(ភ្នំពេញ)៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានផ្ញើជូនប្រធានសភាប្រជាជនទូទាំងប្រទេសចិន អបអរសាទរការប្រារព្ធខួបលើកទី៧២ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិ

សម្តេចបានសូមស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះមាគ៌ានៃការអភិវឌ្ឍប្រកបដោយសន្តិសហវិជ្ជមាន ក៏ដូចជាគំនិតផ្តួចផ្តើមកសាងសហគមន៍ជោគវាសនារួមសម្រាប់មនុស្សជាតិ ដែលបានជំរុញ និងផ្សព្វផ្សាយនយោបាយការទូតប្រកបដោយភាពឈ្លាសវៃរបស់ប្រទេសចិន ហើយបានជះឥទ្ធិពលនៅក្នុងទំនាក់ទំនងអន្តរជាតិ។

តាមរយៈលិខិតរបស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ផ្ញើជូនលោក លី ចាន់ស៊ូ ប្រធានសភាប្រជាជនទូទាំងប្រទេស នៃសាធារណរដ្ឋប្រជាមានិតចិន នៃការប្រារព្ធខួបលើកទី៧២ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២១នេះ បានឱ្យដឹថា ក្នុងរយៈពេល២ឆ្នាំមកនេះ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់បក្សកុម្មុយនិស្តចិន សាធារណរដ្ឋប្រជាមានិតចិន សម្រេចបាននូវការឯកភាព ភាពសុខុដុមរមនា និងវិបុលភាព ទោះបីជាប្រទេសដែលមានប្រជាជនច្រើនជាងគេបំផុតនៅលើពិភពលោក និងមានជនជាតិភាគតិចខុសៗគ្នាជាច្រើនយ៉ាងណាក៏ដោយ។

ឆ្លៀតក្នុងឱកាសដ៏សែនរីករាយបំផុតនេះ សម្តេចសូមកោតសរសើរអស់ពីដួងចិត្តជូនគណបក្សកុម្មុយនិស្តចិន ចំពោះការប្តេជ្ញាចិត្តយ៉ាងមោះមុត និងការពលីកម្មគ្រប់បែបយ៉ាងអស់រយៈពេល១សតវត្សរ៍កន្លងមកនេះ បានជម្នះឧបសគ្គជាច្រើន ហើយទីបំផុតបាននាំមកនូវវឌ្ឍនភាព និងវិបុលភាពយ៉ាងធំធេង ក្នុងការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងជោគវាសនាប្រជាជនរបស់ខ្លួន។

សាធារណរដ្ឋប្រជាមានិតចិន បានក្លាយជាប្រទេសមហាអំណាចសេដ្ឋកិច្ចទី១ នៅតំបន់អាស៊ី និងលេខ២ លើពិភពលោក ហើយជាប្រទេសកំពុងអភិវឌ្ឍន៍ដំបូងគេបង្អស់ដែលសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ ស្តីពីការលុបបំបាត់ភាពក្រីក្រ មុនកាលកំណត់របស់ អ.ស.ប. នៅឆ្នាំ២០៣០។ លើសពីនេះទៀតប្រទេសចិន សម្រេចបានសមិទ្ធផលផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាដ៏គួរឱ្យកោតស្ញប់ស្ញែង ក្នុងការចូលរួមចំណែកយ៉ាងធំធេងដល់ដំណើរការថែរក្សាសន្តិភាព អភិវឌ្ឍន៍ និងវិបុលភាពពិភពលោក។

សម្តេចប្រធានរដ្ឋសភាកម្ពុជា បានលើកឡើងយ៉ាងដូច្នេះថា៖ «រដ្ឋសភាកម្ពុជា សូមស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះមាគ៌ានៃការអភិវឌ្ឍប្រកបដោយសន្តិសហវិជ្ជមាន ក៏ដូចជាគំនិតផ្តួចផ្តើមកសាងសហគមន៍ជោគវាសនារួមសម្រាប់មនុស្សជាតិ ដែលបានជំរុញ និងផ្សព្វផ្សាយនយោបាយការទូតប្រកបដោយភាពឈ្លាសវៃរបស់ប្រទេសចិន ហើយបានជះឥទ្ធិពលនៅក្នុងទំនាក់ទំនងអន្តរជាតិ»

សម្តេច ហេង សំរិន បានបន្តថា ក្នុងបរិការណ៍នេះ ប្រទេសចិន ពិតជាបានលើកកម្ពស់គោលការណ៍ពហុភាគីនិយម និងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ យ៉ាងស៊ីជម្រៅ គឺដើម្បីជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ច និងការពង្រឹងពង្រីករចនាសម្ព័ន្ធនៃកិច្ចសហប្រតិបត្តិការក្នុងតំបន់។

បន្ថែមពីនេះ សម្តេច ហេង សំរិន បានបញ្ជាក់ថា កម្ពុជាប្រកាន់ខ្ជាប់ឥតងាករេ នូវគោលនយោបាយ «ចិនតែមួយ»។ ខ្ញុំសូមសម្តែងនូវការប្តេជ្ញាចិត្តខ្ពស់ ក្នុងការបន្តពូនជ្រុំនូវទំនាក់ទំនងកម្ពុជា ចិនឱ្យកាន់តែមានភាពរឹងមាំ ហើយកិច្ចសហប្រតិបត្តិការ រវាងសភាតំណាងប្រជាជនទូទាំងប្រទេសនៃសាធារណរដ្ឋប្រជាមានិតចិន និងរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា កាន់តែមានភាពប្រសើរថ្លៃថ្លាពីមួយថ្ងៃទៅមួយថ្ងៃ។

សម្តេច ហេង សំរិន បានគូសបញ្ជាក់ថា «រដ្ឋសភាកម្ពុជា នឹងបន្តលើកកម្ពស់ភាពជាដៃគូក្នុងចំណងមិត្តភាពដែកថែប នៃប្រទេសយើងទាំងពីរ និងមានឆន្ទៈធ្វើការរួមគ្នាជាមួយប្រទេសចិន ដើម្បីធ្វើឱ្យកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ ឱ្យកាន់តែប្រកបដោយផលប្រយោជន៍ទៅវិញទៅមកនៅក្នុងវិស័យផ្សេងៗគ្នា»

ទន្ទឹមនឹងនេះដែរ សម្តេចប្រធានរដ្ឋសភា មានជំនឿថា សភាប្រជាជនទូទាំងប្រទេសចិន រដ្ឋាភិបាល និងប្រជាជនចិននឹងសម្រេចបាននូវគោលដៅ១០០ឆ្នាំ ទី២របស់បក្សកុម្មុយនិស្តចិន «ក្នុងការកសាងប្រទេសសង្គមនិយមដ៏ទំនើប រុងរឿង ខ្លាំងក្លា ប្រជាធិបតេយ្យ វប្បធម៌ជឿនលឿន និងសុខុមដុមរមនា» នៅឆ្នាំ២០៤៩៕