(ពោធិ៍សាត់)៖ នៅព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានចុះជួបសំណេះសំណាល សួរសុខទុក្ខជាលើកចុងក្រោយ និងនាំយកស្បៀងអាហារប្រចាំខែ ដើម្បីជួយទ្រទ្រង់ការរស់នៅ របស់អតីតយុទ្ធជនក្រីក្រ និងពិការភាព ជាង៤០០គ្រួសារ ដែលបានចូលមករស់នៅក្នុងផ្ទះសាងសង់រួច នៅទីតាំងសម្បទានដីសង្គមកិច្ច ស្ថិតក្នុងភូមិ ប៊ុន រ៉ានី សែនជ័យដំណាក់ត្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
ថ្លែងនៅចំពោះមុខអតីតយុទ្ធជនលោក ម៉ៅ ធនិន បានឱ្យដឹងថា ស្បៀងអាហារដែលនាំយកមកប្រគល់ជូនបងប្អូនពុកម៉ែអតីតយុទ្ធជននាពេលនេះ គឺជាការឆ្លើយតប ទៅនឹងការក្រើនរំលឹករបស់សម្តេចទាំងទ្វេរ ដែលសម្តេចបានចាត់ឱ្យលោក និងក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តពោធិ៍សាត់ ត្រូវចុះជាប់ជាប្រចាំ ដើម្បីស្វែងយល់ពីតម្រូវការ សុខទុក្ខ និងរៀបចំលំនៅដ្ឋានជូនពួកគាត់ ឱ្យមានសព្វគ្រប់បែបយ៉ាង ដូចលំនៅដ្ឋានយើងរស់នៅសព្វថ្ងៃ។ ថ្វីត្បិតតែអាណត្តិរបស់ឯកឧត្តម ត្រូវបានបញ្ចប់នៅខេត្តពោធិ៍សាត់ និងត្រូវបន្តដឹកនាំនៅឯខេត្តកំពតក៏ពិតមែន តែលោកសន្យាថានឹងជួយទំនុកបម្រុងស្បៀងជូនបងប្អូនពុកម៉ែយើង រហូតដល់ដំណាច់ឆ្នាំ២០២១នេះ។
ពុកម៉ែបងប្អូនអតីតយុទ្ធជន ពិតជាបានដឹងហើយថា សមិទ្ធិផល ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធនានានៅទីនេះ គឺជាការគិតគូរប្រកបដោយកិត្តិបណ្ឌិតពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងលោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ជូនចំពោះគ្រួសារអតីតយុទ្ធទាំងអស់ ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ ពលីកម្មជូនជាតិមាតុភូមិ រហូតទទួលបានសុខសន្តិភាពមកដល់សព្វថ្ងៃ។
កន្លងមកនេះ បងប្អូនពុកម៉ែបានទទួលវ៉ាក់សាំងកូវីដ១៩ គ្រប់ៗគ្នាហើយ ចំពោះវ៉ាក់សាំងនេះទៀតសោធ គឺជាការគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន ដែលសម្តេចបានខិតខំគ្រប់បែបយ៉ាង ដើម្បីស្វែងរកវ៉ាក់សាំង សម្រាប់ចាក់ជូនប្រជាពលរដ្ឋទូទាំងផ្ទៃប្រទេស ដោយមិនគិតថ្លៃ។
ក្នុងនាមកូនក្មួយបងប្អូនពុកម៉ែអតីតយុទ្ធជន លោកសូមឱ្យបន្តសាមគ្គីភាព សណ្តោសប្រណីគ្នា ស្រលាញ់គ្នាដូចគ្រួសារតែមួយ ចេះជួយប្រាស្រ័យគ្នា និងត្រូវបន្តការអនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាល ក៏ដូចជាវិធានការ «៣កុំ ៣ការពារ» របស់សម្ដេចតេជោ ហ៊ុន សែន។
អតីតយុទ្ធជនម្នាក់ ក្នុងចំណោមអតីតយុទ្ធជនជាច្រើននាក់ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទូទាំងខេត្តពោធិ៍សាត់ ពិតជាមានអារម្មណ៍ក្តុកក្តួល និងរន្ឋត់ចិត្តយ៉ាងខ្លាំងនូវការចាកចេញរបស់លោក ម៉ៅ ធនិន ពីទឹកដីនៃខេត្តពោធិ៍សាត់។ សមិទ្ធិផល និងអ្វីៗគ្រប់បែបយ៉ាង ដែលជាស្នាដៃ និងកេរ្តិ៍ដំណែល ជាពិសេសចារឹកដឹកនាំដ៏ល្អប្រពៃ របស់ឯកឧត្តម បានធ្វើឱ្យពួកគាត់ ក៏ដូចជាប្រជាពលរដ្ឋទូទាំងខេត្ត មានការចងចាំមិនអាចបំភ្លេចបានឡើយ និងកត់ត្រាទុក ក្នុងបេះដូងជារៀងរហូត។
ពួកគេទាំងអស់គ្នា សូមបួងសួងដល់បារមីវត្ថុស័ក្តសិទ្ឋក្នុងលោក ជាពិសេសបារមីលោកឧកញ៉ា ឃ្លាំង មឿង និងជំទាវខាន់ ខៀវ សូមមេត្តាតាមជួយបីបាច់ គ្រប់គ្រង ថែរក្សា ការពារ លោកជាទីគោរពស្រឡាញ់ពេញបេះដូង សូមបានជួបប្រទះតែនឹងសេចក្តីសុខ សេចក្តីចម្រើន និងជោគជ័យលើការដឹកនាំបន្ត នៅឯខេត្តកំពត៕