(កណ្តាល)៖ លោក នុត ពុធដារ៉ា អភិបាលរងខេត្តកណ្ដាល បានផ្តាំផ្ញើអភិបាលរងស្រុក និងនាយករដ្ឋបាលស្រុកល្វាឯម ដែលទើបតែងតាំងថ្មី ត្រូវសហការព្រមទាំងធ្វើជាសេនាធិការដ៏ល្អជូនលោកអភិបាលស្រុក និងត្រូវខិតខំបំពេញ តួនាទី និងភារកិច្ចខ្លួនឲ្យបានល្អ ដើម្បីរួមចំណែកជាមួយរដ្ឋបាលខេត្ត និងរាជរដ្ឋាភិបាល ក្នុងការអនុវត្តគោលនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ឲ្យទទួលបានជោគជ័យជាបន្តបន្ទាប់បន្ថែមទៀត។

លោកបានជំរុញយ៉ាងដូច្នេះ នៅក្នុងពិធីប្រកាសការតែងតាំងចូលកាន់មុខតំណែង អភិបាលរងស្រុក និងនាយករដ្ឋបាលស្រុកល្វាឯម ខេត្តកណ្តាល នាថ្ងៃទី១ ខែតុលា ឆ្នាំ២០២១នេះនៅសាលាស្រុកល្វាឯម។

លោក នុត ពុធដារ៉ា បានថ្លែងកោតសរសើរចំពោះគុណបំណាច់ស្នាដៃ ដែលអាជ្ញាធរស្រុកល្វាឯម គ្រប់លំដាប់ថ្នាក់ បានចូលរួមចំណែក ក្នុងការដឹកនាំគ្រប់គ្រងអភិវឌ្ឍន៍ ធ្វើឲ្យរដ្ឋបាលស្រុកល្វាឯម ទាំងមូលសម្រេចបានសមិទ្ធផលជា ផ្លែផ្កា ជាបន្តបន្ទាប់កន្លងមកនេះ។

លោកបានលើកឡើងថា ដោយពិនិត្យទៅលើលក្ខណៈសម្បត្តិ ចំណេះដឹង បទពិសោធន៍ និងអតីតភាពការងារកន្លងមក ទើបរដ្ឋបាលខេត្ត បានលើកសំណើទៅក្រសួងមហាផ្ទៃ ដើម្បីស្នើសុំប្រគល់ភារកិច្ចជូនលោក ញ៉ឹក សាត ជាអភិបាលរងស្រុកល្វាឯម និងស្នើតែងតាំងលោក ចាន់ គឿយ ជានាយករដ្ឋបាលសាលាស្រុកល្វាឯម។

ទន្ទឹមគ្នានោះ លោកអភិបាលរងខេត្ត បានក្រើនរំលឹកដល់អភិបាលស្រុក ក៏ដូចជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការ កងកម្លាំងក្នុងរដ្ឋបាលស្រុកល្វាឯមទាំងមូល ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការគ្រប់គ្រងប្រយុទ្ធទប់ស្កាត់ ឲ្យបាននូវការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ពិសេសប្រភេទ Delta ថ្មី ដោយដាក់ចេញវិធានការឆ្លើយតបជាបន្ទាន់ក្នុងការកំណត់មុខសញ្ញ និងការស្វែងរកអត្តសញ្ញាណអ្នកពាក់ព័ន្ធ ព្រមទាំងការពិនិត្យព្យាបាល ក្នុងនោះត្រូវពិនិត្យវាយ តម្លៃលើលក្ខខណ្ឌឱ្យបានច្បាស់លាស់តាមនីតិវិធីស្តង់ដារ។

លោកបន្តថា «ត្រូវកំណត់ឱ្យអ្នកជំងឺកូវីដ១៩ កម្រិតស្រាលអាចដាក់ព្យាបាលតាមផ្ទះ និងបន្តការផ្សព្វផ្សាយណែនាំដល់ប្រជាពលរដ្ឋឱ្យបន្តចូល រួមប្រយុទ្ធនឹងជំងឺកូវីដ១៩ តាមរយៈការអនុវត្តតាមគោលការណ៍ណែនាំ របស់ក្រសួងសុខាភិបាល និងប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នូវវិធានការការពារកូវីដ១៩ «៣ការពារ និង៣កុំ» ដែលជាយ័ន្តដ៏ស័ក្ដិសិទ្ធ និងបន្តយកចិត្តទុដាក់ព្យាបាលអ្នកជំងឺកូវីដ១៩ នៅមណ្ឌលព្យាបាល និងនៅផ្ទះ៕