(ភ្នំពេញ)៖ ដើម្បីរួមចំណែកចែករំលែក នូវចំណេះដឹងដល់សាធារណជន និយ័តករបរធនបាល បានរៀបចំនូវអត្ថបទមួយពន្យល់ អំពីបរធនបាលជំនួស។

ខាងក្រោមនេះ ជាការពន្យល់ទាំងស្រុង របស់និយ័តករបរធនបាលកិច្ច៖

បរធនបាល អាចត្រូវបានជំនួសដោយបុគ្គលផ្សេងទៀត តាមលក្ខខណ្ឌ និងនីតិវិធីដែលមានចែង ក្នុងលិខិតបរធនបាលកិច្ច ឬបទប្បញ្ញត្តិជាធរមាន។

ករណីដែលគ្មានចែងអំពីលក្ខខណ្ឌ និងនីតិវិធីដូចមានចែងក្នុងប្រយោគខាងដើម បរធនបាលត្រូវបានជំនួស តាមលក្ខខណ្ឌដូចជា៖

១៖ បើបរធនបាលជារូបវន្តបុគ្គលបរធនបាលនេះ ត្រូវបានជំនួស

(ក) ជាស្វ័យប្រវត្តិ នៅពេលដែលខ្លួនទទួលមរណភាព អសមត្ថភាពផ្លូវកាយ ឬផ្លូវចិត្ត ត្រូវបានប្រកាស ដោយអាជ្ញាធរមានសមត្ថកិច្ចថា ក្ស័យធន ប្រព្រឹត្តបទល្មើសមជ្ឈិមឬឧក្រិដ្ឋ ឬតាមលក្ខខណ្ឌផ្សេងទៀត ដែលកំណត់ដោយបទប្បញ្ញត្តិ ជាធរមានរបស់និយ័តករ បរធនបាលកិច្ច (ន.ប. ធ.) /បញ្ញត្តិករពាក់ព័ន្ធ។

(ខ) តាមសេចក្តីសម្រេចភាគច្រើនដាច់ខាត របស់បរធនបាលទាំងអស់ នៅពេលដែលបរធនបាលចូលនិវត្តន៍ ឬបដិសេធមិនបំពេញការងារ ឬមិនសក្តិសម បំពេញការងារ។

២៖ បើបរធនបាល ជានីតិបុគ្គលបរធនបាលនេះ ត្រូវបានជំនួសនៅពេលដែលបធនបាល បញ្ឈប់សកម្មភាពរបស់ខ្លួន ហើយត្រូវបានជម្រះបញ្ជី ឬត្រូវបានរំលាយ។

(ន.ប.ធ)/ បញ្ញត្តិករពាក់ព័ន្ធជាអ្នកចេញសេចក្តីសម្រេច តែងតាំងបរធនបាលជំនួស។ ករណីបញ្ញត្តិករពាក់ព័ន្ធតែងតាំង បរធនបាលជំនួស, បរធនបាលត្រូវជូនដំណឹង ជាលាយលក្ខណ៍អក្សរទៅ ន.ប.ផ។

ការជំនួសបរធនបាល អាចធ្វើបានលុះត្រាតែ មានចែងលក្ខខណ្ឌ និងនីតិវិធីជំនួសបរធនបាល នៅក្នុងលិខិតបរធន-បាលកិច្ច ឬបទប្បញ្ញត្តិជាធរមាន (ច្បាប់ស្តីពី បរធនបាលកិច្ច, ២០១៩ ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃអាជ្ញាធរសេវាហិរញ្ញវត្ថុ មិនមែនធនាគារ ២០២១)៕