(កំពត)៖ នៅព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៦នេះ ក្រុមហ៊ុន SCG បានរៀបចំពិធីជាផ្លូវការ ដើម្បីផ្តល់ផ្លូវបេតុង១ខ្សែប្រវែងប្រមាណ ៤,១គីឡូម៉ែត្រ ឲ្យសហគមន៍ និងអាជ្ញាធរនៅភូមិច្រកឃ្លៃ ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត។
ពិធីនេះបានធ្វើឡើងក្រោមវត្តមាន លោក ចាន់ ចេស្តា អភិបាលខេត្តកំពត និងលោក សំវ៉ាង មែនភីមុនឆៃ អគ្គនាយកក្រុមហ៊ុន (SCG) ប្រចាំប្រទេសកម្ពុជា។
លោក សំវ៉ាង មែនភីមុនឆៃ បាននិយាយថា ក្រុមហ៊ុនបានមើលឃើញពីឱកាស និងចូលរួមលើកកំពស់ និងសម្រួលការរស់នៅរបស់ ប្រជាជនក្នុងសហគមន៍ តាមរយៈការសាងសង់ផ្លូវ១ខ្សែនេះ។ ផ្លូវនេះនឹងជួយបង្កើនការតភ្ជាប់ បើកឱកាសថ្មីៗ ក៏ដូចជាលើកកំពស់ ផាសុខភាពក្នុងការរស់នៅ របស់ប្រជាពលរដ្ឋមូលដ្ឋាន បានយ៉ាងច្រើន ដូច្នេះក្រុមហ៊ុនបានសម្រេចចិត្តរៀបចំការសាងសង់ ហើយរួចរាល់នៅថ្ងៃនេះ និងបានឈានទៅប្រគល់ផ្លូវបេតុង ប្រវែងសរុប ៤១២៥ម៉ែត្រ ទទឹង៩ម៉ែត្រ និងកម្រាស់០,២ម៉ែត្រ ចំណាយទុនអស់ទឹកប្រាក់ ១,១លានដុល្លារទៅឲ្យសហគមន៍សម្រាប់ប្រើប្រាស់។
លោក ចាន់ ចេស្តា អភិបាលខេត្តកំពត បានកោតសរសើរចំពោះក្រុមហ៊ុនផងដែរ ដែលបានចំណាយធនធានដ៏សន្ធឹកសន្ធាប់ក្នុងការ សាងសង់ផ្លូវ១ខ្សែនេះ។
លោកអភិបាលបានបញ្ជាក់ថា ផ្លូវបេតុង១ខ្សែនេះ នឹងជួយសម្រួលក្នុងការធ្វើដំណើរ និងដឹកជញ្ជូននៅក្នុងតំបន់មូលដ្ឋាននេះ បាន១កម្រិតធំ ក៏ដូចជាបើកឱកាសថ្មីៗសម្រាប់ប្រជាពលរដ្ឋ ហើយសង្ឃឹមថា បងប្អូនប្រជាពលរដ្ឋ នឹងប្រើប្រាស់ផ្លូវឲ្យបានល្អ ក៏ដូចជាចូលរួមគ្នាថែរក្សាផ្លូវនេះ ដើម្បីឲ្យផ្លូវនេះ អាចបំរើប្រយោជន៍ ដល់មនុស្សគ្រប់គ្នាបានយូរអង្វែង៕