(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រង កងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម បានបបញ្ជាក់ថា កងទ័ពមួកខៀវកម្ពុជា ដែលត្រូវបញ្ជូនឱ្យចូលរួមបំពេញបេសកកម្មមនុស្សធម៌ ក្រោមឆត្រអង្គការសហបប្រជាជាតិ នៅតាមបណ្តាប្រទេសដែលកំពុងតែហួងហែងដោយសារភ្លើងសង្គ្រាមស៊ីវិល គឺជាកងកម្លាំងពោលពេញដោយសមត្ថភាពគ្រប់គ្រាន់ ដែលលើកស្ទួយកិត្យានុភាពកម្ពុជា នៅលើឆាកអន្តរជាតិ។
សម្រាប់បេសកកម្មមនុស្សធម៌របស់កម្ពុជានេះ គឺកម្ពុជាចូលរួមដោយស្ម័គ្រចិត្ត និងការទទួលខុសត្រូវក្នុងឋានៈជាសមាជិកអង្គការសហប្រជាជាតិ។ បន្ថែមលើភារកិច្ចស្នូលរបស់ កងយោធពលខេមរភូមិន្ទ ដៃម្ខាងជ្រោងទង់ជាតិកម្ពុជា ការពារជាតិមាតុភូមិ ការពារបូរណភាពដែនដីនៃព្រះរាជាណាចក្រកម្ពុជា ឯដៃម្ខាងទៀតជ្រោងទង់ជាតិ អង្គការសហប្រជាតិ ជួយបណ្តាប្រទេស និងប្រជាជាតិដែលកំពុងលិចលង់ដោយជម្លោះ និងសង្គ្រាម ឱ្យទទួលបានសន្តិភាព ដូចប្រទេសកំពុងអភិវឌ្ឍនានាលើពិភពលោក
ការបញ្ជាក់បែបនេះ របស់នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានធ្វើឡើងនាថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ ក្នុងបេសកម្ម បញ្ជូនកងទ័ពមួកខៀវរបស់ខ្លួនប្រមាណ៣០០នាក់ ក្នុងនោះមាននារី២៦នាក់ ចេញទៅបំពេញបេសកកម្មក្រោមឆ័ត្ររបស់អង្គការសហប្រជាតិ នៅប្រទេសម៉ាលី។
សម្រាប់កម្លាំងកងទ័ពមួកខៀវ ដែលបញ្ជូនទៅប្តូរវេននោះរួមមាន៖ កងអនុសេនាធំកម្ទេចគ្រាប់មិនទាន់ផ្ទុះ EOD លេខ២៨៨ និងកងអនុសេនាធំវិស្វកម្មថែទាំព្រលានយន្តហោះលេខ៩២៧។ សម្រាប់កងកម្លាំងមួកខៀវ ដែលត្រូវចេញទៅបំពេញបេសកកម្មមនុស្សធម៌ក្រោមឆត្រ របស់ UN គឺជាកងទី៨ ហើយដែលកម្ពុជាបានបញ្ជូនទៅប្រទេសម៉ាលី។
នាយឧត្តមសេនីយ៍ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «បើនិយាយពីការរួមចំណែករបស់យើង ចូលរួមរក្សាសន្តិភាពនៅតាមបណ្តាប្រទេសដែលកំពុងតែហែកហួរដោយសារតែភ្លើងសង្គ្រាម ប្រជាពលរដ្ឋកំពុងតែស្រែកឃ្លានសន្តិភាព យើងចូលរួមរកសន្តិភាពជូនគាត់ អញ្ចឹងកងទ័ពយើងបញ្ជូនទៅនេះ គឺជ្រើសរើសជំនាញ ការដោះគ្រាប់មីន ការកម្ទេចគ្រឿងផ្ទុះ ដែលក្រុមភេរវករបានដាក់ យើងដោះបន្សាបដោយសារកងទ័ពកម្ពុជា មានជំនាញពិតប្រាកដ សារស្ថាបនាផ្លូវ ការថែទាំព្រលានយន្តហោះ...!»។
