(ភ្នំពេញ)៖ ប្រធានក្រុមប្រឹក្សារជំនុំជម្រះតុលាការកំពូល លោក និន ណុន បានប្រកាសសម្រេចលើកយកសំណុំរឿងលោកមេធាវី ពេជ្រ រតនា ទៅប្រកាសសាលដីកា នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ខាងមុខនេះ។
ការសម្រេចនេះគឺធ្វើឡើងកាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ បន្ទាប់ពីសវនាការបានបញ្ចប់នៅតុលាការកំពូល។ យ៉ាងណាក៏ដោយតំណាងមហាអយ្យការគឺ លោក ច័ន្ទ តារារស្មី បានសម្រេចតម្កល់ការចោទប្រកាន់ របស់សាលាដំបូងរាជធានីភ្នំពេញ និងសាលដីការបស់សាលាឧទ្ធណ៍ ដែលបានសម្រេចដាក់ទោសមេធាវីឈ្មោះ ពេជ្រ រតនា ដាក់ពន្ធនាគារកំណត់៥ឆ្នាំ តែអនុវត្តន៍២ឆ្នាំប៉ុណ្ណោះ ទោសដែលនៅសល់ត្រូវព្យួរទាំងអស់ពីបទ «ប៉ុនប៉ងសូកប៉ាន់ចៅក្រម» តាមមាត្រា៦០៥ នៃក្រមព្រហ្មទណ្ឌ។
សូមរំលឹកថា អង្គភាពប្រឆាំពុករលួយ (ACU) កាលពីល្ងាចថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦កន្លងទៅ បានសម្រេចឃាត់ខ្លួនមេធាវីពេជ្រ រតនា ដោយអះអាងថាជាប់ពាក់ព័ន្ធនឹងករណីពុករលួយ និងរត់ការសំណុំរឿងក្តីនៅក្នុងតុលាការនាពេលកន្លងមក។
លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ធ្លាប់ឱ្យដឹងថា៖ ជនសង្ស័យត្រូវបានឃាត់ និងនាំខ្លួន ដោយអង្គភាពប្រឆាំងអំពើពុករលួយ នៅក្នុងចំណុចពហុកីឡដ្ឋានជាតិអូឡាំពិក កាលពីព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦ បន្ទាប់ពី គាត់បានចេញពីសាលាដំបូងរាជធានីភ្នំពេញ ហើយដើរទៅកាន់រថយន្តរបស់គាត់៕