(ភ្នំពេញ)៖ ស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក ស ថេត បានដាក់បទបញ្ជាឲ្យគ្រប់អង្គភាព ត្រូវចូលរួមសហការជាមួយក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សឲ្យបានល្អ ដើម្បីបន្សាបឲ្យបានទាន់ពេលវេលា នៅរាល់ព័ត៌មានមិនពិត ដែលមានលក្ខណ:ញុះញង់បង្កឲ្យមានភាពវឹកវដល់សង្គមជាតិ ក៏ដូចជាក្នុងបំណងអាក្រក់បង្ខូចកិត្តិយសរបស់ថ្នាក់ដឹកនាំ និងអង្គភាព។

បទបញ្ជានេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុំបូកសរុបការងារប្រចាំខែកញ្ញា និងទិសដៅការងារខែតុលា តាមរយ:កិច្ចប្រជុំអនឡាញ Zoom Meeting។ ក្នុងកិច្ចប្រជុំនេះដែរ ក៏មានការចូលរួមពីលោក លោកស្រីស្នងការរង លោកនាយការិយាល័យជំនាញ លោកអធិការនគរបាលខណ្ឌទាំង១៤ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០៥ ផងដែរ។

ជាកិច្ចចាប់ផ្តើមលោកស្នងការរងទទួលផែនសេនាធិការបានអានរបាយការណ៍ និងលទ្ធផលការងារប្រចាំខែកញ្ញា ជូនដល់អង្គប្រជុំ។ ជាមួយនោះដែរក៏មានការចូលរួមមតិយោបល់របស់លោក លោកស្រីស្នងការរង អ្នកនាំពាក្យ លោកនាយការិយាល័យ ទាក់ទងទៅនឹងការអនុវត្តការងារ ដំណោះស្រាយ និងបញ្ហាប្រឈមផ្សេងៗទៀតដែលកើតមានឡើង ក៏ដូចជាទិសដៅបន្តសម្រាប់ខែតុលា។

លោកឧត្តមសេនីយ៍ស្នងការ បានកោតសរសើរដល់ការខិតខំប្រឹងប្រែងអនុវត្តការងារបស់សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ចំណុះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ លោកឧត្តមស្នងការ បានណែនាំដល់ការិយាល័យបង្ការ ពន្លត់អគ្គិភ័យ ឲ្យត្រៀមជាប្រចាំ និងយកចិត្តទុកដាក់ខ្ពស់ក្នុងការត្រៀមជួយពន្លត់អគ្គិភ័យ ជួយសង្គ្រោះប្រជាពលរដ្ឋឱ្យបានល្អ និងទាន់ពេលវេលា។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ស្នងការ បានសរសើរដល់ការខិតខំរបស់មន្ត្រីនៃការិយាល័យពន្លត់អគ្គិភ័យ ដែលបានប្រឹងប្រែងទាំងយប់ថ្ងៃ ដែលប្រឈមគ្រោះថ្នាក់ក្នុងពេលជួយពន្លត់ ចំណែកឯមន្ត្រីនៃការិយាល័យ ចរាចរណ៍ផ្លូវគោក ត្រូវអនុវត្តតាមច្បាប់ប្រើប្រាស់កាយវិការ និងសម្តីឲ្យបានសមរម្យ។

លោកបានបញ្ជាក់បន្ថែមថា ការអនុវត្តច្បាប់ចរាចរណ៍គឺផ្អែកលើច្បាប់ ហើយការផាកពិន័យក៏ផ្អែកលើច្បាប់ដែលបានកំណត់ផងដែរ ការកំណត់តាមច្បាប់ ដើម្បីផាកពិន័យខ្ពស់ឲ្យអ្នកល្មើសរាងចាល ចូលរួមគោរពច្បាប់ ជាពិសេសកាត់បន្ថយការគ្រោះថ្នាក់បាត់បង់ជីវិត ឬរងរបួសធ្ងន់។

ជាកិច្ចបញ្ចប់ស្នងការ បានណែនាំដល់លោក លោកស្រីស្នងការរងទទួលដឹកនាំតាមបណ្តាអធិការខណ្ឌទាំងអស់ ត្រូវរៀបចំកិច្ចប្រជុំជាប្រចាំ ដើម្បីតាមដាន ដោះស្រាយបញ្ហា និងចាត់វិធាន ជូនបងប្អូនប្រជាពលរដ្ឋឱ្យ បានទាន់ពេលវេលា។

ឆ្លៀតនៅក្នុងឱកាសនោះ លោកស្នងការ បានណែនាំដល់គ្រប់អង្គភាព អនុវត្តការងារឲ្យបានល្អ ហាមដាច់ខាតចំពោះសារព័ត៌មានដែលចូលមកថត ឬឡាយ នៅពេលដែលសមត្ថកិច្ចកំពុងតែអនុវត្តការងារជំនាញចាំបាច់ បើប្រាប់មិនស្តាប់ត្រូវតែចាត់វិធានការតាមច្បាប់ ព្រោះការថត ឬឡាយ អាចធ្វើឲ្យបែកការ ហើយជនសង្ស័យបានឃើញ និងគេចខ្លួន ដែលនាំឲ្យសមត្ថកិច្ចពិបាកក្នុងការស្រាវជ្រាវ និងតាមដានដើម្បីតាមឃាត់ខ្លួនជនសង្ស័យ៕