(ព្រះវិហារ)៖ ថវិកាចំនួន ៤៧ ៤៥០ ០០០រៀល ដែលជាអំណោយដ៏ថ្លែថ្លារបស់លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្តុ ត្រូវបានក្រុមការងារ នាំយកទៅប្រគល់ជូន ដល់អង្គភាពវរសេនាតូចអន្តរាគមន៍លេខ៣៩៥ និងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ១០៥ ដែលកំពុងឈរជើងការពារព្រំដែននៅតំបន់មុំ៣ ដែលជាអង្គភាពសម្ព័ន្ធមេត្រីភាពជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ។
ពិធីនេះបានធ្វើឡើងនាព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២១ ក្រោមវត្តមានលោក ម៉ុម សុទ្ធារ៉ា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រះវិហារ ព្រមទាំងក្រុមការងារ តំណាងលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ក៏ដូចជាថ្នាក់ដឹកនាំទាំងអស់ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
នៅក្នុងឱកាសនោះលោក ម៉ុម សុទ្ធារ៉ា បានផ្តាំផ្ញើសាកសួរសុខទុក្ខពីលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ព្រមទាំងថ្នាក់ដឹកនាំទាំងអស់ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជានិច្ចជាកាលតែងបានគិតគូរយកចិត្តទុកដាក់ ពីសុខទុក្ខ និងការរស់នៅរបស់កងកម្លាំងប្រដាប់អាវុធរបស់យើង ពិសេសអង្គភាពកងកម្លាំងដែលបានចងសម្ព័ន្ធមេត្រីភាពជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
លោកប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រះវិហារ បានថ្លែងទៀតថា ក្នុងអំឡុងពេលនៃពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំនេះ ដោយសារស្ថានភាព នៃការរីករាលដាលជំងឺកូវីដ១៩ និងមេរោគបំប្លែងថ្មី នៅមិនទាន់ថមថយនៅឡើយ ជាពិសេសនៅតំបន់តាមព្រំដែនកម្ពុជា-ថៃ ដូច្នេះហើយទើបឆ្នាំនេះថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពុំបានចូលរួមក្នុងពិធីចុះសួរសុខទុក្ខ និងប្រគល់អំណោយដល់ទីតាំងផ្ទាល់។
ទោះបីយ៉ាងណាក៏ដោយ ក្រសួងបានធ្វើការបង្វែរថវិកាចំនួន ៤៧ ៤៥០ ០០០រៀល តាមរយៈមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រះវិហារ ដើម្បីយកទៅប្រគល់ជូនផ្ទាល់ដល់ វរសេនាតូចអន្តរាគមន៍លេខ៣៩៥ និងវរសេនាតូចនគរបាល ការពារព្រំដែនគោកលេខ១០៥ ដែលជាអង្គភាពសម្ព័ន្ធមេត្រីភាពជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្រាប់ទិញគ្រឿងឧបភោគ បរិភោគ (មី ត្រីខ ទឹកបរិសុទ្ធ ទឹកក្រូច...) និងសម្រាប់ចែកជូនដល់នាយទាហាន នាយទាហានរង ពលទាហាន នៃវរសេនាតូចលេខ៣៩៥ ចំនួន៣២៤នាក់ និងនាយនគរបាល ពលនគរបាល នៃវរសេនាតូចលេខ១០៥ ចំនួន ២០២នាក់ ដែលឈរជើងនៅតំបន់មុំបី ខេត្តព្រះវិហារ ក្នុងម្នាក់ៗទទួលបាន ៥០ ០០០ រៀល នាឱកាសបុណ្យភ្ជុំបិណ្ឌនាពេលខាងមុខនេះ៕