(ភ្នំពេញ)៖ លោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៃប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ បានប្រកាសថា លោកមិននិយាយជាមួយសារព័ត៌មានខុសច្បាប់ «វិទ្យុអាស៊ីសេរី- RFA»នោះទេ។
ការប្រកាសរបស់ លោក គឹម សន្តិភាព បានធ្វើឡើងបន្ទាប់ពីវិទ្យុអាស៊ីសេរី បានផ្សព្វផ្សាយថា លោកបានចុចបិទទូរស័ព្ទរបស់អ្នកសារព័ត៌មានវិទ្យុអាស៊ីសេរីភ្លាមៗ បន្ទាប់អ្នកសារព័ត៌មាននោះណែនាំខ្លួនថា ខ្លួនមកពីវិទ្យុអាស៊ីសេរី ដើម្បីសម្ភាសអំពីបញ្ហាបែកបាក់នៃប្រជាពលរដ្ឋខ្មែរនៅប្រទេសអូស្រ្តាលី។
តាមរយៈបណ្តាញសង្គម Facebook អមជាមួយនឹងការបង្ហាញរូបភាព ShortScreen ព័ត៌មានរបស់វិទ្យុអាស៊ីសេរី លោក គឹម សន្តិភាព បានបញ្ជាក់យ៉ាងដូច្នេះថា៖ «បើនៅមិនយល់អ្វីដែលខ្ញុំចង់ប្រាប់នោះ ខ្ញុំសូមបញ្ជាក់អោយបានច្បាស់លាស់ថា "សារព័ត៌មានខុសច្បាប់(RFA) ខ្ញុំមិននិយាយជាមួយទេ។ ទុកពេលវេលាខ្ញុំសម្រាប់បងប្អូនពលរដ្ឋខ្មែរទាំងអស់ លើកលែងក្រុមឧទ្ទាម»។
វិទ្យុអាស៊ីសេរី (RFA) បានសម្រេចបិទការិយាល័យលួចលាក់របស់ខ្លួនដោយស្ងាត់ៗ កាលពីខែកញ្ញាឆ្នាំ២០១៧ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា ទាមទារឱ្យមានវិធានការចំពោះការិយាល័យវិទ្យុអាស៊ីសេរី ដែលបានធ្វើសកម្មភាពយកព័ត៌មាននៅកម្ពុជា ដោយគ្មានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មាន និងមិនបានមកចុះបញ្ជីពន្ធដារ តាមច្បាប់ស្តីពីសារពើពន្ធដែលបានកំណត់ផងដែរ។
ការសម្រចបិទការិយាល័យនេះ បានធ្វើឡើងស្របពេលដែល រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងចាត់វិធានការតឹងរឹង ទៅលើស្ថាប័នព័ត៌មានមួយចំនួន ដែលមិនគោរពច្បាប់ និងបង់ពន្ធជូនរដ្ឋផងដែរ៕