(វិចតូរៀ)៖ គណៈកម្មការប្រឆាំងអំពើពុករលួយនៃរដ្ឋវិចតូរៀ ប្រទេសអូស្ត្រាលី បានកោះហៅអតីតរដ្ឋមន្ត្រីទទួលបន្ទុកសហគ្រាសខ្នាតតូច ប្រចាំរដ្ឋរដ្ឋវិចតូរៀ លោក Adem Somyurek ឱ្យបង្ហាញខ្លួននៅក្នុងសវនាការសួរចម្លើយជាសាធារណៈមួយនៅសប្ដាហ៍ក្រោយថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ខាងមុខនេះ ពាក់ព័ន្ធនឹងសំណុំរឿងពុករលួយ កិបកេងលុយរដ្ឋ ខណៈដែលអំពើពុករលួយនេះអាចជាប់ពាក់ព័ន្ធនឹងសមាគមចំនួន៣ ដែលក្នុងនោះក៏មានសមាគមខ្មែរ នៃរដ្ឋវិចតូរៀ (Cambodian Association of Victoria) ដែលដឹកនាំដោយលោក ជា យូ ហ៊ន ខណៈដែលលោក ហុង លីម ក៏ធ្លាប់បានដឹកនាំសមាគមនេះពេលកន្លងទៅផងដែរ នេះបើតាមការដកស្រង់ចេញផ្សាយពីសារព័ត៌មាន The Age ចេញផ្សាយនាពេលថ្មីៗ។

នេះគឺជាលើកដំបូងហើយដែលអតីតរដ្ឋមន្ត្រីប្រចាំរដ្ឋម្នាក់ បានក្លាយជាគោលដៅនៃការសួរចម្លើយពីគណៈកម្មការប្រឆាំងអំពើពុករលួយនៃរដ្ឋវិចតូរៀ (IBAC) ខណៈ ការស៊ើបអង្កេតនេះត្រូវបានគេរំពឹងថា នឹងពង្រីកវិសាលភាពបន្ថែម ពោលមិនមែនត្រឹមតែការស៊ើបអង្កេតលើបុគ្គលតែម្នាក់នោះទេ។ សវនាការសួរចម្លើយខាងលើ នឹងត្រូវប្រព្រឹត្តទៅនៅថ្ងៃទី១១ ខែតុលាសប្ដាហ៍ក្រោយនេះ។

IBAC ក៏នឹងបើកការស៊ើបអង្កេតផងដែរ លើការចោទប្រកាន់ពាក់ព័ន្ធនឹងអំពើពុករលួយលើមូលធិនិ សម្រាប់ជួយដល់សមាគមចំនួន៣ ក្នុងនោះរួមមាន៖ ក្រុមប្រឹក្សាពលរដ្ឋអូស្ត្រាលី ដើមកំណើតសូម៉ាលី នៃរដ្ឋវិចតូរៀ (Somali Asutralian Council Of Victoria), មូលនិធិអូស្ត្រាលីឡៃ (Australia Light Foundation), សមាគមខ្មែរ នៃរដ្ឋវិចតូរៀ (Cambodian Association of Victoria) ដឹកនាំដោយលោក ជា យូហ៊ន (Youhourn Chea) ជាបងថ្លៃរបស់លោក ហុង លីម (Hong Lim) អតីតសមាជិកសភា មកពីគណបក្សពលករអូស្ត្រាលី ដែលធ្លាប់ធ្វើជាប្រធាននៃសមាគមនេះនាពេលកន្លងមក។ លោក ជា យូហ៊ន ប្រធានសមាគមខ្មែរ នៃរដ្ឋវិចតូរៀ ត្រូវបានគេលើកឈ្មោះនៅក្នុងខ្សែអាត់សំឡេងសម្ងាត់មួយថា ក៏ជាគ្នីគា្ននៃបក្ខពួករបស់លោក Somyurek ដែរ។ សមាគមខ្មែរនៃរដ្ឋវិចតូរៀ ប្រចាំទីក្រុង Springvale មានទំនាក់ទំនងយ៉ាងរឹងមាំជាមួយបណ្ដាញបក្ខពួករបស់លោក Somyurek។

