(កណ្ដាល)៖ លោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១នេះ បានសំណេះសំណាលសួរសុខទុក្ខ និងចែកអង្ករព្រមទាំងក្រណាត់ដល់មន្ត្រីក្រោមឱវាទ របស់ខ្លួនប្រមាណជា៣០០នាក់ ក្នុងពិធីបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ។
នាឱកាសនោះ លោក ម៉ឹង យូឡេង ក៏បានណែនាំដល់មន្ត្រីក្រោមឱវាទទាំងអស់ សូមអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ «៣កុំ និង៣ការពារ» របស់រាជរដ្ឋាភិបាល ឱ្យបានគ្រប់ៗគ្នា ដើម្បីជៀសផុតពីការចម្លងជំងឺកូវីដ១៩។
ប្រធានមន្ទីរបានផ្ដាំផ្ញើដល់មន្ត្រីក្រោមឱវាទ ត្រូវមានការប្រុងប្រយ័ត្នចំពោះការឆ្លងមេរោគកូវីដ១៩ អំឡុងពេលសម្រាកក្នុងពិធីបុណ្យភ្ជុំនេះ ហើយពិសេសត្រូវរៀបចំក្រុមការងារត្រូវតែប្រចាំការនៅទីតាំងរៀនខ្លួនដើម្បីប្រសិទ្ធភាពការងារ ។
លោកបានបន្តថា សម្រាប់អំណោយទាំងនេះ គឺជាទឹកចិត្តបន្តិចបន្តួចដើម្បីចែកជូនដល់មន្ត្រីក្រោមឱវាទ ដ្បិតអង្ករពុំបានច្រើនមែនពិត ប៉ុន្តែនេះជាសក្ខីកម្មឱ្យឃើញអំពីការយកចិត្តទុកដាក់របស់ថ្នាក់លើ មកចំពោះថ្នាក់ក្រោមហើយក៏ជូនពរ ក្នុងរដូវបុណ្យភ្ជុំបិណ្ឌនេះផងដែរ។
ទោះយ៉ាងណាប្រធានមន្ទីររូបនេះ បានផ្ដាំផ្ញើដល់ក្រុមមន្ត្រីក្រោមឱវាទទាំងអស់ ពេលដែលចូលមកធ្វើការវិញក្រោយពេលបុណ្យភ្ជុំបិណ្ឌរួច ត្រូវតាមដានសុខភាពរបស់ខ្លួន បើសិនជាមានអាការៈមិនស្រួលខ្លួនត្រូវរាយការណ៍មកថ្នាក់លើ ហើយពិសេសត្រូវធ្វើការពិនិត្យដោយឧបករណ៍ធ្វើតេស្តដើម្បីឱ្យមានភាពច្បាស់លាស់ ជៀសវាងការចម្លងជំងឺនេះ ទៅដល់មន្ត្រីឯទៀត៕