(ភ្នំពេញ)៖ អង្គការមូលនិធិបង្ការរបួសអាស៊ី (AIP Foundation) បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់លើលទ្ធផល នៃការសិក្សាស្រាវជ្រាវ ស្តីពី «លទ្ធភាពលក្នុងការផ្លាស់ប្តូររថយន្តដឹកកម្មករនិយោជិក ដែលមិនមានសុវត្ថិភាព មកជារថយន្តដែលមានសុវត្ថិភាពប្រសើរជាង» ក្រោមអធិបតីភាព លោកស្រី មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។
កិច្ចប្រជុំនេះ ធ្វើឡើងនៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ ដោយមានការចូលរួមពី តំណាងមកពីគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្រសួងសាធារណការ និងដឹកជញ្ជូន, ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, បេឡាជាតិរបបសន្តិសុខសង្គម, ក្រសួងកិច្ចការនារី, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, អគ្គស្នងការដ្ឋាននគរបាលជាតិ និងស្ថាប័នរដ្ឋាភិបាលថ្នាក់ក្រោមជាតិ ភាគីពាក់ព័ន្ធក្នុងវិស័យឧស្សាហកម្ម និងអង្គការសង្គមស៊ីវិល។
លោក គឹម បញ្ញា នាយកប្រចាំប្រទេស អង្គការមូលនិធិបង្ការរបួសអាស៊ី (AIP Foundation) បានលើកឡើងថា កិច្ចប្រជុំពិគ្រោះយោបល់ ជំរុញការចូលរួមពីភាគីពាក់ព័ន្ធ និងថ្នាក់ដឹកនាំផ្នែកសុវត្ថិភាពចរាចរណ៍ ដើម្បីផ្តល់នូវបទពិសោធន៍ ដំបូន្មាន និងដំណោះស្រាយជាក់ស្តែង។ លទ្ធផល នៃការសិក្សាស្រាវជ្រាវ គឺជាចំណុចសំខាន់មួយ ក្នុងការការពារជីវិតកម្មករនិយោជិតរោងចក្រដែលធ្វើដំណើរនៅលើដងផ្លូវជារៀងរាល់ថ្ងៃ។
លោក William Conklin នាយកកម្មវិធីប្រចាំប្រទេសកម្ពុជា នៃមជ្ឈមណ្ឌលសាមគ្គីភាព បានបញ្ជាក់ថា កិច្ចប្រជុំនេះមានសារៈសំខាន់ ព្រោះនាំមកជាមួយនូវបទពិសោធន៍បែបពហុវិស័យ និងចំណាប់អារម្មណ៍ក្នុងការដោះស្រាយបញ្ហាការដឹកជញ្ជូនជាប្រព័ន្ធ រួមទាំងការបង្កើតឲ្យមានរថយន្ត ដែលមានសុវត្ថិភាពជាងមុន ដែលប៉ះពាល់ដល់កម្មករនិយោជិតកម្ពុជាជាច្រើន។
អង្គការមូលនិធិបង្ការរបួសអាស៊ី និងក្រុមហ៊ុន សាជីវកម្ម វីអេហ្វនឹងប្រើប្រាស់លទ្ធផល នៃការសិក្សាស្រាវជ្រាវ និងដំណោះស្រាយ ព្រមទាំងការធ្វើឲ្យប្រសើរឡើងដែលទទួលបានពីកិច្ចប្រជុំពិគ្រោះយោបល់ដើម្បីអនុវត្តយុទ្ធសាស្រ្ត និងសកម្មភាពឆ្ពោះទៅមុខ។
