(ភ្នំពេញ)៖ នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានដឹកនាំក្រុមការងារចុះពិនិត្យមើលការបោសសម្អាតមីន នៅភូមិតំណាក់ចង្អើរ សង្កាត់តំណាក់ចង្អើរ ក្រុងកែប ក្រោមការបោស សម្អាតរបស់ប្រតិបត្តករស៊ីម៉ាក់។

នៅក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី បាននាំមកនូវសុខសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យ ហើយសម្តេចតេជោ ហ៊ុន សែន ដែលជាប្រធានអាជ្ញាធរមីន បានណែនាំឲ្យថ្នាក់ដឹកនាំអាជ្ញាធរមីន ខិតខំស្វែងរកធនធាន ដើម្បីបោសសម្អាតមីននៅខេត្តកែប ដែលជាខេត្តទេសចរណ៍នេះឲ្យក្លាយជាខេត្តគ្មានការគម្រាមដោយសាគ្រាប់មីន។

លោកទេសរដ្ឋមន្ត្រី បានណែនាំដល់កំលាំងប្រតិបត្តករទាំងអស់ ត្រូវគោរពតាមវិធានការណ៍សុខាភិបាល និងគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល និងប្រុងប្រយ័ត្នគ្រប់ពេលវេលា និងជៀសឲ្យផុតពីជម្ងឺកូវីដ១៩។

សូមបញ្ជាក់ថា ចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២១ មានជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ចំនួន៣៤នាក់ (ស្លាប់ ១០នាក់ របួស១៨នាក់ និងពិការអវៈយវៈចំនួន៦នាក់) តួលេខនេះបង្ហាញពីការថយចុះ ៣៨% បើប្រៀបធៀបជាមួយនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ដែលមានជនរងគ្រោះដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះចំនួន ៥៥នាក់។

លោកទេសរដ្ឋមន្រ្តី បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តែងតែផ្តល់នូវទឹកចិត្តអាណិតអាសូរ សណ្តោសប្រណី និងយកចិត្តទុកដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមានពិការភាព ដោយពុំឱ្យមានការរើសអើងឡើយ ជាពិសេសជួយដល់ការងារមនុស្សធម៌ដល់ជនមានពិការភាពគ្រប់បែបយ៉ាងតាមរយៈការផ្តល់ជាប្រាក់ឧបត្ថម្ភ ផ្តល់ប័ណ្ណក្រីក្រ ផ្តល់សេវាសុខាភិបាលដោយឥតគិតថ្លៃ ផ្តល់ការបណ្តុះបណ្តាលវិជ្ជាជីវៈ ផ្តល់ដីសង្គមកិច្ច និងការសាងសង់លំនៅដ្ឋានសមរម្យសម្រាប់ពួកគាត់ និងក្រុមគ្រួសារ៕