(ភ្នំពេញ)៖ ប្រជាពលរដ្ឋរស់នៅតាមផ្លូវម៉ៅសេទុង កែងផ្លូវលេខ១៤៦ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក បានរិះគន់អាជ្ញាធរខណ្ឌទួលគោកថា បានបណ្តែតបណ្តោយឲ្យ មានការសង់សំណង់រំលោភចិញ្ចើមផ្លូវដោយចាក់ប្លង់សេចំនួន២សន្លឹក និងប្រក់ដំបូលដែកពីលើទាំងគ្មានលិខិតអនុញ្ញាតពីមន្រ្តីជំនាញតាំងពីចុងឆ្នាំ២០១៥ រហូតធ្វើរួចជាស្ថាពរ។ សំណង់បានបញ្ចប់ទៅដោយរលូន បើទោះបីសាលារាជធានីភ្នំពេញ បានចេញលិខិតឲ្យអាជ្ញាធរខណ្ឌ ចុះទៅទប់ស្កាត់ក៏ដោយ។
ប្រជាពលរដ្ឋម្នាក់ សុំមិនបញ្ចេញឈ្មោះបានប្រាប់ Fresh News នៅរសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៦នេះ រហូតមកដល់ពេលនេះ សំណង់រំលោភលើចិញ្ចើមផ្លូវ ត្រូវបានម្ចាស់សំណង់ធ្វើរួចហើយ រហូតបើកអាជីវកម្មបើកហាងលក់បាយទៀតផង។ ការបណ្តែតបណ្តោយឲ្យមានការសង់សំណង់មួយនេះ គ្មានច្បាប់តាំងពីដំបូងរហូតដល់ចប់ចុងចប់ដើមនោះ ដោយសារតែមានការរត់ការពីមន្រ្តីសាលាខណ្ឌទួលគោកម្នាក់ជាអភិបាលរង ដែលស្គាល់ជាមួយម្ចាស់សំណង់មួយនេះ។
ក្នុងអំឡុងពេលសាងសង់ប្រជាពលរដ្ឋនៅជិតខាង បានរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន ជាច្រើនលើកច្រើនសារផងដែរ ប៉ុន្តែគ្មានលទ្ធផលនោះទេ នៅតែបណ្តែតបណ្តោយឲ្យសាងសង់រហូតដល់ចប់ជាស្ថាពររហូទមកដល់ពេលនេះ។ សូមបញ្ជាក់ថា កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៥ អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស បានចេញលិខិតជូនទៅអភិបាលខណ្ឌទួលគោក ឲ្យវាយចេញសំណង់នេះ ត្រូវកែសម្រួលឲ្យបានត្រឹមត្រូវ និងបើសុំច្បាប់បានតែត្រូវអនុញ្ញាតតាមគោលការណ៍។ ប្រជាពលរដ្ឋបានលើកឡើងថា បើទោះជាអភិបាលរាជធានីភ្នំពេញ បានចេញលិខិតនេះ ប្រាប់ទៅអាជ្ញាធរខណ្ឌទួលគោក វាយកម្ទេចចោលក៏ដោយតែអាជ្ញាធរខណ្ឌ មិនបានអនុវត្តនោះឡើយ។
សូមបញ្ជាក់ថា កាលពីម្សិលមិញស្រ្តីម្នាក់ រស់នៅសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ក៏បានរិះគន់ដល់អាជ្ញាធរផងដែរ ដឹកនាំដោយលោក ប៉ាង លីដា ចុះទៅវាយកម្ទេចកាំជណ្តើរ៣កាំ ដែលអះអាងថា បានសង់រំលោភលើចិញ្ចើមផ្លូវ ខណៈសំណង់ធំៗដែលរំលោភផងដែរនោះ អាជ្ញាធរមិនបានយកចិត្តទុកដាក់នោះទេ។ ជុំវិញករណីខាងលើនេះអង្គភាពព័ត៌មាន Fresh News មិនទាន់មិនអាចសុំការបកស្រាយពីថ្នាក់ដឹកនាំសាលាខណ្ឌទួលគោកនៅឡើយទេ។
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្លាប់ប្រាប់ទៅកាន់ប្រជាពលរដ្ឋសូមឲ្យ បញ្ឈប់ការសង់សំណង់រំលោភលើចិញ្ចើមផ្លូវ ពោលត្រូវនាំគ្នាចូលរួមគោរពច្បាប់ ទាំងអស់គ្នា ហើយម្ចាស់សំណង់ណាដែលសង់រំលោភនោះ អាជ្ញាធរត្រូវវាយកម្ទេចចោលតែម្តង៕