(អេស្ប៉ាញ)៖ អង្គការទេសចរណ៍ពិភពលោក (UNWTO) នាថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២១នេះ បានអះអាងជាថ្មីនៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួនថា ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ រួមជាមួយការបើកព្រំដែនឡើងវិញ នឹងជួយឱ្យវិស័យទេសចរណ៍ងើបឡើងវិញ (Vaccines and Reopen Borders Darving Tourism's Recovery)។
នៅក្នុងសេចក្ដីប្រកាសព័ត៌មាននេះ អង្គការទេសចរណ៍ពិភពលោកបានបញ្ជាក់ថា វិស័យទេសចរណ៍អន្តរជាតិបានទទួលនូវសញ្ញាណនៃការងើបឡើងវិញបន្តិច នាខែមិថុនា និងកក្កដា ឆ្នាំ២០២១ កន្លងទៅ ខណៈដែលការរឹតបណ្ដឹងការធ្វើដំណើរត្រូវបានបន្ធូរបន្ថយក្នុងតំបន់គោលដៅទេសចរណ៍មួយចំនួន ហើយយុទ្ធនាការចាក់វ៉ាក់សាំងក្នុងពិភពលោកបានឈានទៅមុខ ក្នុងតំបន់ជាច្រើនក្នុងពិភពលោក។
យោងតាមស្ថិតិទេសចរណ៍ចុងក្រោយរបស់អង្គការទេសចរណ៍ពិភពលោក (UNWTO) ក្នុងខែកក្កដា ឆ្នាំ២០២១ កន្លងទៅ ពិភពលោកទទួលបានទេសចរអន្តរជាតិប្រមាណ ៥៤ លាននាក់ ធ្លាក់ចុះ ៦៧% ធៀបនឹងខែដូចគ្នាក្នុងឆ្នាំ២០១៩, នេះជាទូរលេខដ៏ល្អបំផុតចាប់ពីខែមេសា ឆ្នាំ២០២០។ ជាការប្រៀបធៀបកាលពីខែកក្កដា ឆ្នាំ២០២០ ទេសចរអន្តរជាតិមានតែ ៣៤ លាននាក់ ធ្លាក់ចុះយ៉ាងគំហុក បើប្រៀបធៀបនឹងខែកក្កដា ឆ្នាំ២០១៩ មុខវិបត្តិ ដែលមានរហូតដល់ ១៦៤ លាននាក់។
UNWTO បានបន្តថា គោលដៅជាច្រើនដែលបានបង្ហាញទូរលេខខែមិថុនា និងខែកក្កដា ២០២១ មានទេសចរអន្តរជាតិងើបឡើងបន្តិចបន្តួច បើប្រៀបធៀបនឹងឆ្នាំ២០២០។ ទោះជាមានសញ្ញាណប្រសើរយ៉ាងនេះក្ដី ឆ្នាំ២០២១ នៅតែបន្តជាឆ្នាំពោរពេញដោយបញ្ហាប្រឈមសម្រាប់ទេសចរណ៍ពិភពលោក ដោយក្នុងរយៈកាលចាប់ពីខែមករាដល់ខែកក្កដា ទេសចរពិភពលោកនៅតែបង្ហាញការធ្លាក់ចុះរហូតដល់ ៨០% ធៀបនឹងឆ្នាំ២០១៩ ក្នុងនោះតំបន់អាស៊ីប៉ាស៊ីហ្វិកធ្លាក់ចុះខ្លាំងជាងគេរហូតដល់ ៩៥%, បន្ទាប់មក តំបន់មជ្ឈិមបូព៌ា ៨២% តំបន់អឺរ៉ុប និងអាហ្រ្វិកធ្លាក់ចុះប្រហែលគ្នា ៧៧%។ ទ្វីបអាមេរិកធ្លាក់ចុះតិចជាងគេ ៦៨% ដោយតំបន់ការីបង់បង្ហាញនូវភាពប្រសើរជាងតំបន់ណាៗទាំងអស់។ ក្នុងរយៈកាលនេះ កោះតូចៗមួយចំនួនក្នុងតំបន់ការីបង់ ទ្វីបអាហ្វ្រិក តំបន់អាស៊ីប៉ាស៊ីហ្វិក និងនៅទ្វីបអឺរ៉ុប បានទទួលទេសចរអន្តរជាតិជិតស្មើនឹងកម្រិតឆ្នាំ២០១៩ ហើយតំបន់ខ្លះលើសកម្រិតមុនកូវីដ-១៩ ទៅទៀត។
បើតាម UNWTO ភាពប្រសើរឡើងតិចតួចនៃទំនុកចិត្តលើការធ្វើដំណើរ គឺដោយសារការបើកឡើងវិញនៃគោលដៅមួយចំនួនធំទទួលស្វាគមន៍ទេសចរអន្តរជាតិឡើងវិញ ជាពិសេសគោលដៅក្នុងទ្វីបអឺរ៉ុប និងអាមេរិក។ ការបន្ធូរបន្ថយនៃការរឹតបន្តឹងការធ្វើដំណើរសម្រាប់ទេសចរដែលបានចាក់វ៉ាក់សាំងរួចហើយ រួមផ្សំនឹងភាពជឿនលឿននៃការចាក់វ៉ាក់សាំង បានចូលរួមចំណែកបង្កើនទំនុកចិត្តទេសចរ និងកំពុងស្ដារការធ្វើដំណើរសន្សឹមៗក្នុងទ្វីបអឺរ៉ុប និងតំបន់ផ្សេងៗទៀតក្នុងពិភពលោក។ ផ្ទុយទៅវិញ តំបន់គោលដៅមួយចំនួនធំក្នុងទ្វីបអាស៊ីនៅតែបន្តបិទ ចំពោះការធ្វើដំណើរមិនចាំបាច់ (No-essential travel)។
