(កំពង់ស្ពឺ)៖ លោក លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកប្រធានអគ្គនាយកកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៦ បានដឹកនាំគណៈប្រតិភូកំពង់ផែស្វយ័ត ចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយ ព្រមទាំងនាំយកអំណោយចែកជូនដល់ នាយនាវី នាយនាវីរង និងពលនាវី នៅកងពលតូចការពារកោះឆ្នេរលេខ៣១ កងទ័ពជើងទឹក ស្ថិតក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មុនឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនាពេលខាងមុខ។
សម្ភារមួយចំនួនដែលលោក លូ គឹមឈន់ បាននាំយកទៅជូនអង្គភាពយោធាជើងទឹក ដឹកនាំដោយលោកឧត្តមនាវីឯក ស្រ៊ុន សារឿន មេបញ្ជាការកងពលដើម្បីរៀបចំពិធីអបអរ សាទរពិធីបុណ្យចូលឆ្នាំថ្មីខាងមុខនេះ គោលបំណងលើកទឹកចិត្ត ដល់យោធាជើងទឹក សម្រាប់ការពារសន្តិសុខ និងសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋនាពេលកន្លងទៅ។
នៅក្នុងឱកាសនោះ លោកក៏បានសំណូមពរដល់អង្គភាពយោធាមួយនេះ រួមសហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ បន្តជួយបង្កើនកិច្ចការពារ រក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ជូនដល់ប្រជាពលរដ្ឋ សម្រាប់ដើរលេងកំសាន្ត ចៀសវាសមានជនខិលខូចឆ្លៀតឱកាស ប្រព្រឹត្តអំពើទុច្ចរិត ហើយដើម្បីឲ្យស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលស្តីពី «ភូមិ-ឃុំ» មានសុវត្ថិភាព៕