(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ លោក ពេជ្រ ប៊ុនធិន បានថ្លែងបញ្ជាក់ថា រហូតដល់មកដល់ពេលនេះមានមន្ត្រីរាជការស៊ីវិល ចំនួន១០០ភាគរយហើយ ដែលបើកប្រាក់បៀវត្ស តាមប្រព័ន្ធធនាគារ ចំណែកក្របខណ្ឌនគរបាលជាតិវិញ បានចំនួន៩០ភាគរយហើយ ។ ដោយឡែកសម្រាប់ កងយោធពលខេមរភូមិន្ទ កំពុងអនុវត្តដំណាក់កាលៗ ទៅតាមស្ថានភាពជាក់ស្តែង។
ការថ្លែងបញ្ជាក់របស់លោក ពេជ្រ ប៊ុនធិន ធ្វើឡើងក្នុងឱកាសដែលលោកអញ្ជើញចូលរួមក្នុងពិធីបើកអង្គសន្និបាត បូកសរុបលទ្ធផល ការងារ រយៈពេល២ឆ្នាំកន្លះ និងទិសដៅការងារឆ្នាំ២០១៦ របស់ក្រសួងមុខងារសាធារណនៅសាលាភូមិន្ទរដ្ឋបាល នៅព្រឹកថ្ងៃទី៥ ខែមេសានេះ។
លោក ពេជ្រ ប៊ុនធិន បានលើកឡើងទៀតថា ប្រាក់បៀវត្សមន្ត្រីរាជការស៊ីវិល នគរបាល និងយោធិនបានធ្វើសង្គតិភាពរួចរាល់ហើយ និងប្រាក់បំណាច់មុខងារ ត្រូវបានធ្វើឡើងជាតំណាក់កាលៗ នៅឆ្នាំ២០១៨។ ចំនួនមន្ត្រីរាជការចប់កិច្ចសន្យាត្រូវបានដាក់ឲ្យស្ថិត នៅក្រោមការត្រួតពិនិត្យប្រព័ន្ធព័ត៌មានវិទ្យា ហើយប្រាក់បៀវត្សប្រចាំខែត្រូវបានដំឡើងនឹងបើកតាមប្រព័ន្ធធនាគារផងដែរ។
លោករដ្ឋមន្ត្រីបានលើកឡើងផងដែរថា នៅឆ្នាំ២០១៦នេះប្រាក់បៀវត្សអប្បបរមារបស់មន្ត្រីរាជការ សមាជិកក្រុមប្រឹក្សារាជធានីខេត្ត-ក្រុង ស្រុក-ខណ្ឌ ឃុំ-សង្កាត់ និងទទួលបានរួមមាន៖ វិស័យអប់រំ ៨០០,៥០០រៀល វិស័យសុខាភិបាល ៨០០,៥០០រៀល វិស័យរដ្ឋបាល បច្ចេកទេសនិងកាលទូត ៧០០,៥០០រៀល នគរបាលជាតិ៧៨៤,៧៣០រៀល យោធិន ៧៣០,៧៣៣រៀល ក្រុមប្រឹក្សារាជធានីខេត្ត ៨៧០,០០០រៀល ក្រុមប្រឹក្សា ក្រុង-ស្រុក-ខណ្ឌ ៦៥០,០០០រៀល ក្រុមប្រឹក្សាឃុំ-សង្កាត់ ៤៨០,០០០រៀល មេភូមិ២០០,០០០រៀល អនុប្រធានភូមិ១៦០,០០០រៀល សមាជិកភូមិ១៤០,០០០រៀល និងប្រាក់បៀវត្សប្រចាំខែសម្រាប់មន្ត្រីជាប់កិច្ចសន្យា៤០០,០០០រៀល៕