(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២១នេះ រួមជាមួយក្រុមការងារ បានអញ្ជើញចុះពិនិត្យដំណើរការផលិតអុកស៊ីសែន ជំហានសាកល្បង ក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម។
ប្រធានមន្ទីរពេទ្យខេត្តកំពង់ចាម លោកវេជ្ជបណ្ឌិត យិន ស៊ីណាត បានឱ្យដឹងថា ក្នុងដំណើរការផលិតអុកស៊ីសែនសាកល្បងនេះ គឺចាប់ផ្ដើមដំណើរការត្រឹមរយៈពេល ១២ម៉ោងប៉ុណ្ណោះ ពោលគឺចាប់ពីម៉ោង៧ព្រឹក ដល់ម៉ោង៧យប់ ដោយហេតុថា ម៉ាស៊ីនផលិតអុកស៊ីសែននេះមានសំឡេងខ្លាំង ម្យ៉ាងទៀតគឺត្រូវថែទាំម៉ាស៊ីននោះផងដែរ។
លោកវេជ្ជបណ្ឌិត យិន ស៉ីណាត បានបញ្ជាក់ថា ក្រោយពេលបានសាកល្បង ម៉ាស៊ីនផលិតអុកស៊ីសែននេះ អាចមានសមត្ថភាព ផលិតអុកស៊ីសែន បាន១០បំពង់ ក្នុងរយៈពេល ១ម៉ោង។
លោកវេជ្ជបណ្ឌិត បានរំឮកដែរថា ម៉ាស៊ីនសម្រាប់ផលិតអុកស៊ីសែនមួយគ្រឿងនេះ គឺជាជំនួយដ៏ថ្លៃថ្លារបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី ដែលលោកទាំងពីរបានសម្រេចផ្តល់ជំនួយម៉ាស៊ីនសម្រាប់ផលិតអុនស៊ីសែន មួយគ្រឿងនេះដល់ខេត្តកំពង់ចាម បន្ទាប់ពីមានការខ្នះខ្នែងយ៉ាងពេញទំហឹងពីលោក អ៊ុន ចាន់ដា ដើម្បីផ្គត់ផ្គង់ដល់អ្នកជំងឺកូវីដ១៩ កម្រិតធ្ងន់នៃមន្ទីរពេទ្យមេគង្គកំពង់ចាម៕