(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសស្វាគមន៍ក្រុមហ៊ុនអាមេរិកមកចូលរួមដេញថ្លៃសាងសង់ផ្លូវនៅក្នុងប្រទេសកម្ពុជា។ បំណងចង់ឃើញក្រុមហ៊ុនអាមេរិកចូលរួមដេញថ្លៃសាងសង់ផ្លូវនៅកម្ពុជានេះ ក៏ត្រូវបានលោកទេសរដ្ឋមន្ត្រី ជម្រាបជូនលោក ផាតទ្រីក មូហ្វី ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំនៅកម្ពុជាផងដែរ។
ក្នុងសន្និសីទព័ត៌មានស្តីពីវឌ្ឍនភាពនៃការអនុវត្តវិធានការគ្រប់គ្រង ទប់ស្កាត់យានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់នៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឆ្លៀតបង្ហាញលទ្ធផលមួយចំនួននៃជំនួបរវាងលោក និងលោកឯកអគ្គរដ្ឋទូតអាមេរិក កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ផងដែរ។
បើតាមលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល នៅក្នុងជំនួបនោះ លោកបានស្នើសុំអាមេរិកផ្តល់នូវសម្ភារៈបច្ចេកទេសដើម្បីត្រួតពិនិត្យផ្លូវ, ស្នើសុំកិច្ចសហប្រតិបត្តិការចែករំលែកបទពិសោធន៍លើការបណ្តុះបណ្តាលជំនាញសាងសង់រវាងវិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន ជាមួយសាកលវិទ្យាល័យល្បីៗរបស់អាមេរិក។ លោកទេសរដ្ឋមន្ត្រី ក៏បានស្នើទូតអាមេរិក ឱ្យណែនាំក្រុមហ៊ុនសាងសង់របស់ខ្លួន ចូលរួមដេញថ្លៃសាងសង់ផ្លូវនៅកម្ពុជាផងដែរ។
សម្រាប់លោកទេសរដ្ឋមន្ត្រី ការស្នើបែបនេះ គឺលោកចង់បង្ហាញអាមេរិកថា រាជរដ្ឋាភិបាលកម្ពុជា មិនដែលរើសអើងចំពោះក្រុមហ៊ុនអាមេរិកមកសាងសង់ផ្លូវនៅកម្ពុជានោះឡើយ។ តែផ្ទុយទៅវិញ គឺអាមេរិកខ្លួនឯងមិនដែលបញ្ជូនក្រុមហ៊ុនមក ហើយបន្ទោសកម្ពុជាថា យកតែក្រុមហ៊ុនប្រទេសនេះ ឬប្រទេសនោះ មិនយកក្រុមហ៊ុនរបស់អាមេរិក។
លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់យ៉ាងដូច្នេះ «ខ្ញុំបានស្នើឱ្យសហរដ្ឋអាមេរិក ណែនាំក្រុមហ៊ុនសាងសង់គាត់ឱ្យចូលរួមដេញថ្លៃ ផ្លូវជាតិលេខ៥ តម្លៃ៥០០លានដុល្លារ ផ្លូវជាតិលេខ៤ តម្លៃជាង ១០០លានដុល្លារអាមេរិក អត់មានក្រុមហ៊ុនអាមេរិកណាមួយសោះមកដេញថ្លៃ។ អត់មានចូលរួមដេញថ្លៃ ក៏ប៉ុន្តែចេះតែលើកឡើងថា កម្ពុជាឱ្យតែក្រុមហ៊ុនប្រទេសផ្សេងៗ ក្រុមហ៊ុនចិន ក្រុមហ៊ុនកូរ៉េមកសាងសង់ផ្លូវ។ មិនមែនទេ ដោយសារគ្មានក្រុមហ៊ុនអាមេរិកមកដេញថ្លៃ»។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអះអាងថា កម្ពុជា មានគម្រោងសាងសង់ផ្លូវច្រើនណាស់ មានតម្លៃថ្លៃៗ តែមិនដែលមានក្រុមហ៊ុនអាមេរិកណាមួយចូលរួមដេញថ្លៃសាងសង់នោះឡើយ។ អាស្រ័យហេតុនេះហើយទើបនៅក្នុងជំនួបជាមួយលោកឯកអគ្គរដ្ឋទូតអាមេរិក លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានស្នើឱ្យលោកឯកអគ្គរដ្ឋទូតណែនាំក្រុមហ៊ុនអាមេរិកចូលរួមដេញថ្លៃសាងសង់ផ្លូវនៅកម្ពុជា៕