(ភ្នំពេញ)៖ អធិការនគរបាលខណ្ឌសែនសុខ លោក ម៉ក់ ហុង នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៦នេះ បានដឹកនាំមន្រ្តីនគរបាលមួយចំនួន នាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ទៅប្រគល់ជូនស្រី្តមេម៉ាយ២គ្រួសារ ដែលជាភរិយារបស់យុទ្ធជន ដែលបានទទួលមរណភាពចោលទៅ។
ការនាំយកអំណោយទាំងនេះ ជូនដល់គ្រួសារយុទ្ធជន ទំាង២គ្រួសារ ស្ថិតនៅសង្កាត់ភ្នំពេញថ្មី និងសង្កាត់ក្រាំងធ្នង់ ខាងលើនេះ បានធ្វើឡើងតាមការណែនាំពី នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ ដែលតែងតែផ្ញាំផ្ញើឲ្យមន្រ្តីនគរបាលក្រោមឱវាទ និងអធិការតាមបណ្តាខណ្ឌ ត្រូវយកចិត្តទុកដាក់ទៅលើគ្រួសារយុទ្ធជន ចំពោះការស់នៅប្រចាំថ្ងៃរបស់ពួកគេ។
យុទ្ធជនដែលបានទទួលមរណភាពទី១ឈ្មោះ សែស សារឹម នៅភូមិដីថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងទី២ ឈ្មោះ ឃួន ណារិទ្ធ នៅភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។ អំណោយដែលលោក ម៉ក់ ហុង នាំយកទៅចែកជូននោះរួមមានអង្ករ១ការ៉ុង, ទឹកត្រី១យួរ, ទឹកស៊ីអ៊ីវ១យួរ, ត្រីខ ១យួរ,ទឹកក្រូច១កេះ, មី១កេះ, ថវិកាចំនួន១០០.០០០រៀលក្នុងមួយគ្រួសារ។
លោក ម៉ក់ ហុង បានថ្លែងថា បើទោះបីអំណោយទាំងនេះ មានតិចតួចតែក៏អាចជួយសម្រួល បានមួយកំរិតថែមទៀត។ នៅចំពោះមុខគ្រួសារយុទ្ធជន ខាងលើនេះ លោក ម៉ក់ ហុង បានផ្តាំផ្ញើការសួរសុខទុក្ខពីនាយឧត្តមសេនីយ៍ ជួន សុវណ្ណ ដែលលោកបានតែងតែយក ចិត្តទុកដាក់ និងគិតយ៉ាងខ្លាំងចំពោះជីវភាពប្រចាំថ្ងៃ របស់គ្រួសារយុទ្ធជន ហើយចាត់ឲ្យ មន្រ្តីនាំយកអំណោយចែកជូនជាបន្តបន្ទាប់៕