(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ កំពុងស្វែងរកអត្តសញ្ណាណហ្វេសបុកក្លែងក្លាយមួយ ដែលបានបង្ហោះសារបង្ខូចកិត្តិយសអង្គភាពចំណុះរបស់ខ្លួន។ នេះបើតាមសេចក្តីប្រកាសរបស់ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ប្រាប់ដល់បណ្តាញព័ត៌មាន Fresh News ទទួលបាន។
គណនី Facebook ឈ្មោះ San Bora ជាគណនីក្លែងក្លាយដែលកន្លងទៅថ្មីៗនេះ បានបង្ហោះខ្លឹមសារចោទប្រកាន់ មកលើអង្គភាពចំណុះក្រសួងមហាផ្ទៃ ថាបានប្រព្រឹត្តអំពើប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរ ព្រមទាំង កិត្យានុភាពរបស់កងកម្លាំងនគរបាលជាតិ។
ជុំវិញករណីនេះ អ្នកនាំពាក្យក្រសួងមហាផ្ទៃ សូមធ្វើការបំភ្លឺជូនសាធារណជន និងបណ្តាញសារព័ត៌មានឱ្យបានជ្រាបដូចតទៅ៖
ទី១៖ គណនីហ្វេសប៊ុកឈ្មោះ San Bora គឺជាគណនីក្លែងក្លាយ (Fake Account) បង្កើតឡើង ដើម្បីប្រើប្រាស់ក្នុងគោលបំណងបង្ហោះ ផ្សព្វផ្សាយខ្លឹមសារចោទប្រកាន់ និងវាយប្រហារមកលើ អង្គភាពរបស់ក្រសួងមហាផ្ទៃ តែប៉ុណ្ណោះ។ បន្ទាប់ពីបង្ហោះ និងផ្សព្វផ្សាយខ្លឹមសារវាយប្រហារ របស់ខ្លួនរួចមក ម្ចាស់គណនីនេះបានបិទ និងឈប់ប្រើប្រាស់គណនីភ្លាមៗតែម្ដង។
ទី២៖ អង្គភាពចំណុះក្រសួងមហាផ្ទៃ ដែលត្រូវបានគណនីហ្វេសប៊ុកក្លែងក្លាយឈ្មោះ San Bora (Fake Account) បង្ហោះ និងផ្សព្វផ្សាយខ្លឹមសារចោទប្រកាន់ថាបានជួបជុំផឹកស៊ីផ្ទុយនឹងវិធានការរបស់រាជរដ្ឋាភិបាល គឺជាអង្គភាពដែលទទួលបន្ទុកការពារស្បៀង និងដឹកជញ្ជូន សម្ភារបរិក្ខា ស្បៀងអាហារ និងបរិក្ខាសុខាភិបាល ផ្គត់ផ្គង់ជូនទៅអង្គភាពនានានៅតាមបណ្តារាជធានី-ខេត្ត និងជាកម្លាំងត្រៀមសម្រាប់ជួយបម្រើដល់សកម្មភាពប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ផងដែរ ហើយកម្លាំងនគរបាលទាំងអស់នៃអង្គភាពនេះ តម្រូវឱ្យផ្លាស់ប្ដូរវេនប្រចាំការ និងរង់ចាំបញ្ជា ២៤លើ២៤ម៉ោង ក្នុងមួយសប្តាហ៍ នៅក្នុងអង្គភាពសម្រាប់ត្រៀមបំពេញ បេសកកម្មតាមការចាំបាច់។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ ស្នើបណ្តាញសារព័ត៌មានបណ្តាញសង្គម និងសាធារណជនទាំងអស់ សូមកុំធ្វើការវិភាគ និងវិនិច្ឆ័យលើព័ត៌មានដែលពុំមានប្រភពច្បាស់លាស់ គ្មានមូលដ្ឋាន មានចរិតលក្ខណៈ លំអៀង និងមាននិន្នាការវាយប្រហារមកលើស្ថាប័ន-អង្គភាព របស់រាជរដ្ឋាភិបាល។ ការផ្សព្វផ្សាយ និងចែកចាយព័ត៌មានដែលមានប្រភពមិនច្បាស់លាស់ព័ត៌មានមិនពិត គឺជាភាពអយុត្តិធម៌បំផុតចំពោះតួអង្គដែលជាកម្មវត្ថុត្រូវបានគេវាយប្រហារ និងអាចនាំឱ្យមានទោសទណ្ឌដល់ខ្លួនផងដែរ។
ក្រសួងមហាផ្ទៃ សូមស្វាគមន៍ចំពោះការចុះផ្សាយ និងចែកចាយព័ត៌មានដែលមានប្រភព និងមូលដ្ឋានច្បាស់លាស់ មានចរិតលក្ខណៈជាការរិះគន់ក្នុងន័យស្ថាបនា និងសូមថ្កោលទោសចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត តាមបណ្តាញសង្គម និងបណ្តាញសារព័ត៌មាន ដែលធ្វើឱ្យប៉ះពាល់ដល់ស្ថិរភាព និងយុត្តិធម៌នៅក្នុងសង្គម។
ចំពោះករណីនេះ «ក្រសួងមហាផ្ទៃនឹងបន្តស៊ើបអង្កេតគណនីហ្វេសប៊ុកក្លែងក្លាយឈ្មោះ San Bora (Fake Account) ឱ្យបានហ្មត់ចត់បំផុត ដើម្បីស្វែងរកអត្តសញ្ញាណពិតប្រាកដរបស់អ្នកប្រើប្រាស់ និងបក្ខពួក មកសាកសួរ និងអនុវត្តវិធានការតាមផ្លូវច្បាប់ជាធរមាន»៕