ជាមួយគ្នានេះដែរ នាយឧត្តមសេនី បានឱ្យដឹងថា ហើយបច្ចុប្បន្ននេះ តាមការវាយតម្លៃចុងក្រោយពី អ.ស.ប នារីមួកខៀវកម្ពុជា បន្តរក្សាចំណាក់ថ្នាក់លេខ២ ក្នុងសហគមន៍អាស៊ានទាំង១០ប្រទេស។ ទន្ទឹមនឹងនេះ កម្ពុជានៅបន្តរក្សាកេរ្តិ៍តំណែលជាប្រទេសដែលមិនមានជាប់ពាក់ព័ន្ធនឹងអំពើហិង្សា និងការជួញដូរផ្លូវភេទ។
កងកម្លាំងមួកខៀវកម្ពុជា ដែលពោរពេញដោយបទពិសោធន៍ ពិតជាមានចំណេះជំនាញច្បាស់លាស់ លើជំនាញបោសសម្អាតមីន កម្ទេចយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ វិស្វកម្មលើជំនាញសំណង់ផ្តេក សំណង់បញ្ឈរ វិស្វកម្មព្រលានយន្តហោះ អាវុធហត្ថ មន្ទីរពេទ្យកម្រិត២ នាយទាហានសេនាធិការ និងសង្កេតការណ៍យោធា។
មុនចេញទៅបំពេញបេសកកម្ម កម្លាំងមួកខៀវកម្ពុជាទាំងអស់បានទទួលការហ្វឹកហ្វឺន ការបណ្តុះបណ្តាលច្បាស់លាស់ ពីយោធាចារ្យជាតិ និងយោធាចារ្យអន្តរជាតិ មានដូចជាអូស្រ្តាលី សហរដ្ឋអាមេរិក សាធារណៈរដ្ឋប្រជាមានិតចិន ជប៉ុន ហ្វីលីពីន ថៃ បារាំង ឥណ្ឌា រុស្ស៊ី និងប្រទេសជាមិត្តមួយចំនួនទៀត។
នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានបន្ថែមថា រហូតមកពេលនេះកម្ពុជា នៅតែបន្តមានមោទកភាពខ្ពស់នៅលើឆាកអន្តរជាតិ ខណៈទង់ជាតិរបស់កម្ពុជា ត្រូវបង្ហូតយ៉ាងខ្ពស់ត្រដែត នៅតាមតំបន់ដែលកងទ័ពមួកខៀវកម្ពុជា កំពុងបំពេញបេសកកម្មមនុស្សធម៌ ក្រោមឆត្ររបស់អង្គការសហប្រជាជាតិ។
នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា សម្រាប់នៅតាមបំបន់បំពេញបេសកកម្មនីមួយៗ គឺមានកងទ័ពមកពីបណ្តាប្រទេសជាង៥០ បន្ថែមពីនេះទង់ជាតិរបស់កម្ពុជា ក៏បានបង្ហូតយ៉ាងស្រស់ស្អាតស្មើមុខ ស្មើមាត់ ជាមួយប្រទេសនានា នៅទីស្នាក់ធំរបស់អង្គការសហប្រជាជាតិ នៅទីក្រុងញូយ៉ក សហរដ្ឋអាមេរិក។
គិតចាប់តាំងពីឆ្នាំ២០០៦ រហូតមកដល់ពេលនេះ កម្ពុជាបានបញ្ជូនកងកម្លាំងរក្សាសន្តិភាព ជាង៧ពាន់នាក់ ទៅបំពេញបេសកកម្ម មនុស្សធម៌ ជាមួយអង្គការសហប្រជាជាតិ នៅក្នុងប្រទេសចំនួន៩ រួមមាន៖ ស៊ូដង់ ស៊ូដង់ខាងត្បូង, ឆាដ, លីបង់, ស៊ីរី, ម៉ាលី, អាហ្វ្រិកកណ្តាល សាយប្រឺស និងយ៉េមែនជាដើម។
ដោយឡែកបច្ចុប្បន្នកម្ពុជាមានកម្លាំងកងទ័ពមួកខៀវជិត ៨០០នាក់ ក្នុងនោះមាននារីជិត៨០នាក់ បាននឹងកំពុងបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ នៅប្រទេសលីបង់ ស៊ូដង់ ស៊ូដង់ខាងត្បូង ម៉ាលី និងសាធារណរដ្ឋអាហ្វ្រិកកណ្តាល៕