(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជំរុញឲ្យអគ្គស្នងការដ្ឋាននគរបាលជាតិ និងគណៈបញ្ជាការឯកភាពគ្រប់ជាន់ថ្នាក់ ត្រូវសហការគ្នាចាត់វិធានការឲ្យបានម៉ត់ចត់ ដើម្បីការពារសន្តិសុខនិងថែរក្សាសណ្តាប់ធ្នាប់ សាធារណៈឲ្យបានប្រសើរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ នេះបើយោងតាមលិខិតរបស់សម្តេចក្រឡាហោម ផ្ញើជូនកម្លាំងនគរបាលជាតិនិងមន្ត្រីរាជការក្រសួងមហាផ្ទៃ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ។
លើសពីនេះ សម្តេចក្រឡាហោម បានជំរុញឲ្យកម្លាំងសមត្ថកិច្ចការពារសន្តិសុខសណ្តាប់ធ្នាប់ឲ្យបានល្អប្រសើរ នៅតាមទីវត្តអារាម រមណីដ្ឋាន កន្លែងកម្សាន្តនានា ព្រមទាំងបង្កើនស្មារតីយកចិត្តទុកដាក់ប្រមូលផ្តុំ ដឹកនាំល្បាត បង្ការទប់ស្តាត់សកម្មភាព លួច ឆក់ ប្លន់ ក្រុមក្មេងទំនើង និងសកម្មភាពល្មើសច្បាប់ផ្សេងៗ នៅក្នុងមូលដ្ឋានរៀងៗខ្លួន៕