(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា កំពុងពិនិត្យ និងពិភាក្សាធ្វើវិសោធនកម្មច្បាប់ពាក់ព័ន្ធការធ្វើពាណិជ្ជកម្មចំនួនពីរទៀត គឺច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម និងច្បាប់ស្តីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម។
កិច្ចប្រជុំចង្អៀតជាលើកទី២ ស្តីពីការធ្វើវិសោធនកម្មច្បាប់ទាំងពីរនេះ ត្រូវបានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធវីដេអូ ដឹកនាំដោយលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានការចូលរួមពីរដ្ឋមន្ត្រីពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ រួមជាមួយមន្ត្រីមកពីក្រសួងពាក់ព័ន្ធមួយចំនួនទៀត។
ក្នុងកិច្ចប្រជុំនោះ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ច្បាប់ទាំងនេះពិតជាមានសារៈសំខាន់ និងចាំបាច់ ដើម្បីឱ្យស្របទៅនឹងការអនុវត្តជាក់ស្តែង និងកំណែរទម្រង់ក្នុងការសម្រួលការធ្វើធុរកិច្ចនៅក្នុងប្រទេសកម្ពុជា។ ជាពិសេសការស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិនៃជំងឺកូវីដ-១៩ ដើម្បីបង្កើភាពប្រកួតប្រជែងការធ្វើធុរកិច្ច។
ក្នុងឱកាសនោះលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ដល់ក្រុមការងារក្រសួងពាណិជ្ជ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលបានខិតខំំសម្របសម្រួលការងារដ៏មានសារៈសំខាន់នេះ និងបានណែនាំឱ្យក្រសួងពាណិជ្ជកម្មដាក់ស្នើសេចក្តីព្រាងច្បាប់ទាំងពីរនេះ ទៅក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃទីស្តីការគណៈរដ្ឋមន្ត្រីដើម្បីពិនិត្យ និងកែសម្រួលបន្តជាការប្រញាប់ មុនបន្តនីតិវិធីគោរពស្នើសុំការអនុម័តពីប្រមុខរាជរដ្ឋាភិបាល៕