(ភ្នំពេញ)៖ លោកស្រី រាជ ផាវឿន ចៅសង្កាត់ទួលសង្កែទី១ តំណាងលោក ឯក ឃុនដឿន អភិបាលខណ្ឌឫស្សីកែវ បានដឹកនាំក្រុមការងារចុះពិនិត្យ និងស្ដាររាល់ដីល្បាប់ និងកាកសំណល់ផ្សេងៗ ចេញពីតាមបណ្ដារមាត់លូរឺហ្គា ដើម្បីឱ្យលំហូរទឹកបានលឿន និងឆាប់ស្រកទៅវិញ ងាយស្រួលក្នុងការធ្វើដំណើរចេញ-ចូលប្រកបមុខរបរទទួលទាន របស់ប្រជាពលរដ្ឋ។

សកម្មភាពរបស់លោកស្រីចៅសង្កាត់ទួលសង្កែទី១ និងមន្ត្រីក្រោមឱវាទនេះ បានអនុវត្តឡើង ក្រោយពីមានភ្លៀងធ្លាក់ជោគជាំ២ថ្ងៃជាប់គ្នា បណ្ដាលឱ្យលិចលំនៅដ្ឋានប្រជាពលរដ្ឋ មួយចំនួន ស្ថិតនៅលើកំណាត់ផ្លូវលេខ៩៣ ក្នុងភូមិចុងខ្សាច់ និងភូមិផ្សារតូច នាថ្ងៃទី៣ ខែតុលា ឆ្នាំ២០២១។

លោកស្រី រាជ ផាវឿន បានលើកឡើងថា បញ្ហាផ្លូវ ពិសេសប្រព័ន្ធលូបង្ហូររំដោះទឹក នារដូវវស្សានេះ ចាំបាច់ទាមទារឱ្យមានការចុះពិនិត្យវាយតម្លៃជាក់ស្ដែង ក្រៅពីការយកចិត្តទុកដាក់ផ្ដល់សេវាផ្សេងៗទៀត បើទោះបីជាអាជ្ញាធរ ទទួល ឬមិនទាន់ទទួលបានសំណូមពរ ក្នុងការឱ្យជួយរកដំណោះស្រាយជូន ពីប្រជាពលរដ្ឋក៏ដោយ បន្ទាប់ពីលោក ឯក ឃុនដឿន អភិបាលខណ្ឌឫស្សីកែវ បានជុំរុញជាបន្តបន្ទាប់ឱ្យអាជ្ញាធរយកចិត្តទុកដាក់រួមគ្នាបម្រើ និងដោះស្រាយបញ្ហាសេវាតម្រូវការចាំបាច់នៅចំពោះមុខ ក្រៅពីដោះស្រាយបញ្ហាសេវាសំណូមពរ និងសេវាផ្សេងៗទៀត ជូនប្រជាពលរដ្ឋ ដែលជាការឆ្លើយតបតាមការដឹកនាំរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជាពិសេសក្រោមការដេកនាំប្រកបដោយកិត្តិបណ្ឌិត របស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ថា «មន្ត្រីមិនមែនជាចៅហ្វាយនាយទេ ប៉ុន្តែមន្ត្រីជាអ្នកបម្រើប្រជាពលរដ្ឋ ដោយភាពស្មោះត្រង់»៕