(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ នារសៀលថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ ចេញសារាចរណែនាំស្ដីពី ការដាក់ឱ្យអនុវត្ត «ប្រព័ន្ធគ្រប់គ្រងមូលដ្ឋានអាជីវកម្មទេសចរណ៍មានវិធានសុវត្ថិភាពទេសចរណ៍» ក្នុងគោលបំណងដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ជាពិសេសចូលរួមជំរុញកំណើនសេដ្ឋកិច្ច តាមរយៈការស្តារឡើងវិញនូវវិស័យទេសចរណ៍កម្ពុជា ដោយចាប់ផ្តើមពីទេសចរណ៍ផ្ទៃក្នុង ក៏ដូចជាដើម្បីត្រៀមខ្លួនទទួលភ្ញៀវទេសចរអន្តរជាតិ។
ប្រព័ន្ធគ្រប់គ្រងទិន្នន័យមូលដ្ឋានអាជីវកម្មទេសចរណ៍មានវិធានសុវត្ថិភាពទេសចរណ៍នេះ មានឈ្មោះគេហទំព័រផ្លូវការ www.tourismsafety.visitcambodia.travel សម្រាប់បញ្ចូល និងស្តុកទុកទិន្នន័យមូលដ្ឋានអាជីវកម្មទេសចរណ៍ដែលអនុវត្តត្រឹមត្រូវ ស្របតាមវិធានសុវត្ថិភាពទេសចរណ៍។
ជាមួយគ្នានោះ ក៏មានឯកសារដែលប្រាប់ពីរបៀបប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងមូលដ្ឋានអាជីវកម្មទេសចរណ៍មានវិធានសុវត្ថិភាពទេសចរណ៍ និងមានវីដេអូដែលប្រាប់ពីរបៀបប្រើប្រាស់ផងដែរ។
នាយកដ្ឋានជំនាញនៃក្រសួងទេសចរណ៍ ក៏បានបង្កើតកម្មវិធីវគ្គបណ្តុះបណ្តាលតាមប្រព័ន្ធវីដេអូ ស្តីពីការបញ្ចូលទិន្នន័យមូលដ្ឋានអាជីវកម្មទេសចរណ៍ដែលមានវិធានសុវត្ថិភាពទេសចរណ៍នៅក្នុងប្រព័ន្ធអនឡាញនេះ ដល់មន្រ្តីរដ្ឋបាល និងមន្ទីរទេសចរណ៍រាជធានី-ខេត្តសរុបចំនួន ២៦៥ នាក់ផងដែរ។
វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងឱ្យមន្រ្តីជំនាញថ្នាក់មូលដ្ឋានយល់ដឹង និងចេះប្រើប្រាស់ប្រព័ន្ធអនឡាញ ក្នុងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍របស់អាជីវកម្មទេសចរណ៍នៅតាមមូលដ្ឋាន និងសហគមន៍របស់រាជធានី-ខេត្តទាំងអស់ ស្របតាមវិធានសុវត្ថិភាព និងនីតិវិធីប្រតិបត្តិស្តង់ដារអប្បបរមា (SOP) សម្រាប់មូលដ្ឋានអាជីវកម្មទេសចរណ៍ ដែលដាក់ចេញដោយក្រសួងទេសចរណ៍៕