(ភ្នំពេញ)៖ គិតចាប់ពីថ្ងៃទី១ ខែមករា មកដល់ដំណាច់ខែកញ្ញា ឆ្នាំ២០២១នេះ កងទ័ពមួកខៀវកម្ពុជា ដែលកំពុងតែបំពេញបេសកកម្មមនុស្សធម៌ ក្នុងតំបន់បេសកកម្មក្រៅប្រទេស ក្រោមឆត្រអង្គការសហប្រជាជាតិ មិនមានឆ្លងជំងឺកូវីដ១៩នោះទេ។ នេះបើតាមការអះអាងរបស់ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រង កងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម។
ការអះអាងបែបនេះរបស់នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានធ្វើឡើងនៅក្នុងឱកាសផ្តល់បបទសម្ភាសដល់ក្រុមអ្នកសារពព័ត៌មាន នាពិធីជូនដំណើរកងទ័ពមួកខៀវរបស់ខ្លួនប្រមាណ៣០០នាក់ ក្នុងនោះមាននារី២៦នាក់ ចេញទៅបំពេញបេសកកម្មក្រោមឆ័ត្ររបស់អង្គការសហប្រជាតិ នៅប្រទេសម៉ាលី នៅរសៀលថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១នេះ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ (VIP)។
សម្រាប់កម្លាំងកងទ័ពមួកខៀវ ដែលបញ្ជូនទៅប្តូរវេននោះរួមមាន៖ កងអនុសេនាធំកម្ទេចគ្រាប់មិនទាន់ផ្ទុះ EOD លេខ២៨៨ និងកងអនុសេនាធំវិស្វកម្មថែទាំព្រលានយន្តហោះលេខ៩២៧។ សម្រាប់កងកម្លាំងមួកខៀវ ដែលត្រូវចេញទៅបំពេញបេសកកម្មមនុស្សធម៌ក្រោមឆត្រ របស់ UN គឺជាកងទី៨ ហើយដែលកម្ពុជាបានបញ្ជូនទៅប្រទេសម៉ាលី។
នាយឧត្តមសេនីយ៍ បានអះអាងយ៉ាងដូច្នេះថា៖ «វាល្អមែនទែន ឆ្នាំ២០២១ មកដល់ខែ០៩ អ្នកដែលនៅក្នុងតំបន់បំពេញបេសកកម្មមកដល់ពេលនេះអត់មានឆ្លងជំងឺកូវីដ១៩ ដោយសារទី១៖ យើងម្ចាស់ការបានល្អទប់ស្កាត់ការឆ្លងបានល្អ ទី២៖ បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ គ្រប់ៗគ្នា»។
បើតាម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី, សម្រាប់កងទ័ពប្រមាណ៣០០នាក់ ដែលបានចេញទៅបំពេញបេសកកម្មនៅប្រទេសម៉ាលីនាពេលនេះ គឺពួកគាត់បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ រួចរាល់ហើយ ដោយពួកគេក៏បានចាក់ដល់ដូសទី៣ (ដូសជំរុញ) រួចរាល់ផងដែរ។
បន្ថែមពីនេះ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ក៏បានក្រឿនរំឮកដល់នាយទាហានទាំងអស់ ដែលចេញទៅបំពេញបេសកកម្ម និងកំពុងបំពេញបេសកកម្មមនុស្សធម៌ នៅក្រៅប្រទេសទាំងអស់ សូមថែទាំងសុខភាព អនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ការណែនាំរបស់មន្ត្រីអង្គការសហប្រជាជាតិ នៅក្នុងតំបន់បំពេញបេសកកម្មរបស់ខ្លួន និងតាមការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន និងក្រសួងការពារជាតិ ពីវិធានការការពារ ទប់ស្កាត់ និងបង្ការជំងឺកូវីដ១៩។
គិតចាប់តាំងពីឆ្នាំ២០០៦ រហូតមកដល់ពេលនេះ កម្ពុជាបានបញ្ជូនកងកម្លាំងរក្សាសន្តិភាព ជាង៧ពាន់នាក់ ទៅបំពេញបេសកកម្ម មនុស្សធម៌ ជាមួយអង្គការសហប្រជាជាតិ នៅក្នុងប្រទេសចំនួន៩ រួមមាន៖ ស៊ូដង់ ស៊ូដង់ខាងត្បូង, ឆាដ, លីបង់, ស៊ីរី, ម៉ាលី, អាហ្វ្រិកកណ្តាល សាយប្រឺស និងយ៉េមែនជាដើម។
ដោយឡែកបច្ចុប្បន្ន កម្ពុជាមានកម្លាំងកងទ័ពមួកខៀវជិត ៨០០នាក់ ក្នុងនោះមាននារីជិត៨០នាក់ បាននិងកំពុងបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ នៅប្រទេសលីបង់ ស៊ូដង់ ស៊ូដង់ខាងត្បូង ម៉ាលី និងសាធារណរដ្ឋអាហ្វ្រិកកណ្តាល៕