អគ្គលេខាធិការអង្គការទេសចរណ៍ពិភពលោក លោក Zurab Polokikashili បានលើកឡើងថា «គ្រប់គោលដៅបង្ហាញនូវតម្រូវការដ៏ខ្លាំងនៃទេសចរណ៍អន្តរជាតិ ហើយគោលដៅជាច្រើនបាននិងកំពុងស្វាគមន៍ឡើងវិញនូវទេសចរអន្តរជាតិ ប្រកបដោយសុវត្ថិភាព និងការទទួលខុសត្រូវ។ យ៉ាងណាក្ដី ការចាប់ផ្ដើមឡើងវិញពិតប្រាកដ និងអត្ថប្រយោជន៍ទទួលបាន នៅមិនទាន់ពេញលេញទេ ដោយខ្វះភាពស៊ីគ្នារវាងច្បាប់ និងបទដ្ឋានគតិយុត្ត។ ទន្ទឹមនឹងនោះ ភាពមិនស្មើគ្នានៃអត្រាចាក់វ៉ាក់សាំងនៅតែបន្តប៉ះពាល់ដល់ទំនុកចិត្តរបស់ទេសចរក្នុងការធ្វើដំណើរ»។
អង្គការទេសចរណ៍ពិភពលោកបានបន្តទៀតថា ទោះជាតំបន់មួយចំនួនបានរាយការណ៍អំពីចំណូលតិចតួចពីវិស័យទេសចរណ៍អន្តរជាតិ សម្រាប់រយៈពេល៧ខែដើមឆ្នាំ២០២១នេះ ក៏មានតំបន់ជាច្រើនបានទទួលនូវភាពល្អប្រសើរជាងមុនក្នុងខែមិថុនា និងខែកក្កដា ឆ្នាំ២០២១ ហើយមានតំបន់ខ្លះបានទទួលចំណូលច្រើនលើសពីកម្រិតមុនវិបត្តិទៅទៀត។ ក្នុងខែមិថុនា ឆ្នាំ២០២១ ប្រទេសម៉ិកស៉ិកបានទទួលចំណូលប្រហាក់ប្រហែលនឹងកម្រិតខែមិថុនា ឆ្នាំ២០១៩ រីឯខែកក្កដា បានទទួលចំណូលច្រើនជាង ២% លើសកម្រិតឆ្នាំ២០១៩។ សម្រាប់ទីផ្សារទេសចរណ៍វិញ ក្នុងខែកក្កដា ប្រទេសធំៗចំនួន ២ គឺប្រទេសបារាំង និងសហរដ្ឋអាមេរិក ដែលមានប្រជាជនចេញដើរកម្សាន្តធ្លាក់ចុះតែ ៣៥% និង ៤៩% រៀងគ្នា ជាទូរលេខប្រសើរជាងខែមុនៗ ទោះបីជាការចំណាយនៅមានកម្រិតទាបជាងឆ្នាំ២០១៩ ក្ដី។
សេចក្ដីសង្ឃឹមសម្រាប់រយៈកាលខែកញ្ញា-ធ្នូ ២០២១ នៅមានភាពច្របូកច្របល់។ លទ្ធផលសង្កេតជាមួយក្រុមអ្នកជំនាញ របស់អង្គការទេសចរណ៍ពិភពលោកបានបង្ហាញថា អ្នកជំនាញ ៥៣% យល់ថា រយៈកាលនេះ អាក្រក់ជាងការរំពឹងទុក ខណៈមានតែអ្នកជំនាញចំនួនតែ ៣១% យល់ថា សភាពការណ៍នឹងប្រសើរឡើងក្នុងរយៈកាលខាមុខមុនដាក់ឆ្នាំ។ លទ្ធផលសង្កេតក៏បានបង្ហាញថា អ្នកជំនាញទេសចរណ៍ភាគច្រើននៅតែជឿថា ការចាប់ផ្ដើមងើបឡើងវិញនឹងកើតមានឡើងក្នុងឆ្នាំ២០២២ ជាពិសេសក្នុងត្រីមាសទី២ និងទី៣ ដោយសារតែតម្រូវការនៃការធ្វើដំណើរអន្តរជាតិដែលត្រូវបានខកខានជាយូរមកហើយ។ អ្នកជំនាញជិតពាក់កណ្ដាលជឿថា ទេសចរណ៍ពិភពលោកវិលត្រឡប់ទៅចំណុចដើមឆ្នាំ២០១៩ វិញនៅឆ្នាំ២០២៤ ឬក្រោយពីនេះ ហើយចំណុចនៃការចាប់ផ្ដើមងើបឡើងវិញនឹងនៅឆ្នាំ២០២៣។ តាមតំបន់ អ្នកជំនាញរហូតដល់ ៥៨% បានយល់ថា តំបន់អាស៊ីប៉ាស៊ីហ្វិកនឹងត្រឡប់ទៅចំណុចឆ្នាំ២០១៩ វិញនៅឆ្នាំ២០២៤ ឬក្រោយពីនេះ ហើយតំបន់អឺរ៉ុបនៅឆ្នាំ២០២៣ និងតំបន់មជ្ឈិមបូព៌ាដែលសុទិដ្ឋិនិយមជាងគេ អាចក្នុងឆ្នាំ២០២២៕
ខាងក្រោមនេះជាសេចក្ដីប្រកាសព័ត៌មានរបស់អង្គការទេសចរណ៍ពិភពលោក និងសេចក្ដីបកប្រែក្រៅផ្លូវការរបស់ក្រសួងទេសចរណ៍កម្ពុជា៖