(បន្ទាយមានជ័យ)៖ លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២១នេះ នាំអំណោយជាស្បៀងអាហារជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទៅផ្តល់ជូនគ្រួសារអតីតយុទ្ធចំនួន៣០០គ្រួសារ រស់នៅមជ្ឈមណ្ឌលអតីតយុទ្ធជន ដីការ៉េពីរ ស្ថិតក្នុងភូមិកូនខ្លែង ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។

នាឱកាសនោះ លោក អ៊ុ រាត្រី បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងនិងសម្តេចកិត្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់ប្រជាពលរដ្ឋទាំងអស់ដោយក្តីនឹករលឹក ជានិច្ចកាលសម្តេចតែងតែយកចិត្តទុក្ខដាក់ខ្ពស់ចំពោះសុខទុក្ខលំបាកប្រជាពលរដ្ឋ។

លោកអភិបាលខេត្ត បានឱ្យដឹងថា ស្បៀងអាហារដែលនាំយកមកប្រគល់ជូនបងប្អូនពុកម៉ែអតីតយុទ្ធជននាពេលនេះ គឺជាការឆ្លើយតបទៅនឹងការក្រើនរំលឹករបស់ប្រមុខរាជរដ្ឋាភិបាល ដែលបានចាត់ឱ្យរូបលោក និងក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្ត ត្រូវចុះជាប់ជាប្រចាំ ដើម្បីស្វែងយល់ពីតម្រូវការសុខទុក្ខ និងរៀបចំលំនៅដ្ឋានជូនពួកគាត់ឱ្យមានសព្វគ្រប់បែបយ៉ាងដូចជាលំនៅដ្ឋានយើងរស់នៅសព្វថ្ងៃ។

ជាមួយគ្នានោះ លោកអភិបាលខេត្ត បានក្រើនរំលឹកដល់បងប្អូនអតីតយុទ្ធជនទាំងអស់ត្រូវ បន្តសាមគ្គីភាព សណ្តោសប្រណីគ្នា ស្រឡាញ់គ្នាដូចគ្រួសារតែមួយ ចេះជួយប្រាស្រ័យគ្នា និងត្រូវបន្តការអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជាវិធានការ «៣កុំ និង៣ការពារ» របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាប់ជាប្រចាំផងដែរ។

បងប្អូនគ្រួសារអតីតយុទ្ធជនទាំងអស់ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំពោះទឹកចិត្តដ៏ថ្លៃថ្លាក្នុងការជួយដល់ប្រជាពលរដ្ឋកំពុងជួបការលំបាក ផ្តល់អំណោយជាគ្រឿងឧបភោគ បរិភោគមួយចំនួនផងដែរ៕