លោក Adem Somyurek រងការចោទប្រកាន់ថា បានកិបកេងលុយរដ្ឋយកទៅប្រើក្នុងបង្កើតបណ្ដាញបក្ខពួក ដើម្បីពង្រឹងអំណាចរបស់ខ្លួននៅក្នុងគណបក្សពលករ អូស្ត្រាលី (Labor Party)។ នៅក្នុងជួរគណៈកម្មាធិការនៃសមាគមទាំងនេះទៀតសោត មានសមាជិកខ្លះត្រូវបានលោក Somyurek អះអាងថា ជាបណ្ដាញរបស់លោក ឬមានជាប់ពាក់ព័ន្ធនឹងលោក Scott និងបក្ខពួករបស់លោក Somyurek។

គួរបញ្ជាក់ថា បើតាមសារព័ត៌មាន The Age បានផ្សាយថា សមាគមខ្មែរនៃរដ្ឋវិចតូរៀ ធ្លាប់បានទទួលអំណោយ ៩៣,៧៤១ដុល្លារកាលពីឆ្នាំ២០១៨ នៅក្រោមកម្មវិធីចំនួន២ ហើយ នៅក្នុងឆ្នាំសារពើពន្ធ២០១៧ សមាគមនេះបានទទួលអំណោយជាប្រាក់ ៧០,០០០ដុល្លារ ដើម្បីយកទៅប្រើប្រាស់ក្នុងការរៀបចំព្រឹត្តិការណ៍ ប្រារព្ធខួបលើកទី៤០ នៃការតាំងទីលំនៅរបស់ពលរដ្ឋខ្មែរនៅលើទឹកដីអូស្ត្រាលី។

គណៈកម្មការ IBAC មានអំណាចពេញលេញតម្រូវឱ្យសាក្សីទាំងឡាយបង្ហាញខ្លួនក្នុងសវនាការសួរចម្លើយ ជាទីដែលពួកគេត្រូវផ្ដល់ចម្លើយពិត បើមិនចង់ ប្រឈមមុខនឹងទោសព្រហ្មទណ្ឌ។

ជុំវិញសវនាការសួរចម្លើយនេះដែរ ប្រមុខរដ្ឋាភិបាលនៃរដ្ឋវិចតូរៀ លោក Daniel Andrews បានបដិសេធមិនធ្វើអត្ថាធិប្បាយអ្វីឡើយដោយគ្រាន់តែបញ្ជាក់ថា កិច្ចការស៊ើបអង្កេត គឺជាដែនសមត្ថកិច្ចរបស់គណៈកម្មការ IBAC។ លោក Andrews បន្ថែមថាលោកមិនមានការព្រួយបារម្ភអ្វីឡើយចំពោះការស៊ើបអង្កេត របស់ IBAC ទោះជាការស៊ើបអង្កេតនេះអាចនឹងពង្រីកទៅជាការស៊ើបអង្កេតលើគណបក្សពលករទាំងមូលក៏ដោយ។

គួរបញ្ជាក់ថា លោក Adem Somyurek ធ្លាប់ជាអ្នកនយោបាយដ៏មានឥទ្ធិពលម្នាក់នៅក្នុងជួរគណបក្សពលរដ្ឋ និងជាអតីតរដ្ឋមន្ត្រីម្នាក់នៅក្រោមរដ្ឋាភិបាល របស់លោក Daniel Andrews ប្រចាំរដ្ឋ Victory ប្រទេសអូស្រ្តាលី។ លោក Andrews បានបណ្ដេញលោក Adem Somyurek ចេញពីតំណែងកាលពីខែមិថុនា ឆ្នាំ២០២០ បន្ទាប់ពីសារព័ត៌មាន អូស្រ្តាលីដូចជា The Age, The Sydney Morning Herald និងសារព័ត៌មាន 60 Minutes បើកកកាយរឿងអាស្រូវពុករលួយរបស់លោក និងមន្ត្រីជាន់ខ្ពស់ នៅក្នុងជួរគណបក្សពលរដ្ឋជាច្រើនរូបទៀត ដែលរងការចោទប្រកាន់លួចកិបកេងលុយរដ្ឋ ដើម្បីទៅបង្កើនអំណាចរបស់ខ្លួនៅក្នុងគណបក្ស តាមរយៈ
ការបញ្ចូលមនុស្សរបស់ពួកគេ ទៅក្នុងសាខាប្រចាំតំបន់នីមួយៗនៃគណបក្សពលករ៕