(ព្រះសីហនុ)៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១នេះ បានចេញសេចក្ដីណែនាំស្ដីពី ការពង្រឹងការអនុវត្តវិធានការសុខាភិបាលចំពោះអ្នកដំណើរ និងប្រជាពលរដ្ឋមកពីក្រៅប្រទេស ចូលមកកាន់ភូមិសាស្ដ្រខេត្តព្រះសីហនុ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩។
ក្នុងគោលបំណងទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគដ៏កាចសាហាវនេះបន្ថែមទៀត ដើម្បីឈានទៅបើកឡើងវិញនូវសេដ្ឋកិច្ច សង្គម ធានាបាននូវប្រក្រតីភាព នៃជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ រក្សានិរន្តរភាព នៃការបើកសាលារៀនឡើងវិញ ក៏ដូចជាដំណើរការឡើងវិញនូវសកម្មភាពការងារ មុខរបរ និងអាជីវកម្មនានាជាធម្មតានៅក្នុងក្របខណ្ឌខេត្តព្រះសីហនុ រដ្ឋបាលខេត្តបានណែនាំឲ្យអនុវត្តនូវវិធានការសុខាភិបាលមួយចំនួន ចំពោះអ្នកដំណើរ និងប្រជាពលរដ្ឋមកពីក្រៅប្រទេស ដូចខាងក្រោម៖
*ទី១៖ បន្តល្បាតត្រួតពិនិត្យចរាចរណ៍ចេញ ចូលឆ្លងកាត់ព្រំដែនចូលមកភូមិសាស្ត្រខេត្តព្រះសីហនុទាំងតាមផ្លូវគោក និងតាមផ្លូវទឹកជាប្រចាំ។ ក្នុងករណីមានអ្នកដំណើរ ឬប្រជាពលរដ្ឋមកពីក្រៅប្រទេសចូលមកភូមិសាស្ត្រខេត្ត ឬមូលដ្ឋានក្រុង ស្រុក ជាបឋមត្រូវអនុវត្តវិធានការសុខាភិបាលជាចាំបាច់ រួមមានការយកវត្ថុសំណាកដើម្បីវិភាគរកមេរោគកូវីដ១៩ និងការដាក់ឲ្យធ្វើចត្តាឡីស័កនៅទីតាំងដែលរដ្ឋបាលខេត្តបានរៀបចំ មុននឹងបន្តនីតិវិធីផ្សេងទៀត។
*ទី២៖ ចំពោះអ្នកដំណើរដែលចូលមកតាមអាកាសយានដ្ឋានអន្តរជាតិ ខេត្តព្រះសីហនុ ត្រូវបន្តអនុវត្តវិធានការសុខាភិបាលជាធរមាន តាមរយៈប្រព័ន្ធការងារ និងកិច្ចសហការដ៏ល្អរវាងអាកាសយានដ្ឋានអន្តរជាតិខេត្ត ជាមួយរដ្ឋបាលខេត្តព្រះសីហនុ៕
ខាងក្រោមនេះ ជាសេចក្ដីណែនាំរបស់រដ្ឋបាលខេត្តព្រះសីហនុ៖