(ស្វាយរៀង)៖ ក្រោយពីអភិបាលខេត្តស្វាយរៀង បានអនុញ្ញាតឲ្យវិទ្យាល័យ អនុវិទ្យាល័យមួយចំនួន បើកដំណើរការឲ្យសិស្សចូលរៀនឡើងវិញ ក្រុមការងារគ្រូពេទ្យស័គ្រ្មចិត្ត ហ៊ុន ម៉ានី ដឹកនាំដោយលោកបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្ត និងជាអនុប្រធានប្រតិបត្តិព្រមទាំងក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តហ៊ុន ម៉ានី ចំនួន១៨នាក់ បានចុះអប់រំផ្សព្វផ្សាយអំពីវិធានការការពារ និងទប់ស្កាត់ការរីករាលនៃជំងឺកូវីដ១៩ ជូនដល់សិស្ស វិទ្យាល័យស្វាយជ្រំ នៅក្នុងស្រុកស្វាយជ្រំ ខេត្តស្វាយរៀងជាង១០០០នាក់។

លោកបណ្ឌិត កែរ រដ្ឋា បានថ្លែងប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តស្វាយរៀង ឲ្យថ្ងៃទី១ ខែតុលា ឆ្នាំ២០២១នេះថា បច្ចុប្បន្ននេះប្រជាពលរដ្ឋមួយចំនួនភ្លេចខ្លួន ដែលឃើញជំងឺកូវីដមានការថយចុះ និងបានចាក់វ៉ាក់សាំង គ្រប់ចំនួនផង ពួកគាត់មិនសូវអនុវត្តនូវវិធានការសុខាភិបាលត្រឹមត្រូវដូចមុនទេ ដូច្នេះលោករដ្ឋមន្ត្រី បានស្នើឲ្យគ្រប់មន្ទីរសុខាភិបាលរាជធានី-ខេត្ត បន្តចុះអប់រំផ្សព្វផ្សាយអំពីវិធានការការពារ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ដូចមុន។

លោកបណ្ឌិតបានបន្ថែមថា ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ហ៊ុន ម៉ានី សាខាខេត្តស្វាយរៀង បានធ្វើផែនការដើម្បីចុះអប់រំផ្សព្វផ្សាយអំពីវិធានការការពារ ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ និងណែនាំដល់ប្រជាពលរដ្ឋ ក៏ដូចជា សិស្សានុសិស្ស តាមវិទ្យាល័យ អនុវិទ្យាល័យ និងសាលាបឋមសិក្សា អំពីរបៀបលាងដៃនឹងអាល់កុល ឬសាប៊ូ ជាមួយនឹងការបង្រៀនពាក់ម៉ាស គ្រប់ស្រុកក្រុងក្នុងខេត្តស្វាយរៀង។

លោកបណ្ឌិត កែរ រដ្ឋា សំណូមពរដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្សថា ស្ថិតក្នុងបរិបទជំងឺកូវីដ១៩ កំពុងវាយលុក យើងទាំងអស់គ្នាត្រូវគោរពទៅតាមវិធានការសុខាភិបាល «៣ការពារ និង៣កុំ» និង២ចូលរួម ដើម្បីកុំឲ្យឆ្លងជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ និងគ្រួសារ ព្រមទាំងខ្លួនយើងផ្ទាល់ផង។

សូមបញ្ជាក់ថា ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ហ៊ុន ម៉ានី ក៏បានបង្រៀនសិស្សានុសិស្សពីរបៀបលាងដៃនឹងអាល់កុល ឬសាប៊ូ ជាមួយនឹងការបង្រៀនពាក់ម៉ាស រក្សាគម្លាតពីគ្នាយ៉ាងតិច ១,៥កន្លះ និងត្រូវចេះអនាម័យ ដោយប្រកាន់នូវការហូបចុកស្អាត រស់នៅស្អាត។

ក្នុងឱកាសនេះក្រុមការងារគ្រូពេទ្យស័្មគ្រចិត្ត ហ៊ុន ម៉ានី បាននាំអំណោយរបស់លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស័្មគ្រចិត្ត ហ៊ុន ម៉ានី ជូនវិទ្យាល័យស្វាយជ្រំ នូវអាល់កុល ០១កាន ចំណុះ ៣០លីត្រ និងម៉ាស១០០០ផងដែរ៕