(បន្ទាយមានជ័យ)៖ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញប្រគល់អំណោយស្បៀងអាហារជូនពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ១,១៩៨គ្រួសារ មកពីក្រុងសិរីសោភ័ណ្ឌ និងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

ពិធីចែកអំណោយធ្វើឡើងនៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១នេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ, ឧត្តមសេនីយ៍ឯក ង៉ែត ចាន់ថុន នាយរងសេនាធិការចម្រុះ ទទួលទិសយោធភូមិភាគទី៤ និងទី៥ ព្រមទាំងបណ្តាកងកម្លាំងចម្រុះផងដែរ។ ជួសមុខឱ្យប្រជាពលរដ្ឋរងគ្រោះ លោកអភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងអំណគុណយ៉ាងជ្រៀលជ្រៅជូនចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលបានគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋទទួលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ដោយបានផ្តល់អំណោយសង្គ្រោះជាស្បៀងអាហារនាពេលនេះ។

នៅចំពោះមុខពលរដ្ឋរងគ្រោះលោកទេសរដ្ឋមន្ត្រី គន់ គីម បានពាំនាំនូវការសាកសួរសុខទុក្ខរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនប្រជាពលរដ្ឋដែលបានទទួលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងក្នុងខេត្តបន្ទាយមានជ័យ និងចូលរួមសម្តែងការសោកស្តាយរបស់ប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ផ្ទះសម្បែង និងផលដំណាំជាដើម។

លោកទេសរដ្ឋមន្ត្រី គន់ គីម ក៏បានកោតសសើរគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត អាជ្ញាធរមានសមត្ថកិច្ច កម្លាំងគ្រប់ផ្នែកទាំងអស់ក្នុងមូលដ្ឋាន ដែលបានអនុវត្តន៍ផែនការទប់ស្កាត់ និងដោះស្រាយបញ្ហាបណ្តាលមកពីគ្រោះទឹកជំនន់តាមសរាចរណែនាំរបស់សម្តេចតេជោ ហ៊ុន សែន។

នៅក្នុងឱកាសនោះលោកទេសរដ្ឋមន្ត្រី បានលើកបង្ហាញនូវវីរភាពនៃការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងការគិតគូរយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ។ លោកទេសរដ្ឋមន្ត្រី បានថ្លែងថា សម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំមួយរូបដែលតែងតែតម្កល់នូវសេចក្តីសុខ និងទុក្ខរបស់ប្រជាពលរដ្ឋជាចម្បង ហើយតែងគិតគូរខ្វាយខ្វល់ជាប់ជានិច្ចចំពោះការលំបាករបស់ប្រជាពលរដ្ឋ។

លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ដូច្នេះ «សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត គឺជាមេដឹកនាំដែលប្រកាន់ខ្ជាប់នូវការទទួលខុសត្រូវចំពោះជោគវាសនាជាតិ និងប្រជាពលរដ្ឋ។ សម្តេចទាំងទ្វេជាមេដឹកនាំដែលនៅជាប់ជានិច្ចជាមួយប្រជាពលរដ្ឋ ជាពិសេសពេលពលរដ្ឋមានទុក្ខ គឺលោកមិនដែលទុកចោលឡើយ។ រាល់ពេលពលរដ្ឋមានទុក្ខ គឺមានវត្តមានរបស់លោកទាំងពីរជានិច្ច»

លោកទេសរដ្ឋមន្ត្រី គន់ គីម បានមានប្រសាសន៍ផ្តាំផ្ញើដល់ប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយត្ន័ខ្ពស់ចំពោះជំនន់ទឹកភ្លៀងនេះ និងបន្តចូលរួមគោរព និងអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួននូវគោលការណ៍រក្សាអនាម័យល្អ រួមជាមួយវិធានការនានារបស់ក្រសួងសុខាភិបាល ជាពិសេសវិធានការ «៣កុំ និង៣ការពារ» ដើម្បីការពារការរាតត្បាតជំងឺកូវីដ១៩ ដែលកំពុងរាតត្បាតលើពិភពលោក។

លោក អ៊ុំ រាត្រី បានបញ្ជាក់ថា អំណោយដែលចែកជូនប្រជាពលរដ្ឋនេះ រួមមាន៖ អង្ករ ២០គីឡូក្រាម, មី ១កេស, ត្រីខ ១យួរ, ទឹកស៊ីអ៉ីវ ២ដប, ទឹកត្រី ២ដប, ម៉ាស់ពីរដុំ សាប៊ូ ១ដុំ និងទឹកសុទ្ធមួយយួរ៕