(ត្បូងឃ្មុំ)៖ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត និងជាសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ទទួលបន្ទុក ស.ស.យ.ក ខេត្តត្បូងឃ្មុំ នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២១នេះ បានអញ្ជើញជាអធិបតីក្នុងវគ្គបណ្តុះបណ្តាលអ្នកសង្កេតការណ៍ជាតិសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តត្បូងឃ្មុំ ដល់យុវជនស្ម័គ្រចិត្ត ស.ស.យ.ក មកពីឃុំ-សង្កាត់ ទាំង៦៤ទូទាំងខេត្ត ដើម្បីត្រៀមចូលរួមសង្កេតការណ៍ពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១ ចាប់ពីថ្ងៃទី១២ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១។
មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ លោក ជាម ច័ន្ទសោភ័ណ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ជូនដល់យុវជន ស.ស.យ.ក ទាំងអស់ នៅទូទាំងខេត្តត្បូងឃ្មុំ។
លោក អភិបាលខេត្ត បានថ្លែងការកោតសរសើរចំពោះទឹកចិត្តដ៏ក្លៀវក្លា របស់ក្រុមយុវជន ស.ស.យ.ក ទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត ពេលវេលា បញ្ញា ស្មារតី រហូតដល់សម្ភារៈផ្ទាល់ខ្លួនបន្ថែមទៀត ក្នុងការចូលរួមជួយកិច្ចការងារសង្គម ដែលជាយុវជន យុវនារី គំរូដ៏ល្អ ក្នុងការចូលរួមលើកស្ទួយអភិវឌ្ឍន៍សង្គមកម្ពុជា តាមរយៈសកម្មភាពដ៏ប្រពៃ និងផុសផុលទាំងនេះ។
ឆ្លៀតក្នុងឱកាសនោះដែរ លោក ជាម ច័ន្ទសោភ័ណ បានធ្វើការផ្តាំផ្ញើ និងជំរុញយុវជន ស.ស.យ.ក បន្តធ្វើអនាម័យបរិស្ថានតាមផ្លូវ ចូលរួមសម្របសម្រួលយុទ្ធនាចាក់វ៉ាក់សាំង យកចិត្តទុកដាក់ជាអ្នកសង្កេតការណ៍ជាតិ ការចុះឈ្មោះបោះឆ្នោត និងពិនិត្យបញ្ជីឈ្មោះបោះឆ្នោត ក្នុងយុទ្ធនាការ «ពលរដ្ឋល្អ» ក៏ដូចជាការងារសង្គមដទៃទៀត និងបានឧបត្ថម្ភថវិកា៦,៧០០,០០០រៀល ក្នុងវគ្គបណ្តុះបណ្តាលនេះផងដែរ។
បើតាមលោក ម៉ៅ ឌុង ប្រធានស.ស.យ.ក ខេត្តត្បូងឃ្មុំ បានលើកឡើងថា វគ្គបណ្តុះបណ្តាលអ្នកសង្កេតការណ៍ ស.ស.យ.ក នេះ ជាការចូលរួមចំណែកអនុវត្តលទ្ធិប្រជាធិបតេយ្យតាមរយៈការបោះឆ្នោតនៅកម្ពុជា បន្ថែមការងារស្ម័គ្រចិត្តរបស់យុវជនគ្រប់ឋានានុក្រម ពិសេសយុវជន ស.ស.យ. ជាមួយរដ្ឋបាលខេត្ត រដ្ឋបាលក្រុង-ស្រុក និងមូលដ្ឋាន ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា គឺជាផែ្នកមួយដ៏សំខាន់ក្នុងការចូលរួមថែរក្សា និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា ពិសេសការរក្សាបាននូវសន្តិភាពជូនមាតុភូមិដ៏បវររបស់យើង៕