(ភ្នំពេញ)៖ អ្នកឯកទេសផ្នែករោគកុមារទាំងក្នុង និងក្រៅប្រទេស បានរួមគ្នាចែករំលែក និងផ្លាស់ប្តូរបទពិសោធន៍ ក៏ដូចជាចំណេះដឹងថ្មីៗទាក់ទងនិងរោគកុមារ តាមរយៈសន្និសីទ ស្តីពី «បច្ចុប្បន្នភាពវេជ្ជសាស្ត្រកុមារលើកទី៦» តាមប្រព័ន្ធអនឡាញ។

សន្និសីទនេះបានធ្វើឡើងនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ក្រោមអធិបតីភាពលោកសាស្ត្រាចារ្យ ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល ព្រមទាំងមានការចូលរួមពីបណ្តាសាស្ត្រាចារ្យ វេជ្ជបណ្ឌិត គ្រូពេទ្យ ដែលជាសមាជិកសមាគមគ្រូពេទ្យកម្ពុជាជាង៧០០នាក់។

បើទោះបីក្នុងអំឡុងនៃការរាតត្បាតនៃជំងឺកូវីត-១៩ ក៏សមាគមគ្រូពេទ្យកុមារកម្ពុជា នៅតែប្រារព្ធសន្និសីទនេះ យ៉ាងទៀងទាត់ដូចរាល់ឆ្នាំ ក្នុងគោលបំណង ដើម្បីផ្តល់នូវវេទិការដល់អ្នកឯកទេសផ្នែករោគកុមារទាំងក្នុងប្រទេស និងក្រៅប្រទេសបានចែករំលែក និងផ្លាស់ប្តូរបទពិសោធន៍ ក៏ដូចជាចំណេះដឹងថ្មីៗទាក់ទងរោគកុមារ ដើម្បីឲ្យអ្នកចូលរួមទាំងអស់ អាចទាញយកសារសំខាន់ សម្រាប់ជាប្រយោជន៍ក្នុងការថែទាំ និងព្យាបាលកុមារកម្ពុជា។

នៅក្នុងសន្និសីទ ស្តីពីបច្ចុប្បន្នភាពវេជ្ជសាស្រ្តកុមារលើកទី៦នេះ បានបង្ហាញពីប្រធានបទសំខាន់ៗចំនួន០៥ ដូចជា៖

* ដោះស្រាយបញ្ហាកើតឡើងជាញឹកញាប់ នៃការឆ្លងមេរោគផ្លូវដង្ហើមផ្នែកខាងលើ ដែលជួបប្រទះភាគច្រើននៅលើកុមារអាស៊ី

* ករណីចំពោះកុមារមានរលាកស្រោមសួត ឬ ខ្ទុះក្នុងស្រោមសួត ដែលបង្កដោយមេរោគ Streptococcus Pneumonia ទោះបីកុមារបានទទួលការចាក់វ៉ាក់សាំងការពាររួច នៅមន្ទីពេទ្យកុមារជាតិ

* លក្ខណៈអាហារូបត្ថម្ភ នៅលើទារកកើតមិនគ្រប់ខែ និងទារកលូតលាស់យឺតក្នុងផ្ទៃម្តាយ និងផលវិបាករយៈពេលវែង

* ករណីនៅលើកុមារដែលមានសញ្ញា ក្តៅខ្លូន បញ្ហាប៉ោងពោះ និងវិបត្តិកំណកឈាម ដែលសង្ស័យថាជាជំងឺតំណរពូជហៅថា Hemophagocytic Lymphohistocytosis (HLH) នៅមន្ទីរពេទ្យកុមារអង្គរ

* ការបង្ហាញអំពីជំងឺកូវីដ-១៩ ធ្ងន់ ដែលរាលដាលដល់ការរលាកសួតធ្ងន់ធ្ងរ នៅមន្ទីពេទ្យគន្ធបុប្ផា

លោកសាស្ត្រាចារ្យ ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល ក៏បានផ្តាំផ្ញើរដល់សមាជិកទាំងអស់ ជាគ្រូពេទ្យកុមារមកពីមន្ទីពេទ្យនានា ត្រូវពាំនាំនូវចំណេះដឹងថ្មីៗនេះ ដើម្បីចូលរួមក្នុងការផ្តល់នូវសេវាព្យាបាលកុមារឲ្យមានប្រសិទ្ធភាព គុណភាព និងសុវត្ថិភាព ហើយត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវក្រមសីលធម៌វិជ្ជាជីវៈពេទ្យ ដើម្បីធ្វើឲ្យកាន់តែប្រសើរ ក្នុងការផ្តល់សេវាសុខភាពជូនប្រជាជន៕