(ភ្នំពេញ)៖ លោក ប៉ាប្លូ កាង (Pablo Kang) ឯកអគ្គរដ្ឋទូតអូស្រា្តលីប្រចាំនៅកម្ពុជា បានលើកឡើងថា នយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គួរតែត្រូវបានយកទៅប្រើប្រាស់ ដើម្បីដោះស្រាយវិបត្តិនៅប្រទេសមីយ៉ាន់ម៉ា។
ឆន្ទៈរបស់លោកឯកអគ្គរដ្ឋទូតអូស្ត្រាលី បានបង្ហាញឡើងក្នុងជំនួបពិភាក្សាការងារជាមួយលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
ក្នុងឱកាសជំនួបពិភាក្សាការងារជាមួយ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង គឺលោក ប៉ាប្លូ កាង បានលើកឡើងអំពីបញ្ហានៅប្រទេសមីយ៉ាន់ម៉ា។
សេចក្តីប្រកាសព័ត៌មាន របស់ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានបញ្ជាក់យ៉ាងដូច្នេះថា៖ «លោកឯកអគ្គរដ្ឋទូត បានលើកយកឧទាហរណ៍របស់កម្ពុជា ក្នុងការដោះស្រាយជម្លោះក្រោមគោលនយោបាយឈ្នះ-ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីជួយដោះស្រាយវិបត្តិនៅប្រទេសនេះ។ ដោយសារឆ្នាំក្រោយកម្ពុជាធ្វើជាប្រធានអាស៊ាន លោកឯកអគ្គរដ្ឋទូតបានលើកថា បេសកជនពិសេសរបស់កម្ពុជាមានតួនាទីសំខាន់ណាស់»។
ក្នុងឱកាសនោះដែរ លោកឧបនាយករដ្ឋមន្ត្រីបានលើកឡើងថា ក្នុងពេលកម្ពុជាធ្វើជាប្រធានអាស៊ាន លើកទី៣នៅឆ្នាំ២០២២ កម្ពុជានឹងផ្តល់អាទិភាពលើការពង្រឹងឯកភាពអាស៊ានតួនាទីស្នូល របស់អាស៊ាន និងធានារក្សាឱ្យបាននូវ សន្តិភាព និងស្ថិរភាពក្នុងតំបន់ ព្រមទាំងដើម្បីពង្រឹងនិម្មាបនកម្មតំបន់អាស៊ាន៕