(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងថា មេឃុំ-ចៅសង្កាត់, ស្មៀនឃុំ-សង្កាត់, មេប៉ុស្តិ៍ប៉ូលីស-ប៉ុស្តិ៍រដ្ឋបាល និងមេភូមិ សុទ្ធតែជាបុគ្គលដែលធ្វើឲ្យជះឥទ្ធិពលដល់សំឡេងឆ្នោត។
ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលខេត្តស្ទឹងត្រែង នាថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «តួអង្គ ៤នាក់ ដែលមានតួនាទីជះឥទ្ធិពលដល់សំឡេងឆ្នោត។ មនុស្ស ៤នាក់ហ្នឹងអ្នកណាខ្លះ? ទី១ ខ្ញុំគិតថាមេឃុំ និងចៅសង្កាត់, ទី២ ស្មៀនឃុំ-សង្កាត់, ទី៣ មេប៉ុស្តិ៍ប៉ូលិស-ប៉ុស្តិ៍រដ្ឋបាល, និងទី៤ គឺមេភូមិ»។
ក្នុងន័យនេះ សម្តេចក្រឡាហោម ស ខេង បានស្នើទាំងក្រុមការងារគណបក្សប្រជាជនកម្ពុជា ក្រុមការងាររដ្ឋាភិបាលក្តី ក្រុមប្រឹក្សា គណៈអភិបាល និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ប្រឹងប្រែងធ្វើឲ្យបុគ្គលទាំង ៤ប្រភេទខាងលើ ធ្វើការងារឲ្យបានល្អ។ បន្ថែមលើនោះ សម្តេចក្រឡាហោម ដាស់តឿនថា សូម្បីតែថ្នាក់ស្រុក ថ្នាក់ខេត្ត និងថ្នាក់កណ្តាល ក៏ធ្វើឲ្យជិះឥទ្ធិពលសំឡេងឆ្នោតដែរ។
ស្របពេលជាមួយគ្នានេះ សម្តេចក្រឡាហោម ស ខេង បានក្រើនរំលឹកទៀតថា ធ្វើជាមន្ដ្រីកុំឱកាសនិយម កុំភ្លើតភ្លើននូវតួនាទី ឬមុខតំណែងរបស់ខ្លួន ហើយមន្ត្រីគ្រប់រូបត្រូវប្រកាន់ខ្ជាប់ផលប្រយោជន៍សាធារណៈជាសំខាន់ កុំគិតពីបក្ខពួកគ្រួសារនិយម។ ក្នុងឱកាសនោះ សម្ដេចក្រឡាហោម បានណែនាំឲ្យថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ទាំងអស់នៅទូទាំងខេត្ត ត្រូវអនុវត្តអភិក្រមទាំង៥ ឱ្យបានជាប់ជានិច្ច ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា៕