចរណ៍ និងអ្នកបម្រើការងារនៅតាមមូលដ្ឋានអាជីវកម្មទេសចរណ៍ឡើយ។

៤៖ អ្នកបម្រើការងារនៅតាមមូលដ្ឋានអាជីវកម្មទេសចរណ៍ដែលបានឈប់សម្រាកក្នុងពិធីបុណ្យភ្ជុំបិណ្ឌនេះ ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ «៣ការពារ និង ៣កុំ» ជាពិសេសត្រូវពាក់ម៉ាស់លាងដៃញឹកញាប់នឹងសាប៊ូ រក្សាគម្លាតសុវត្ថិភាពបុគ្គលក្នុងអំឡុងពេលធ្វើដំណើរ ដោយប្រើប្រាស់មធ្យោបាយធ្វើដំណើររួម និងក្នុងអំឡុងពេលនៃការជួបជុំ ឬការប្រមូលផ្តុំមនុស្សដែលអាចបង្កហានិភ័យខ្ពស់នៃការចម្លងមេរោគកូវីដ-១៩ និងត្រូវតាមដានសុខភាពរបស់ខ្លួនឲ្យបានជាប្រចាំ៕

ខាងក្រោមនេះជាសេចក្ដីណែនាំរបស់ក្រសួងទេសចរណ៍៖