(ព្រែកប្រសព្វ-ក្រចេះ)៖ លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារខេត្តក្រចេះ បានថ្លែងរំលឹកមន្ត្រីក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្ត និងមន្ត្រីមូលដ្ឋាន ជាមួយមតិផ្តាំផ្ញើរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ដែលមានខ្លឹមសារសំខាន់ជាអាទិ៍ មន្ត្រីយើងនៅគ្រប់លំដាប់ថ្នាក់ ត្រូវពុះពារសំរេចការងារបំរើប្រជាពលរដ្ឋក្នុងការប្រយុទ្ធទប់ស្កាត់ និងគ្រប់គ្រងកូវីដ-១៩ និងការដោះស្រាយរាល់ផលវិបាកដែលបង្កឡើងដោយជម្ងឺដ៏កាចសាហាវនេះ។

គុណតម្លៃគ្មានអ្វីប្រៀបផ្ទឹមរបស់គណបក្សយើងតាំងពីដើមរៀងមក គឺអំពើល្អចំពោះប្រជាជន ពិសេសក្នុងកាលៈទេសៈលំបាកសាកល្បងនៃគ្រោះមហន្តរាយ។ ច្បាស់ណាស់សកម្មភាពការងារជាអំពើល្អចំពោះប្រជាជន គឺជាប្រៀបនយោបាយរបស់គណបក្សប្រជាជនកម្ពុជា សំរាប់ការបោះឆ្នោតនាពេលខាងមុខ នៅឆ្នាំ២០២២ និងឆ្នាំ២០២៣។

ការថ្លែងមតិខាងលើរបស់លោករដ្ឋមន្ត្រី ព្រុំ សុខា ប្រធានក្រុមការងារខេត្តក្រចេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំជាមួយមន្ត្រីមូលដ្ឋានភូមិ ឃុំ កាលពីព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ នាបរិវេណវត្តចន្ទមូលី-តាម៉ៅ ស្ថិតក្នុងឃុំតាម៉ៅ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ដោយមានការចូលរួមពីសំណាក់អស់លោក លោកស្រី ជាអ្នកតំណាងរាស្ត្រ ជាអភិបាលខេត្ត ជាមន្ត្រីក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្ត សរុបមានអ្នកចូលរួមចំនួនប្រមាណ ១៥០នាក់។

លោករដ្ឋមន្ត្រីប្រធានក្រុមការងារខេត្តក្រចេះ បានថ្លែងគូសបញ្ជាក់បន្ថែមទៀតថា យើងទាំងអស់គ្នាបាននិងកំពុងពុះពាររស់នៅ និងបំពេញការងារតាមគន្លងប្រក្រតីភាពថ្មីនៃបរិបទកូវីដ-១៩ ដែលជាចំណែកដ៏សំខាន់ចូលរួមយ៉ាងសកម្មក្នុងយុទ្ធនាការប្រយុទ្ធទប់ស្កាត់ និងគ្រប់គ្រងកូវីដ-១៩ និងដោះស្រាយវិបត្តិបង្កឡើងដោយជម្ងឺដ៏កាចសាហាវនេះ។

ទោះជាប្រឈមជាមួយការលំបាកស្មុគស្មាញយ៉ាងណាក៏ដោយ យើងជឿជាក់រឹងមាំលើមគ្គុទ្ទេសក៏ដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងការដឹកនាំកំលាំងសាមគ្គីប្រជាជាតិប្រយុទ្ធឈ្នះកូវីដ-១៩ ដើម្បីជម្រុញបុព្វហេតុសុខសន្តិភាព វឌ្ឍនភាព វិបុលភាព ឆ្ពោះទៅកាន់អនាគតរុងរឿងរបស់សង្គមជាតិ និងប្រជាជនយើងជាក់ជាមិនខាន។

សូមបញ្ជាក់ថា នៅមុនកិច្ចប្រជុំខាងលើ លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារខេត្តក្រចេះ រួមជាមួយសហការី និងលោកស្រី អស់លោក ថ្នាក់ដឹកនាំខេត្ត ស្រុក ព្រមទាំងមន្ត្រីមូលដ្ឋាន ក៏បានចូលរួមជាមួយប្រជាពលរដ្ឋ ពុទ្ធបរិស័ទក្នុងកម្មវិធីកាន់បិណ្ឌវេនទី១០ នៅវត្តចន្ទមូលី-តាម៉ៅ ដោយបាននាំយកចង្ហាន់ ទេយ្យវត្ថុ និងបច្ច័យកសាងទៅប្រគេនព្រះសង្ឃ និងគ ណៈកម្មការវត្ត ព្រមទាំងបានចែកអំណោយជូនប្រជាពលរដ្ឋក្រីក្រមួយចំនួនថែមទៀតផង៕