(បន្ទាយមានជ័យ)៖ នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២១នេះ សមត្ថកិច្ចបានបញ្ជូនស្ត្រីម្នាក់ ជាមេខ្យល់ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ចាត់ការតាមច្បាប់ ពាក់ព័ន្ធនឹងករណីនាំមនុស្សឆ្លងដែនទៅធ្វើការនៅប្រទេសថៃ ដោយខុសច្បាប់។
វរសេនីយ៍ទោ ស៊ុន សារឿន នាយរងការិយាល័យប្រឆាំងការជួញដូរ និងមនុស្សការពារអនីតិជនបានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា មេខ្យល់ដែលត្រូវឃាត់ខ្លួនមាន ឈ្មោះ រ៉េន ឌឿង ភេទស្រី អាយុ៥៣ឆ្នាំ នៅភូមិក្តិបថ្ម ឃុំគោករមៀត ស្រុកថ្ម ពួក ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ទោ ស៊ុន សារឿន បានបញ្ជាក់ថា មុនឈានដល់ឃាត់ខ្លួនមេខ្យល់នោះកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំគោករមៀត ចុះល្បាតបានប្រទះឃើញពលករខ្មែរប្រុស ស្រីចំនួន៩នាក់ បម្រុងឆ្លងដែនទៅប្រទេសថៃទៅ រកការងារដោយខុសច្បាប់ កម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំគោករមៀត ឃាត់ខ្លួនហើយនាំមកសាកសួរនៅប៉ុស្តិ៍រដ្ឋបាលឃុំគោករមៀត។
នៅចំពោះមុខសមត្ថិច្ចមេខ្យល់ឈ្មោះ រ៉េន ឌឿង បានសារភាពថា ខ្លួនបានស៊ីឈ្នួលឱ្យថៅកែថៃ រកពលករទៅធ្វើការនៅប្រទេសថៃ ដោយក្នុងម្នាក់ថៅកែថៃ ឱ្យឈ្នួល៥០០បាត។ ចំណែកពលករខ្មែរទាំង៩នាក់ ក្រោយពីធ្វើកិច្ចសន្យាហើយសមត្ថកិច្ចបានឱ្យវិលត្រឡប់ទៅលំនៅឋានវិញផងដែរ៕