(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំដល់គណៈអភិបាលខណ្ឌទាំង១៤ ពង្រឹងវិធានការឱ្យបានម៉ត់ចត់បំផុត ស្របពេលពលរដ្ឋធ្វើដំណើរចេញពីភ្នំពេញទៅភ្ជុំបិណ្ឌ នៅស្រុកកំណើត និងចូលភ្នំពេញវិញ ត្រូវអនុវត្តវិធានការសុខាភិបាលឱ្យបានម៉ឺងម៉ាត់។
ការណែនាំបែបនេះ របស់លោក ឃួង ស្រេង បានឡើងក្នុងអង្គប្រជុំតាមប្រព័ន្ធ Video Conference បន្ទាន់នាព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១នេះ សំដៅពង្រឹងការអនុវត្តសារាចរ ស្ដីពីការពង្រឹងវិធានការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ១៩ សម្រាប់អំឡុង និងក្រោយពេលឈប់សម្រាកក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ លេខ០៧ស.រ ចុះថ្ងៃទី៣ ខែតុលា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាល។
លោកអភិបាលរាជធានីភ្នំពេញ បានថ្លែងថា ការនឿយហត់របស់អាជ្ញាធរ គឺដើម្បីសុខមាលភាពរបស់ប្រជាពលរដ្ឋក្នុងសម័យកូវីដ។
នាឱកាសនោះដែរ អភិបាលរាជធានីភ្នំពេញ «បានបង្ហាញពីការព្រួយបារម្ភ ចំពោះការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ ក្នុងពេលដែលប្រជាពលរដ្ឋធ្វើដំណើរចេញពីរាជធានីភ្នំពេញ ទៅភ្ជុំនៅស្រុកកំណើត ដែលទាមទាឲ្យយើង ត្រូវពង្រឹងការទប់ស្កាត់ការីករាលដាលនៃជំងឺកូវីដ១៩ និងពង្រឹងការអនុវត្តច្បាប់ចរាចរផ្លូវគោកឱ្យបានម៉ត់ចត់ ជាពិសេសតាមច្រក ចេញចូលរាជធានីភ្នំពេញ»។
លោក ឃួង ស្រេង បានថ្លែងថា រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគត្តិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន បានចំណាយធនធានច្រើនណាស់ ក្នុងគោលដៅទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ និងដោះស្រាយជីវភាពប្រជាពលរដ្ឋ តាមតំបន់បិទខ្ទប់ជាដើម។ លោកអភិបាលរាជធានី បន្តថា ការនឿយហត់របស់អាជ្ញាធរយើង គឺជាពលិកម្មដ៏មានតំលៃ ដើម្បីសុខមាលភាព ប្រជាពលរដ្ឋយើង។
លោកអភិបាលបានណែនាំទៅគណៈបញ្ជាការខណ្ឌទាំង១៤ និងសមត្ថកិច្ចពាក់ពន្ធ័ ត្រូវពង្រឹងវិធានការការពារអោយបានម៉ត់ចត់បំផុត រួមទាំងវិធានការអប់រំ នៅតាមបេនឡាន, តាមច្រកចេញចូលរាជធានីភ្នំពេញ ឬកាត់បន្ថយការប្រើប្រាស់មធ្យោបាយធ្វើដំណើររួម ឬបន្ថយចំនួនមនុស្សជិះ និងអនុវត្តឱ្យបានខ្ជាប់ខ្ជួន វិធានការ ៣កុំ ៣ការពារ ពិសេសនៅពេលបងប្អូន វិលត្រឡប់ពីស្រុកកំណើតវិញ អាជ្ញាធរនឹងធ្វើតេស្តរហ័ស រកមេរោគកូវីដ១៩ ដើម្បីបង្ការទប់ស្កាត់ការឆ្លងកូវីដ១៩ ចូលក្នុងរោងចក្រសហគ្រាស ក្នុងរាជធានីភ្នំពេញ និងលើកទឹកចិត្តឱ្យបងប្អូនប្រជាពលរដ្ឋយើងចេះការពារខ្លួនឯង និងក្រុមគ្រួសារខ្លួន។
បន្ថែមពីនេះ លោក ឃួង ស្រេង ក៏បានណែនាំឱ្យមន្ទីរធម្មការ និងសាសនា ក៏ដូចអាជ្ញាធរខណ្ឌ ពង្រឹងវិធានការទប់ស្កាត់ការចម្លងជំងឺកូវីដ.១៩ និងញែក កុំអោយមានការប្រមូលផ្តុំមនុស្សច្រើនតាមទីអារាមនានា ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ បន្តពង្រឹងវិធានការការពារ តាមក្លឹបកំសាន្ត, បៀហ្គាដិន ខេធីវី និងទីតាំងប្រមូលផ្តុំមនុស្សច្រើន ដែលអាជ្ញាធរ ធ្លាប់បានបិទខ្ទប់កន្លងមក ត្រូវបន្តអនុវត្តវិធានការសុខាភិបាលជាបន្តទៀត ហើយបើហាងផឹកស៊ីជួបជុំណាមួយល្មើសការណែនាំ ត្រូវបិទជាបន្ទាន់ ហើយម្ចាស់ហាង ម្ចាស់ទីតាំងនោះ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់៕