(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃចន្ទ ទី៤ ខែតុលា ឆ្នាំ២០២១នេះ បានចាត់ឱ្យលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ នាំយកគ្រឿងបរិភោគ បរិភោគ និងថវិកាមួយចំនួនសម្រាប់ចូលរួមធ្វើបុណ្យ ៧ថ្ងៃ ព្រមទាំងបានឧបត្ថម្ភថវិកាមួយចំនួនទៀត ដើម្បីជួយសម្រាលការលំបាកផ្នែកជីវភាពដល់យុវជនកំព្រា ៣នាក់បងប្អូន ដែលបានបាត់បង់ឪពុកជាទីស្រឡាញ់ តារាចម្រៀង លោក សែម សង្វាត ដែលទទួលមរណភាពក្នុងអាយុ ៤៨ឆ្នាំ ដោយរោគាពាធ កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២១កន្លងទៅ។
ក្នុងឱកាសដ៏ក្រៀមក្រំនេះ លោកស្រីអគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា សូមឧទ្ទិសបួងសួងដល់វិញ្ញាណក្ខន្ធសព លោក សែម សង្វាត បានទៅកាន់សុគតិភព និងសូមផ្តាំផ្ញើដល់យុវជនកំព្រាទាំង ៣នាក់បងប្អូន ត្រូវមានស្មារតីរឹងប៉ឹង ស្តាប់តាមបណ្តាំចុងក្រោយរបស់ឪពុកដែល «សូមឱ្យកូនៗចេះស្រឡាញ់គ្នា កុំបោះបង់គ្នាចោល» ហើយត្រូវជម្នះរាល់ការលំបាក ដើម្បីជីវភាពគ្រួសារ និងខិតខំសិក្សារៀនសូត្រ ដើម្បីអនាគតតទៅមុខទៀត។
ទន្ទឹមនឹងនោះ កូនប្រុសច្បងរបស់លោក សែម សង្វាត, លោក សង្វាត រតនៈ បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលសម្តេចទាំងទ្វេតែងតែគិតគូរពីសុខទុក្ខ ផ្តល់ភាពកក់ក្តៅ និងក្តីសង្ឃឹមដល់សិល្បករដែលជួបការលំបាក ក៏ដូចជាប្រជាពលរដ្ឋទាំងអស់។
លោកបន្ដថា «សម្រាប់គ្រួសារខ្ញុំ នេះមិនមែនលើកទីមួយទេ ដែលសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានជួយដល់ក្រុមគ្រួសារខ្ញុំ ជាពិសេសលោកឪពុកខ្ញុំ គ្រប់ពេលដែលជួបការលំបាក និងជំងឺឈឺស្កាត់ជាដើម ហើយនៅថ្ងៃនេះ មាតាមនុស្សធម៌ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត បានផ្ដល់ជាសម្ភារ និងថវិកា ដើម្បីធ្វើបុណ្យសព៧ថ្ងៃរបស់ឪពុកខ្ញុំ និងជួយពួកខ្ញុំ ឱ្យមានលទ្ធភាពរៀនបន្ដ និងបង្កើនមុខរបរផងដែរ»។
គួររំលឹកថា កាកបាទក្រហមកម្ពុជា ធ្លាប់បានផ្តល់អំណោយ សម្រាលការលំបាកដល់លោក សែម សង្វាត តាំងពីចាប់ផ្តើមធ្លាក់ខ្លួនឈឺ ជំងឺថ្លើម ក្រពះ និងពោះវៀនធ្ងន់ធ្ងរ កាលពីឆ្នាំ២០១៩កន្លងទៅមកម្ល៉េះ៕