(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធសភានិងជាប្រធានក្រុមការងារចុះជួយស្រុកកំពង់ស្វាយ រួមនិងក្រុមការងារនាំយកទេយ្យទាន និងបច្ច័យមួយចំនួនទៅប្រគេនព្រះសង្ឃ នៅ៨វត្ត ដែលខ្វះខាតនិងមានព្រះសង្ឃច្រើន ក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ រសៀលថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២១នេះ។

លោកស្រី ឃួន ឃុនឌី បានលើកឡើងថា ការនាំយកគ្រឿងឧបភោគ បរិភោគ ប្រគេនដល់ព្រះសង្ឃទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនានិងទំនៀមទំលាប់ខ្មែរពីបុរាណ ដើម្បីឧទ្ទិសមគ្គផលនិងកុសល្យផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធបុព្វការីជនមាន មាតា បិតា ជីដូនជីតា និងញាតិកាទាំង៧សន្តាន ដែលបានធ្វើមរណៈកាលទៅកាន់លោកខាងមុខ សូមឱ្យមកទទួលយកនូវអត្ថមនុញ្ញផល នាវេនកាន់បិណ្ឌទី១៣នេះ ហើយដោយអំណាចផល្លាអានិសង្ឃ ពីការធ្វើបុណ្យទាននាពេលនេះសូមជួយយិតយោងដួងវិញ្ញាណក្ខន្ធអស់លោកអ្នកដែលមានគុណបានទៅកើតនៅឋានសុខគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

លោកស្រីបានបញ្ជាក់ថា វិស័យព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋដែលប្រជាពលរដ្ឋទូទៅតែងតែគោរពទៅតាមប្រពៃណីទំនៀមទំលាប់ប្រពៃណីខ្មែរនៅតាមទីវត្ត អារាមនានា និងសូមឱ្យអាជ្ញាធរ សមត្ថកិច្ចទាំងអស់ត្រូវការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ នៅតាមទីវត្តអារាម និងរមណីយដ្ឋាននានាដើម្បីធ្វើយ៉ាងណាបង្ករ លក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ និងពុទ្ធបរិស័ទក្នុងការធ្វើបុណ្យទាន។ការនាំយកគ្រឿងឧបភោគបរិភោគ និងបច្ច័យមួយចំនួន ជូនដល់វត្តអត្តខាត់ក្នុងតំបន់ ចុងកាត់មាត់ញោក ដែលមានភាពខ្វះខាត។

លោកស្រីសូមការយោគយល់អធ្យាស្រ័យ ចំពោះព្រះចៅអធិការវត្ត ព្រះសង្ឃគ្រប់វត្តទាំងអស់ ព្រោះការផ្អាកនេះ គឺធ្វើឡើងដើម្បីធានា ក្នុងការចៀសផុតពីការឆ្លងរីករាលដាលពីជំងឺកូដ១៩ និងការពារអាយុជីវិតបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា។

ក្នុងឱកាសនោះលោកស្រី ឃួន ឃុនឌី ក៏បានជម្រាបជូនព្រះសង្ឃ លោកតា លោកយាយ និងពុទ្ធបរិស័ទចំណុះជើងវត្តទាំងអស់ អំពីការរីកចម្រើនលើកគ្រប់វិស័យ របស់ប្រទេសជាតិក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ហើយសូមអរគុណសន្តិភាព ដូច្នេះ សូមឱ្យប្រជាពលដ្ឋទាំងអស់ត្រូវធ្វើអំពើល្អ ឱ្យបានច្រើនដើម្បីរស់នៅសុខដុមរមនា។

លោកស្រី ឃួន ឃុនឌី ក៏បានអំពាវនាវឱ្យប្រជាពុទ្ធបរិស័ទទាំងអស់គ្នា ចូលរួមគោរព និងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលការណ៍រក្សាអនាម័យឱ្យបានល្អ រួមជាមួយនឹងវិធានការនានា ដែលបានកំណត់របស់ក្រសួងសុខាភិបាល ដោយត្រូវបន្តរក្សាការប្រុងប្រយ័ត្នខ្ពស់ក្នុងការបង្ការ និងការពារនូវការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ផងដែរ។

ព្រះសង្ឃ ប្រជាពលរដ្ឋបានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំទាំងអស់ដែលបាននាំយកគ្រឿងឧបភោគបរិភោគនិងបច្ច័យមួយចំនួនទៅប្រគេនព្រះសង្ឃនិងបានចូលរួមកាន់បិណ្ឌនៅទីវត្តដែលមានជីវភាពខ្វះខាតដើម្បីលើកកម្ពស់វិស័យព្រះពុទ្ធសាសនាឱ្យរីកចម្រើន។

ទី១៖ វត្តព្រៃសង់មានរិទ្ធ ទី២៖ អាស្រមព្រៃខ្ទម ទី៣៖ វត្តបិយម្ពវ័ន្ត ទី៤៖ វត្តពាមមេត្រី ទី៥៖ វត្តសំរោងជ័យ ទី៦៖ វត្តទួលតារស់មានជ័យ ទី៧៖ វត្តអូររំដេង និងទី៨៖ វត្តអន្លង់លោក។ ទេយ្យទានដែលយកមកប្រគេនវត្តទាំង៨រួមមាន អង្ករ មី ទឹកស៊ីអ៊ីវ ទឹកត្រី ទឹកបរិសុទ្ធ ទឹកក្រូច ប្រេងឆា ស្ករស ឆៃប៉ូវ ព្រមទាំងបច្ច័យ សម្រាប់កសាងមួយចំនួន៕