លោក Graham Cronshaw នាយកប្រចាំប្រទេសកម្ពុជា នៃក្រុមហ៊ុនសាជីវកម្ម វីអេហ្វ (VF Corporation) បានបញ្ជាក់ថា លទ្ធផលនៃការសិក្សាស្រាវជ្រាវ គឺតំណាងឲ្យឱកាសថ្មីមួយសម្រាប់ ការជួយសង្រ្គោះដល់ជីវិតមនុស្សដែលធ្វើដំណើរតាមដងផ្លូវ តាមរយៈការផ្លាស់ប្តូររថយន្ត ឲ្យមានសុវត្ថិភាពជាងមុនសម្រាប់អ្នកប្រើប្រាស់ផ្លូវ ដែលងាយរងគ្រោះ។
សូមជម្រាបថា កាលពីខែមេសា ឆ្នាំ២០២១ អង្គការមូលនិធិបង្ការរបួសអាស៊ី ដោយមានការគាំទ្រពី ក្រុមហ៊ុនសាជីវ កម្ម វីអេហ្វ (VF Corporation) បានសហការជាមួយមជ្ឈមណ្ឌលសិក្សាគោលនយោបាយ (CPS) បានប្រារព្ធកម្មវិធីប្រកាសផ្តើមអនុវត្តការសិក្សាស្រាវជ្រាវជាផ្លូវការស្តីពី «លទ្ធភាព និងជម្រើសក្នុងការផ្លាស់ប្តូររថយន្តដឹកកម្មករនិយោជិតដែលមិនមានសុវត្ថិភាព មកជារថយន្តដែលមានសុវត្ថិភាពប្រសើរជាង» ដែលជាផ្នែកមួយនៃកម្មវិធី «បង្ការ និងបង្កើនការចូលរួម»។
ការសិក្សាស្រាវជ្រាវមានគោលបំណងធ្វើការពិនិត្យ និងកំណត់វិធីសាស្រ្តដែលល្អបំផុត និងការអនុវត្តដើម្បីធ្វើការផ្លាស់ប្តូរពីការដឹកជញ្ជូនរួម ដែលមិនមានសុវត្ថិភាពទៅជាមធ្យោបាយដែលមានសុវត្ថិភាពប្រសើរជាង ដែលជាលទ្ធផលនឹងជួយសង្គ្រោះជីវិតមនុស្ស។
កិច្ចប្រជុំពិគ្រោះយោបល់នេះ មានគោលបំណង៖
* ធ្វើការបង្ហាញ និងប្រមូលមតិយោបល់លើលទ្ធផល និងអនុសាសន៍នៃការសិក្សាស្រាវជ្រាវ
* ធ្វើការពិភាក្សាអំពីបញ្ហាប្រឈម និងឱកាសក្នុងការអនុវត្តអនុសាសន៍ ដែលទទួលបានពីការសិក្សាស្រាវជ្រាវ ជាពិសេសស្វែងរកលទ្ធភាព ក្នុងការផ្លាស់ប្តូរពីរថយន្តដឹកទំនិញ ទៅជារថយន្តដែលមានសុវត្ថិភាពប្រសើរជាង (រថយន្តដឹកអ្នកដំណើរ/រថយន្តក្រុង/ឬយ៉ាងហោចណាស់មានរៀបចំ កន្លែងអង្គុយសមរម្យ) សម្រាប់កម្មករនិយោជិត
* កំណត់អំពីអាទិភាពសម្រាប់ការផ្លាស់ប្ដូររថយន្តដឹកកម្មករនិយោជិត មកជារថយន្តដែលមានសុវត្ថិភាពប្រសើរជាង ដែលស្របទៅនឹងផែនការរបស់រាជរដ្ឋាភិបាល
*ស្វែងរកប្រភពថវិកា ក្នុងការគាំទ្រជម្រើស នៃការផ្លាស់ប្ដូររថយន្តដឹកកម្មករនិយោជិតមកជារថយន្តដែលមានសុវត្ថិភាព ប្រសើរជាងយានយន្តដែលគ្មានសុវត្ថិភាព។
ការប្រមូលមតិយោបល់ បានធ្វើឡើងតាមរយៈការរៀបចំប្រធានបទពិភាក្សាអំពីបញ្ហាប្រឈម និងឱកាសក្នុងការអនុវត្តអនុសាសន៍ពីការសិក្សាស្រាវជ្រាវ និងអាទិភាពសម្រាប់ការផ្លាស់ប្ដូរ រថយន្តដឹកកម្មករ និយោជិតមកជារថយន្តដែលមានសុវត្ថិភាពប្រសើរជាង ដែលស្របទៅនឹងផែនការរបស់រាជរដ្ឋាភិបាល និងប្រភពថវិកាសម្រាប់គាំទ្រ ជម្រើសនៃការផ្លាស់ប្ដូររថយន្តដឹកកម្មករ និយោជិតមកជារថយន្តដែលមានសុវត្ថិភាពជាង៕