(ភ្នំពេញ)៖ ក្រសួងសុខាភិបាល ហាមឃាត់ការចែកចាយ ឬលក់ផលិតផលគ្រឿងសម្អាងឈ្មោះ Eau Themale Avéne Thermal Spring Water គ្មានលេខប្រវេទន៍ និងគ្មានការទទួលស្គាល់ពីក្រសួងសុខាភិបាល។ នេះបើតាមសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបបាននៅយប់នេះ។
ក្រសួងសុខាភិបាល បានបញ្ជាក់ថា៖ «តាមការស្រាវជ្រាវរបស់ក្រសួងសុខាភិបាលឃើញមានផលិតផលគ្រឿងសម្អាងឈ្មោះ Eau Thermale Avéne Thermal Spring Water គ្មានលេខប្រវេទន៍ កំពុងដាក់លក់នៅលើទីផ្សារ ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលស្រដៀងនឹងផលិតផលគ្រឿងសម្អាងពិត ដែលនាំចូលដោយ គ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ DKSH (CAMBODIA) CO., LTD. មានលេខប្រវេទន៍ ពីក្រសួងសុខាភិបាល»។
អាស្រ័យដូចបានជម្រាបជូនខាងលើ និងអនុលោមតាមច្បាប់ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថ ក្រសួងសុខាភិបាលសូមធ្វើណែនាំដូចតទៅ៖
ទី១៖ សូមអភិបាលរាជធានី-ខេត្ត ណែនាំដល់ប្រធានមន្ទីរសុខាភិបាលរាជធានី-ខេត្ត ផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដល់គ្រប់គ្រឹះស្ថានលក់ឱសថ និងគ្រឹះស្ថានលក់គ្រឿងសម្អាងទាំងអស់ ឱ្យបញ្ឈប់ការលក់ផលិតផលគ្រឿងសម្អាងគ្មានលេខប្រវេទន៍ខាងលើជាបន្តទៀត។
ទី២៖ ភ្នាក់ងារត្រួតពិនិត្យឱសថនៃនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាងត្រូវសហការជាមួយមន្ទីរសុខាភិបាលរាជធានី-ខេត្ត និងអាជ្ញាធរមានសមត្ថកិច្ច ដើម្បីតាមដានរកជនខិលខូចមកផ្តន្ទាទោស និងប្រមូលផលិតផលគ្រឿងសម្អាងគ្មានលេខប្រវេទន៍ខាងលើមកកម្ទេចចោល។
ទី៣៖ លោក លោកស្រីឱសថការី ដែលទទួលបន្ទុកបច្ចេកទេស នៃគ្រឹះស្ថានលក់ឱសថ ម្ចាស់គ្រឹះស្ថានលក់គ្រឿងសម្អាង ព្រមទាំងលោក លោកស្រីអាជីវករទាំងអស់ ត្រូវបញ្ឈប់ការចែកចាយ និងលក់ផលិតផលគ្រឿងសម្អាងគ្មានលេខប្រវេទន៍ខាងលើជាបន្ទាន់។
ក្រសួងសុខាភិបាលនឹងមានវិធានការតឹងរ៉ឹងគាមផ្លូវច្បាប់ចំពោះគ្រឹះស្ថានលក់ឱសថ កន្លែងលក់គ្រឿងសម្អាង និងបុគ្គលទាំងឡាយណាដែលនៅតែបន្តចែកចាយ ឬលក់ផលិតផលគ្រឿងសម្អាងគ្មានលេខប្រវេទន៍ខាងលើតាមច្បាប់ជាធរមាន។
ក្នុងករណីបងប្អូនប្រជាពលរដ្ឋបានជួប ឬប្រទះឃើញជនណាកំពុងចែកចាយ ឬលក់ផលិតផលគ្រឿងសម្អាងខុសច្បាប់ខាងលើនេះ សូមបងប្អូនប្រញាប់ផ្តល់ព័ត៌មាន ឬត្រូវការព័ត៌មានបន្ថែមពីនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ៖ ០១២ ៣៥៥ ១៦១, ០១១ ៥៧៤ ៧៨៧, ០១២ ៩៨៣ ៣៣៤, ០១២៨៩២ ០២២, ០១៧ ៦០៦ ៦៧០, ០១៧ ៨៦៦ ៧៦០, ០១២ ៥៦២ ៤៤៦៕