(ភ្នំពេញ)៖ លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានបន្តណែនាំជាថ្មីម្ដងទៀត ដល់បណ្ដាអភិបាលរាជធានី-ខេត្តទាំងអស់ បន្តពង្រឹងសកម្មភាពយុទ្ធនាការអប់រំផ្សព្វផ្សាយ និងជំរុញការចាក់វ៉ាក់សាំងកូវីដ១៩ ដល់ពលរដ្ឋ ក្រុមគោល ដៅឱ្យបានគ្រប់ៗគ្នា ដើម្បីចូលរួម ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ឱ្យមានលទ្ធផលល្អប្រសើរ។ នេះបើយោងតាមលិខិតរបស់ក្រសួងសុខាភិបាល ដែល Fresh News ទទួលបាននៅរសៀលថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២១នេះ។
នៅក្នុងលិខិតនេះបានឱ្យដឹងទៀតថា អភិបាលរាជធានី-ខេត្តទាំងអស់ត្រូវយកចិត្តទុកដាក់ខ្ពស់ជាបន្តទៀតអនុវត្តយុទ្ធនាការជាតិ រួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ និងជំរុញការចាក់វ៉ាក់សាំងកូវីដ-១៩ ដល់ប្រជាពលរដ្ឋក្នុងទីតាំងរបស់ខ្លួន ដូចតទៅ៖
ទី១៖ ចាត់ចែងអប់រំ ផ្សព្វផ្សាយផ្តល់ព័ត៌មានអំពីការចាក់វ៉ាក់សាំង និងលើកទឹកចិត្តដល់កុមារ និងប្រជាពលរដ្ឋអាយុចាប់ពី៦ឆ្នាំ ឡើងទៅឱ្យទៅទទួលវ៉ាក់សាំងកូវីដ-១៩ ឱ្យបានឆាប់បំផុត ដើម្បីបង្កើតភាពស៊ាំក្នុងសហគមន៍ កាត់បន្ថយការចម្លងវីរុសបន្ថែមទៀត និងកាត់បន្ថយហានិភ័យនៃវីរុសបំប្លែងខ្លួនថ្មីដែលកំពុងលេចឡើង។
ទី២៖ តាមដានស្វែងរកអ្នកមិនទាន់បានចាក់វ៉ាក់សាំងក្នុងសហគមន៍ និងសិក្សាអំពីមូលហេតុជាក់លាក់ដែលពួកគាត់មិនអាចចាក់វ៉ាក់សាំងបាន ព្រមទាំងរកដំណោះស្រាយ សមស្រប ដើម្បីជួយគាំទ្របងប្អូនប្រជាពលរដ្ឋឱ្យទទួលបានវ៉ាក់សាំងកូវីដ-១៩ គ្រប់ៗគ្នា ដោយមិនមានការរើងអើងអ្វីទាំងអស់។
ទី៣៖ យកចិត្តទុកដាក់ផ្តល់មធ្យោបាយគាំទ្រសមស្របដើម្បីជួយដល់ជនងាយរងគ្រោះដូចជា អ្នកមានជំងឺប្រចាំកាយមនុស្សចាស់ជរាខ្វះទីពឹង ជនពិការ សហគមន៍ក្រីក្រ សហគមន៍ឆ្ងាយដាច់ស្រយាលជាដើម ដើម្បីឱ្យពួកគាត់អាចទទួលវ៉ាក់សាំងកូវីដ-១៩ បានគ្រប់គ្នា។
ទី៤៖ បន្តជំរុញការអប់រំ ផ្សព្វផ្សាយខ្លឹមសានៃយុទ្ធនាការជាតិ រួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ ដល់បុគ្គល គ្រួសារ សហគមន៍ ជូនដល់បងប្អូន ប្រជាពលរដ្ឋនៅតាមភូមិ ឃុំ សង្កាត់ ក្រុង រាជធានី-ខេត្ត នៅទូទាំងប្រទេស តាមរយៈអាជ្ញាធរថ្នាក់ក្រោមជាតិ និងដោយមានការចូលរួមពីសហគមន៍ ដូចជាការផ្សព្វផ្សាយ តាមរយៈឧស្ងោសនាសព្ទការបិទតាំងរូបភាពផ្ទាំងធំ ចែកចាយខិតប័ណ្ណ ការផ្សព្វផ្សាយតាមទូរទស្សន៍ វិទ្យុ និងបណ្តាញសង្គមដល់ប្រជាជន ជាពិសេសដល់ សហគមន៍ងាយរងគ្រោះ និងសហគមន៍ក្រីក្រជាដើម។
ទី៥៖ ណែនាំ និងចាត់វិធានការអប់រំ ផ្សព្វផ្សាយ និងតាមដានជាប្រចាំលើការអនុវត្តវិធានការសុខាភិបាលនៅតាមទីតាំងនានា ជាពិសេសទីតាំងដែលមានហានិភ័យ ខ្ពស់ទីតាំង៣ (ទីតាំងមានមនុស្សច្រើនជួបជុំ ទីតាំងបិទជិតមិនមានខ្យល់ចេញចូលគ្រប់គ្រាន់ និងទីតាំងដែលមានមនុស្សនៅជិតៗគ្នា) ដូចជាទីផ្សារ ទីប្រជុំជន ភោជនីយដ្ឋាន ទីកន្លែងលក់អាហារ ផ្សារទំនើប ធនាគារ និងកន្លែងប្រកបអាជីវកម្មផ្សេងៗ។ ពង្រឹងនិងយកចិត្តទុកដាក់បន្ថែមទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីបង្ការការឆ្លងជាយថាហេតុនូវវីរុសកូវីដ-១៩ នៅពេលជួបជាមួយអតិថិជននៅក្នុងទីតាំងរបស់ខ្លួន។ ចាត់វិធានការរដ្ឋបាលដល់បុគ្គលអាជីវកម្មណា ដែលមិនគោរព តាមគោលការណែនាំរបស់ក្រសួងសុខាភិបាល៕
ខាងក្រោមនេះជាលិខិតរបស់ក្រសួងសុខាភិបាល៖