(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានគូសបញ្ជាក់ថា ការដ្ឋានសាងសង់ផ្លូវជាតិលេខ២ និងលេខ២២ សាងសង់យឺតជាងផែនការប្រមាណ ១៥ភាគរយ។ ក្រសួងបានជំរុញឱ្យក្រុមហ៊ុនបន្ថែមគ្រឿងចក្រក្រោយរដូវវស្សា ដើម្បីសាងសង់ផ្លូវនេះឱ្យរួចរាល់តាមផែនការដែលបានគ្រោងទុក។
ក្នុងសន្និសីទព័ត៌មានស្តីពីវឌ្ឍនភាពនៃការអនុវត្តវិធានការគ្រប់គ្រង ទប់ស្កាត់យានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់នៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១នេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឱ្យដឹងថា បើតាមគម្រោងមកដល់ពេលនេះ ការសាងសង់ផ្លូវត្រូវសម្រេចប្រមាណ ៦០ភាគរយ តែក្រុមហ៊ុនសង់បានត្រឹម ៤៥ភាគរយប៉ុណ្ណោះ។
បើទោះបីជាយ៉ាងណា ក្រសួងកំពុងធ្វើការជាមួយក្រុមហ៊ុន ដោយជំរុញបន្ថែមគ្រឿងចក្រ ដើម្បីសាងសង់ផ្លូវនេះឱ្យចប់ជាស្ថាពរតាមកិច្ចព្រមព្រៀង គឺត្រូវធ្វើឱ្យចប់នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ដូច្នេះ «យើងខិតខំជំរុញឱ្យក្រុមហ៊ុនដាក់គ្រឿងចក្របន្ថែម ពេលចប់រដូវវស្សានេះ ត្រូវតែសម្រុកខិតខំប្រឹងប្រែងធ្វើផ្លូវនេះ ឱ្យបានចប់ទៅតាមកិច្ចព្រមព្រៀង ហើយធ្វើទៅតាមលក្ខណៈបច្ចេកទេស ឱ្យមានគុណភាព។ មិនត្រូវធ្វើផ្លូវនេះឱ្យហើយតាមកិច្ចព្រមព្រៀង ប៉ុន្តែផ្លូវនេះគ្មានគុណភាព យើងមិនអាចទទួលផ្លូវនេះបានទេ»។
សូមបញ្ជាក់ថា ផ្លូវជាតិលេខ២ និងលេខ២២ ត្រូវបានបើកការដ្ឋានស្តារ និងសាងសង់ឡើងវិញ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០។
គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ មានប្រវែងសរុប ៧២.១៧គីឡូម៉ែត្រ។ ក្នុងនោះកំណាត់ផ្លូវជាតិលេខ២ ចាប់ពីរង្វង់មូលតាខ្មៅ ដល់អូរចំបក់ មានប្រវែង ៦២.៥៦គីឡូម៉ែត្រ (ឆ្លងកាត់រាជធានីភ្នំពេញ ប្រវែង ៥.៤គីឡូម៉ែត្រ ខេត្តកណ្តាល ប្រវែង ១៤.២១គីឡូម៉ែត្រ និងខេត្តតាកែវ ប្រវែង ៥២.៥៦គីឡូម៉ែត្រ) និងផ្លូវជាតិ២២ ពីអូរចំបក់ ដល់អង្គតាសោម មានប្រវែង ៩.៦១គីឡូម៉ែត្រ ស្ថិតក្នុងភូមិសាស្រ្ត ខេត្តតាកែវ។
ផ្លូវនេះទទួលបានសិទ្ធិសាងសង់ពីរដ្ឋាភិបាលកូរ៉េខាងត្បូង ដោយក្រុមហ៊ុន Hanshin Engineering & Construction Co., Ltd និងត្រួតពិនិត្យបច្ចេកទេសសាងសង់ដោយសម្ព័ន្ធក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស Dasan Consultants Co., Ltd, Dong Il Engineering Consultants Co., Ltd, និង Seoyoung Engineering Co., Ltd Joint Venture ដោយប្រើរយៈពេលសាងសង់ចំនួន ៣០ខែ គិតចាប់ពីខែតុលា ឆ្នាំ២០១៩ រហូតដល់ខែមេសា ឆ្នាំ២០២២។ ផ្លូវទាំងពីរខ្សែនេះ នឹងសាងសង់ជាប្រភេទផ្លូវបេតុងកៅស៊ូ AC ដោយគ្រោងចំណាយថវិកាសរុបប្រមាណ ៥៦.១លានដុល្លារអាមេរិក ជាហិរញ្ញប្បទានពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា៕