(ភ្នំពេញ)៖ ថ្នាក់ដឹកនាំ និង តារាចម្រៀងផលិតកម្ម Elite Media បានរួមគ្នាធ្វើសកម្មភាពមនុស្សធម៌ ដោយនាំយកអាហារ និងសម្ភារៈ សិក្សាមួយចំនួនទៅចែកជូនកុមារក្រីក្រ និងកុមារកំព្រាប្រមាណ ៥០០នាក់ ដែលកំពុងផ្ញើជោគវាសនាក្នុងអង្គការរបស់លោក Scott Neeson នៅបរិវេណចាក់សំរាមស្ទឹងមានជ័យ។
អំណោយសម្បុរសធម៌ ដែលនាំយកជូនកុមារនៅបរិវេណចាក់សំរាមស្ទឹងមានជ័យនាព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៦នេះ រួមមាន៖ នំបុ័ងសាច់ ៥០០កំណាត់ និង ទឹកផ្លែឈើ VEGE និងសៀវភៅ ប៊ិច ខ្មៅដៃ ថ្នាំពេទ្រ ៣០០០គ្រាប់។
ក្រុមតារាចម្រៀង Elite បានថ្លែងថា អំណោយសម្បុរស ដែលពួកគេយកទៅចែកជូនកុមារនៅបរិវេណចាក់សំរាមស្ទឹងមានជ័យនេះ មានចំនួនតិចតួច តែជាការបង្ហាញឲ្យឃើញពីទឹកចិត្តស្រឡាញ់ និង អាណិតអាសូរចំពោះកុមារ។ ជាពិសេសចង់បង្ហាញឲ្យឃើញពីគំរូ នៃការចែករំលែកទៅតាមលទ្ធភាព និង ចង់ឲ្យប្រជាពលរដ្ឋខ្មែរ ព្រមទាំងសិល្បករ សិល្បការិនីខ្មែរចូលរួមចែករំលែកធនធាន ដែល ពួកគេមានដល់កុមារក្រីក្រកំពុងជួបការលំបាក។
ដើម្បីបំផុសស្មារតីឲ្យពលរដ្ឋខ្មែររួមគ្នាធ្វើសកម្មភាពមនុស្សធម៌នេះ ផលិតកម្ម Elite ត្រៀមរៀបចំចម្រៀងអប់រំមួយបទ មានចំណង ជើងថា «បាយប្រអប់» Original Song ដោយមានការច្រៀងរួមគ្នារវាង លោក ណាត់ បូរី លោក អ៊ុល ចំរ៉ុង និង លោក ស្បាយ សា ណាកា ដែលមានការសម្តែងដោយ កញ្ញា គីម ចន្ទ័បរមី និង កញ្ញា ដួង ម៉ានិច។
Elite Media ក៏គ្រោងរៀបចំថតជាភាពយន្តខ្នាតខ្លី និង MV រឿង «បាយប្រអប់» ជាមួយ លោក Scott Neeson ដែលនឹងចេញ ផ្សាយលើទំព័រសង្គម Facebook និង Youtube ក្នុងពេលឆាប់ៗខាងមុខនេះ។
លោក ជួន សុវណ្ណ វាសនា ជាអ្នករៀបចំការផលិត និង និពន្ធ និង លោក អ៊ុល ចំរើន អ្នកដឹកនាំការសម្តែង បានឲ្យដឹងថា ខ្សែវិឌីអូខ្លី និង ចម្រៀង «បាយប្រអប់» ចង់បង្ហញពីភាពខ្វះខាត និងការខ្ជះខ្ជាយ នៃចំណីអាហាររបស់មនុស្សនៅក្នុងសង្គម ហើយក៏ជាសារ បង្ហាញពីការចែករំលែក ការជួយសង្រ្គោះ ចេញពីទឹកចិត្តស្រស់ថ្នា ដើម្បីរំញោចស្មារតីសង្គមឲ្យជួយជនក្រីក្រ និងក្មេងៗខ្វះចំណីអា ហារហូបគ្រប់គ្រាន់៕