(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១នេះ បានចេញសេចក្តីអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដោយលើកទឹកចិត្តដល់អ្នកធ្វើដំណើរឲ្យប្រើមធ្យោបាយ ធ្វើដំណើរឯកជន ចៀសវាងការប្រើមធ្យោបាយធ្វើដំណើររួម ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ ។ នេះបើតាមសេចក្តីអំពាវនាវដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
សេចក្ដីអំពាវនាវ បានឲ្យដឹងថា កន្លងមករាជរដ្ឋាភិបាលបានសម្រេចផ្អាកការរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដោយរក្សាការឈប់សម្រាក៣ថ្ងៃ សម្រាប់ពីធីបុណ្យភ្ជុំបិណ្ឌ តាមប្រតិទិនឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិត និងកម្មករប្រចាំឆ្នាំ២០២១។
ក្នុងអំឡុងពេលឈប់សម្រាករយៈពេល៣ថ្ងៃខាងមុខនេះ ប្រជាពលរដ្ឋជាច្រើនអាចធ្វើដំណើរទៅជួបជុំគ្រួសារ និងធ្វើដំណើរកម្សាន្តតាមរមណីយដ្ឋាននានា ដែលអាចធ្វើឱ្យ ព្រះរាជាណាចក្រកម្ពុជា ប្រឈមនឹងហានិភ័យនៃការឆ្លងរាលដាលទ្រង់ទ្រាយធំនៃជំងឺកូវីដ-១៩។
ដើម្បីចូលរួមបង្ការ ទប់ស្កាត់ និងកាត់បន្ថយការឆ្លងរាលដាលទ្រង់ទ្រាយធំនៃជំងឺកូវីដ-១៩ ក្នុងអំឡុងពេល និងក្រោយពេលឈប់សម្រាកក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ពិសេសមេរោគប្រភេទដែលតា (Delta)ដែលកំពុងបន្តឆ្លងរាលដាលក្នុងសហគមន៍យ៉ាងឆាប់រហ័ស រដ្ឋបាលរាជធានីភ្នំពេញសូមអំពាវនាវ និងលើកទឹកចិត្ត ដល់បងប្អូនប្រជាពលរដ្ឋ ដែលជាអ្នកធ្វើដំណើរទៅជួបជុំគ្រួសារនៅស្រុកកំណើត និងធ្វើដំណើរកម្សាន្តតាមរមណីយដ្ឋាននានា ឲ្យប្រើមធ្យោបាយធ្វើដំណើរឯកជន ដោយចៀសវាងការប្រើមធ្យោបាយធ្វើដំណើររួម ដែលងាយនឹងឆ្លងជំងឺកូវីដ-១៩។
ក្នុងករណីចៀសមិនផុត ពីការប្រើមធ្យោបាយធ្វើដំណើររួមគ្នានោះ សូមបងប្អូនប្រជាពលរដ្ឋ ដែលជាអ្នកធ្វើដំណើរអំឡុងពេលឈប់សម្រាកនេះ ត្រូវអនុវត្តឲ្យ បានម៉ឺងម៉ាត់ដាច់ខាតតាមវិធានសុខាភិបាល ជាពិសេសវិធានការ ៣កុំ និង៣ការពារ របស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ទទួលបានសេចក្តីអំពាវនាវនេះ រដ្ឋបាលរាជធានីភ្នំពេញ សង្ឃឹមជឿជាក់ថា បងប្អូនប្រជាពលរដ្ឋដែលជាអ្នកធ្វើដំណើរ ចេញចូលរាជធានីភ្នំពេញ នឹងអនុវត្តដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីការពារអាយុជីវិត និងសុខភាពរបស់ខ្លួន ហើយអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ត្រូវធ្វើការផ្សព្វផ្សាយឱ្យបាន
ទូលំទូលាយ និងចាត់តាំងអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់៕