(កោះកុង)៖ រដ្ឋបាលខេត្តកោះកុងនៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ បានរៀបចំពិធីចាប់ឆ្នោតដើម្បីទទួលយកលេខរៀង ក្នុងការទទួលទីតាំងដីឡូត៍សម្រាប់ប្រជាពលរដ្ឋ ដែលទទួលផលប៉ះពាល់ជាមួយក្រុមហ៊ុន «យូញៀន» កន្លងមក ស្ថិតនៅស្រុកបូទុមសាគរ និងស្រុកគីរីសាគរ ចំនួន២៥៥គ្រួសារ។
ពិធីចាប់ឆ្នោតយកដីឡូត៍ខាងលើនេះ បានធ្វើឡើងក្រោមវត្តមានលោក ទេព ធន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង រួមទាំងមន្រ្តីពាក់ព័ន្ធ និងអាជ្ញាធរស្រុកផងដែរ។
លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង ទទួលបន្ទុកការងារដីធ្លី បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ថា ក្រោយមានការសម្របសម្រួលដោះស្រាយគោលនយោបាយរបស់រាជរដ្ឋាភិបាល ជូនប្រជាពលរដ្ឋដែលមានដីទំនាស់ ផលប៉ះពាល់ជាជាមួយក្រុមហ៊ុន «យូញៀន» ចំនួន២ស្រុក គឺស្រុកបូទុមសាគរ និងស្រុកគីរីសាគររួចមកនោះ នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ ក្រុមការងារអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី និងអាជ្ញាធរខេត្ត បានសម្របសម្រួលដោះស្រាយ និងរៀបចំការចាប់ឆ្នោតយកទីតាំងដីឡូត៍ជូនប្រជាពលរដ្ឋចំនួន២៥៥គ្រួសារ ក្នុងទំហ៊ុដី១គ្រួសារចំនួន២ហិកតា។
លោកអភិបាលរងខេត្ត បានថ្លែងទៅកាន់ប្រជាពលរដ្ឋថា នៅពេលបងប្អូនទទួលបានការសម្របសម្រួលពីអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី និងអាជ្ញាធរខេត្ត បានដីធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ហើយសូមកុំឲ្យលក់ទៅឈ្មួញឡើយ ក្នុងរយៈពេល៥ឆ្នាំ គឺត្រូវធ្វើរបងដាំដំណាំកសិកម្ម អាស្រ័យផលក្នុងគ្រួសារ បើយើងមានដីកម្មសិទ្ធិស្របច្បាប់ហើយ បងប្អូនត្រូវចេះថែរក្សាវាកុំឲ្យបាត់បង់ទៀត។
ជាមួយគ្នានេះលោកក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ត្រូវបញ្ឈប់ការលួចកាប់ទន្ទ្រានដីព្រៃជាសម្បត្តិរបស់រដ្ឋបន្តទៀត ព្រោះវានាំមកនូវបញ្ហាប្រឈមជាមួយផ្លូវច្បាប់ទៀតផង។
ពលរដ្ឋដែលទទួលការសម្របសម្រួលដោះស្រាយផលប៉ះពាល់ជាមួយក្រុមហ៊ុន «យូញៀន» បាននិយាយថា ពួកគាត់សូមអរគុណដល់ប្រមុខរាជរដ្ឋាភិបាល ដែលបានសម្របសម្រួលដោះស្រាយដីរបស់ពួកគាត់ ជាមួយក្រុមហ៊ុនរាប់ឆ្នាំមកហើយនោះ រហូតទទួលបានប័ណ្ណកម្មសិទ្ធិស្របច្បាប់គ្រប់គ្រាន់ពេញលេញដោយមិនមានការភិតភ័យទៀតឡើយ៕