(ភ្នំពេញ)៖ ការសាកសួររបស់ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោក សៀង សុខ លើកែហាងកាត់សក់យីហោ «ខ្មែរអង្គរ» លោក ទួន សុជាតិ បានបញ្ចប់ហើយ នៅម៉ោងប្រមាណជាង១១ព្រឹកថ្ងៃទី ៥ ខែមេសានេះ ពាក់ព័ន្ធនឹងសំណុំរឿងអាស្រូវស្នេហារបស់ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ជាមួយកញ្ញា ខុម ចាន់ដារ៉ាទី ហៅស្រីមុំ។
មន្រ្តីតុលាការបានបញ្ជាក់ថា ក្រោយបញ្ចប់ការសាកសួរ លោក ទួន សុជាតិ បានបដិសេធមិនធ្វើអត្ថាធិបាយ និងឆ្លើយសំណួរអ្នកកាសែតទេ។ ដោយលោកគ្រាន់តែឆ្លើយបញ្ជាក់យ៉ាងខ្លីថា លោកសុំមិននិយាយអ្វីច្រើនទេ ព្រោះលោកធ្លាប់បាននិយាយជាមួយអ្នកកាសែតជុំវិញនឹងរឿងរបស់ស្រីមុំ ម្តងរួចមកហើយ លោកនៅតែរក្សាការនិយាយរបស់លោកដដែល។
ប៉ុន្តែមន្ត្រីសាលាដំបូងរាជធានីភ្នំពេញដដែលបានបញ្ជាក់ថា តាមចម្លើយរបស់លោក ទួន សុជាតិ នៅតុលាការ គឺលោកបានអះអាងថា លោកមិនដឹងពីទំនាក់ទំនង ស្នេហារវាងកឹម សុខា ជាមួយស្រីមុំ ទេទើបតែដឹងឥឡូវប៉ុណ្ណោះ ហើយជាង៧ខែមុនមានអង្គរក្ស របស់លោក កឹម សុខា មកសុំលេខទូរស័ព្ទរបស់ស្រីមុំពីលោក។ លើសពីនេះ កញ្ញា ស្រីមុំ ធ្លាប់សុំច្បាប់៣ថ្ងៃថា ទៅការបងប្អូន (គាប់ជួនមានព័ត៌មានថាស្រីមុំ ទៅបាងកកជួប កឹម សុខា)។
ជាមួយគ្នានេះ លោកអះអាងថា សំឡេងក្នុងខ្សែអាត់ជាសំឡេងស្រីមុំ តែមិនដឹងថា ពិតឬមិនពិតនោះទេ។ សូមបញ្ជាក់ថា ថៅកែហាងកាត់សក់យីហោ «ខ្មែរអង្គរ» ឈ្មោះ ទួន សុជាតិ បានត្រូវលោក សៀង សុខ ចេញដីកាកោះហៅឲ្យចូលតុលាការនៅព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៦នេះ ក្នុងនាមជាសាក្សីបំភ្លឺ ក្នុងសំណុំរឿងអាស្រូវស្នេហារវាង លោក កឹម សុខា និង ស្រីកំណាន់ ឈ្មោះ ខុម ចាន់ដារ៉ាទី ហៅស្រីមុំ៕