(ភ្នំពេញ)៖ លោក ឯក ឃុនដឿន អភិបាលខណ្ឌឬស្សីកែវ បានចាត់ឱ្យលោក នុត សាវី ប្រធានសណ្ដាប់ធ្នាប់ខណ្ឌ នាំយករថយន្ដទៅបូមលូ ដែលកកស្ទះដោយសារកកសំណល់សំរាម ដើម្បីរំដោះការលំហូរពីជំនន់ទឹកភ្លៀង ស្ថិតនៅកំណាត់ផ្លូវជាតិលេខ៥ (ផ្លូវភ្លោះ) សង្កាត់គីឡូម៉ែត្រលេខ៦។

ដំណោះស្រាយនេះ ធ្វើឡើង ពេលលោកអភិបាលខណ្ឌ និងលោក ស៊ូ សោគន្ធ អភិបាលរងខណ្ឌ នាំយកអំណោយដ៏ថ្លៃថ្លាបំផុតរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ ប្រជាពលរដ្ឋងាយរងគ្រោះ (មកពីសង្កាត់ទួលសង្កែទី១ និងសង្កាត់ឬស្សីកែវ) ចំនួន៤០គ្រួសារ ស្ថិតនៅវត្តឧត្តរាវត្តី សង្កាត់ឫស្សីកែវ នាថ្ងៃទី១ ខែតុលា ឆ្នាំ២០២១។

លោក ឯក ឃុនដឿន បានលើកឡើងថា ការស្ដាលូនេះ គឺជាការរួមគ្នាបម្រើ និងដោះស្រាយបញ្ហាសេវាតម្រូវការចាំបាច់នៅចំពោះមុខមួយ ក្រៅពីដោះស្រាយបញ្ហាសេវាសំណូមពរ និងសេវាផ្សេងៗទៀត ជូនប្រជាពលរដ្ឋ ដែលជាការឆ្លើយតបតាមការដឹកនាំរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញថា «មន្ត្រីមិនមែនជាចៅហ្វាយនាយទេ ប៉ុន្តែមន្ត្រីជាអ្នកបម្រើប្រជាពលរដ្ឋ ដោយភាពស្មោះត្រង់»

លោក ឯក ឃុនដឿន បានផ្ដាំផ្ញើសាកសួរសុខទុក្ខរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់ប្រជាពលរដ្ឋ និងបានណែនាំឱ្យយកចិត្តទុកដាក់ ក្នុងការផ្លាស់ប្ដូរទំលាប់ធ្វើការងារ និងការរស់តាមបែបគន្លងថ្មី នៃបរិបទកូវីដ១៩។

លោកអភិបាលខណ្ឌ បានដាស់តឿនបន្ថែមទៀត ឱ្យបងប្អូនប្រជាពលរដ្ឋ ដែលទទួលបានការចាក់វ៉ាក់សាំង ដើម្បីបង្ការជំងឺកូវីដ១៩រួចហើយ សូមកុំភ្លេចវិធានការ «៣កុំ ៣ការពារ» ព្រោះកូវីដ១៩ មិនបំភ្លេចយើងទេ ដែលជាសារផ្ដាំផ្ញើយ៉ាងយកចិត្តទុកដាក់បំផុតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពជា។

សូមជម្រាបថា សម្រាប់អំណោយរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលក្រុមការងារកាកបាទក្រហមកម្ពុជា ខណ្ឌឫស្សីកែវ យកមកឧបត្ថម្ភដល់ប្រជាពលរដ្ឋ ងាយរងគ្រោះទាំង៤០គ្រួសារ នាពេលនេះគឺក្នុង១គ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម, មី០១កេស, ត្រីខ០១យួរ, ទឹកស៊ីអ៉ីវ០១យួរ, ម៉ាស, និងថវិកាមួយចំនួន ស្មើៗគ្នា៕